លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិប្រកាសលើកពេលធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី២ ខែមករា ទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសារក្រុមហ៊ុនហោះហើរពន្យារពេល។
យោងតាមសេចក្ដីប្រកាសរបស់អតីតគណបក្សសង្គ្រោះជាតិចេញកាលពីថ្ងៃទី០២ មករា ឆ្នាំ២០២១ បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Eva Airway ដែលលោកស្រី មូរ សុខហួរ គ្រោងជិះត្រូវផ្អាកការហោះហើរជាបណ្ដោះអាសន្នដោយសារបញ្ហាជម្ងឺកូវីដ-១៩។
សេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ថា លោកស្រី មូរ សុខហួរ និងគណៈប្រតិភូអមដំណើរនឹងមកដល់ប្រលានយន្ដហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៥ និង៣៥នាទីល្ងាច តាមជើងយន្តហោះSQ5008។
តាមរយៈការ Live ក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទកន្លងទៅ លោកស្រី មូរ សុខហួរ បាននិយាយថា សូមកុំឲ្យប្រជាពលរដ្ឋដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់កុំមានការយល់ច្រឡំអំពីការពន្យារពេលត្រលប់ចូលប្រទេសរបស់លោកស្រី។
លោកស្រីបន្ថែមថា៖ «ខ្ញុំត្រូវត្រឡប់ទៅវិញ ទៅចូលរួមសុខរួមទុក្ខក្នុងពន្ធនាគារក្ដីក្រៅពន្ធនាគារក្ដីជាមួយបងប្អូនប្រជាពលរដ្ឋជាសកម្មជនយើងខ្ញុំ សកម្មជនយើងទាំងអស់គ្នាហ្នឹងពីព្រោះពាក់កណ្ដាលនគរមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលពុំមានវិធានការអ្វីចំពោះគម្រោងមាតុភូមិនិវត្តន៍របស់អ្នកដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះទេ។
លោកលើកឡើងថា៖ «រដ្ឋាភិបាលគឺអត់មានជាប់ពាក់ព័ន្ធនឹងសាច់រឿងហ្នឹងទេ រឿងមាតុភូមិនិវត្តន៍ហ្នឹងគឺគាត់ខ្លួនឯងមានកាតព្វកិច្ចឆ្លើយតបចំពោះតុលាការ។ ចំពោះរដ្ឋាភិបាលយើងមិនសូវយកចិត្តទុកដាក់ទេ រឿងទាំងអស់ហ្នឹងវាជាកាតព្វកិច្ចរបស់អ្នកទាំងអស់នោះទេ។»
លោកបន្តថា៖ «យើងអត់មានវិធានការអីចាត់ចែងទេ ពីព្រោះរឿងក្រុមហ្នឹងច្រើនភរពីរ បីដងហើយ។»
គួរបញ្ជាក់ផងដែរថា នេះជាលើកទីពីហើយដែលអ្នកដឹកនាំអតីតគណបក្សសង្គ្រោះជាតិពន្យាការធ្វើដំណើរមាតុភូមិនិវត្តន៍របស់ខ្លួន៕