គ្រឹះស្ថានសិក្សា​ឯកជន បានបើកដំណើរការឡើងវិញ នៅថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបិទរាប់សប្តាហ៍មកហើយដោយសារតែការផ្ទុះឡើងនៃជណងឺ​កូវីដ​១៩ នាចុងឆ្នាំមុន។

ការឆ្លង​​រាលដាល​ចូល​ដល់​សហគមន៍​នៃ​ជំងឺ​កូវីដ​១៩ ឬ​ដែល​រដ្ឋាភិបាល​​ហៅ​ថាជា «ព្រឹត្តិការណ៍​​សហគមន៍​ ២៨ វិច្ឆិកា» បាន​បណ្តាល​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា ផ្អាក​ដំណើរការ​សាលារៀន​មួយរយៈ ដើម្បី​ការពារ​សុវត្ថិភាព​របស់​សិស្សានុសិស្ស ។ សិស្ស​-និស្សិត​ទាំងអស់​ត្រូវ​បន្ត​ការសិក្សា​ពី​ចម្ងាយ តាមប្រព័ន្ធ​អេឡិចត្រូនិច ឬ​ប្រព័ន្ធ​អនឡាញ។

សិស្ សកួច ករុណា រៀនថ្នាក់ទី ១១ បានលើកឡើងថា រៀននៅសាលាល្អជាងរៀនតាមអនឡាញ ព្រោះរៀនតាមអនឡាញ មិនសូវមានពេលសួរនាំគ្រូដូចរៀននៅសាលា ហើយអ៊ីនធើណែតក៏ដាច់ៗមិនសូវច្បាស់។

ចំណែកសិស្សដាវុធ សុវណ្ណារី រៀនថ្នាក់ទី១២​ បាននិយាយដូច្នេះថា៖ «មករៀននៅសាលាល្អជាង ព្រោះបានជួបមិត្តភ័ក្រ្ត និងរៀនពីលោកគ្រូអ្នកគ្រូបានច្បាស់លាស់ជាងតាមអនឡាញ»។

សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹងបើកបវេសនកាលឡើងវិញនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមក្រសួងអប់រំយុវជន និងកីឡា ដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថាថ្វីត្បិតតែឲ្យបើកដំណើរការក៏ពិតម៉ែន ប៉ុន្តែសាលាត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។​

ចំពោះការប្រើវិធីសាស្ត្រណា ដើម្បីតាមដានការអនុវត្តតាមគោលការណ៍យ៉ាងណានោះ លោកមិនបានឆ្លើយតប​នឹងសំណួររបស់ Newsroom Cambodia នោះទេ។​​

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកឆ្លងកូវីដ ១៩ បានកើនឡើងដល់ទៅ ១៤នាក់ ហើយរដ្ឋាភិបាល បានអោយបិទស្ថាប័ន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធ៕