លោកស្រី ​មូរ សុខហួរ​ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិប្រកាស​លើកពេល​​ធ្វើ​មាតុភូមិ​និវត្តន៍​​នៅ​ថ្ងៃទី​២ ខែ​មករា ទៅ​​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ២០២១ ដោយសារ​ក្រុមហ៊ុន​ហោះហើរ​ពន្យារពេល​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​អតីតគណបក្ស​សង្គ្រោះជាតិចេញកាល​ពី​ថ្ងៃទី​០២​ មករា ឆ្នាំ​២០២១​​ បញ្ជាក់ថា ​​ក្រុមហ៊ុនអាកាស​ចរណ៍ Eva Airway ដែលលោកស្រី មូរ សុខហួរ គ្រោង​ជិះ​​​ត្រូវ​ផ្អាកការហោះហើរជា​បណ្ដោះអាសន្ន​ដោយសារ​​បញ្ហា​ជម្ងឺ​កូវីដ-១៩​។

សេចក្ដីប្រកាសដដែលនេះ​​​​បានបញ្ជាក់​ថា​ លោកស្រី មូរ សុខហួរ និង​គណៈ​ប្រតិភូអម​ដំណើរ​នឹង​​មក​ដល់​ប្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី១៥ ខែ​មករា ​ឆ្នាំ២០២១​​ នៅ​វេលា​ម៉ោង​៥ និង៣៥នាទីល្ងាច តាមជើងយន្តហោះSQ5008។

តាមរយៈការ Live ក្នុងបណ្ដាញសង្គម​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃចន្ទកន្លងទៅ លោកស្រី មូរ សុខហួរ បាននិយាយថា សូម​​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​​កុំ​មាន​ការយល់​ច្រឡំ​អំពី​ការពន្យារ​ពេល​ត្រលប់​ចូល​ប្រទេស​របស់​លោកស្រី។

លោកស្រីបន្ថែមថា៖ «ខ្ញុំត្រូវត្រឡប់​ទៅ​វិញ​ ទៅ​ចូល​រួម​សុខ​រួម​ទុក្ខ​ក្នុង​ពន្ធ​នាគារ​ក្ដី​ក្រៅ​ពន្ធ​នាគារ​​ក្ដី​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​សកម្ម​ជន​យើង​ខ្ញុំ សកម្ម​ជន​យើង​ទាំងអស់​គ្នា​ហ្នឹង​ពី​ព្រោះ​​ពាក់​កណ្ដាល​នគរ​មក​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​»។​

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​ពុំ​មាន​វិធានការ​អ្វី​ចំពោះគម្រោងមាតុភូមិនិវត្តន៍​របស់អ្នក​ដឹកនាំ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​នោះ​ទេ។

លោកលើកឡើងថា៖ «រដ្ឋាភិបាល​គឺ​អត់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សាច់​រឿង​ហ្នឹង​ទេ រឿង​មាតុភូមិ​និវត្តន៍​ហ្នឹង​គឺ​គាត់ខ្លួនឯងមានកាតព្វកិច្ច​ឆ្លើយតប​ចំពោះតុលាការ។ ចំពោះរដ្ឋាភិបាល​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ​ រឿង​ទាំងអស់​ហ្នឹង​វាជា​កាតព្វកិច្ចរបស់​អ្នកទាំងអស់​នោះទេ។»

លោក​បន្តថា៖ «យើង​អត់​មាន​វិធានការ​អីចាត់ចែង​ទេ ពីព្រោះរឿង​ក្រុម​ហ្នឹង​ច្រើន​ភរពីរ​ បី​ដង​ហើយ​។»

គួរបញ្ជាក់ផង​ដែរ​ថា ​នេះជាលើកទីពីហើយដែលអ្នកដឹកនាំអតីតគណបក្សសង្គ្រោះជាតិ​ពន្យា​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់ខ្លួន៕​