នារីវ័យ២៨ឆ្នាំម្នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានចែករំលែកបទពិសោធន៍អំពីរោគសញ្ញា ការព្យាបាល និងការគ្រប់គ្រងសតិអារម្មណ៍ បន្ទាប់ពីបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ។
វីនណា ជាឈ្មោះដែលអ្នកសរសេរព័ត៌មានបានដាក់ឲ្យដើម្បីគោរពសិទ្ធិបុគ្គល និងចៀសវាងការបង្ហាញឈ្មោះរបស់អ្នកជំងឺជាសាធារណៈ។ កញ្ញា វីនណា មានអាយុ២៨ឆ្នាំ ជាបុគ្គលិកនៅហាងមួយក្នុងរាជធានីភ្នំពេញ។ ជារៀងរាល់ថ្ងៃ វីនណា តែងតែពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូក្នុងអំឡុងពេលធ្វើការ ឬក៏កាន់វត្ថុអ្វីមួយ។ ប៉ុន្តែកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញាបានឆ្លងជំងឺកូវីដ១៩ដោយអចេតនាពីមិត្តភកិ្តរបស់នាង។ ក្រោយមកញ្ញាបានសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ អស់រយៈពេល៣សប្តាហ៍ ។
វីនណា បានរៀបរាប់ប្រាប់ Newsroom Cambodia កាលពីសប្ដាហ៍មុន អំពីការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃ និងរោគសញ្ញាដំបូងដែលនាងបានកត់សម្គាល់ គឺការឡើងកម្ដៅ ស្ងួតក ក្អកតិចៗ រាគ និងចុករោយពេញតួខ្លួន។
នៅថ្ងៃដំបូង វីនណា មានអាការៈដូចជា ឈឺក និងរាគតិចតួច។ នៅពេលនោះអាកាសធាតុបានចុះត្រជាក់បន្តិច ហើយកញ្ញាមិនមានការសង្ស័យអ្វីនោះទេ ដោយគិតថាប្រហែលជាដោយសារបរិភោគអាហារខុស និងគេងមិនបានគ្រប់គ្រាន់។ មួយវិញទៀត វីនណា មានសុខភាពមិនសូវល្អស្រាប់ផង ជាហេតុធ្វើឲ្យកញ្ញាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាទាំងនោះ។
«ខ្ញុំគិតថាមកពីញុំាអីខុសបានជារាគ ហើយពេលឈឺក និងស្ងួតក គិតថាប្រហែលជាគ្រុន។ ណាមួយអាកាសធាតុប្រែប្រួលផង សុខភាពទ្រុឌទ្រោមស្រាប់ ហើយប៉ុន្មានថ្ងៃនឹងគេងអត់សូវបានគ្រប់គ្រាន់ទៀត ក៏មិនបានចាប់អារម្មណ៍ តែព្យាយាមញុំាទឹកឲ្យបានច្រើន»។
ថ្ងៃទី២ វីនណា ចាប់ផ្ដើមឈឺក្បាល និងរោយស្មារហូតដល់ពេញតួខ្លួន។ កញ្ញាក៏បានគិតថាប្រហែលជាផ្ដាសាយ ហើយព្យាយាមនៅឆ្ងាយពីគេ និងពាក់ម៉ាស។ បន្ទាប់មកនៅថ្ងៃទី៣ កញ្ញានៅតែបន្តអាការៈចុករោយដដែល ហើយបន្ថែមអាការៈមួយទៀត គឺឆាប់ហត់ និងកម្ដៅខ្លួនមានការឡើងចុះ រហូតដល់៣៧.១អង្សា។
នៅថ្ងៃដដែលនោះ វីនណា ក៏ទទួលបានដំណឹងពីមិត្តភក្តិអំពីលទ្ធផលតេស្តកូវីដ១៩ ថាវិជ្ជមាន។ កញ្ញាចាប់ផ្តើមមានការសង្ស័យកាន់តែខ្ពស់ ហើយក៏បន្តនៅដាច់ដោយឡែកពីគេ។ នៅយប់ថ្ងៃទី៣ ក្រសួងសុខាភិបាលបានឲ្យកញ្ញាធ្វើចត្តាឡីស័កនៅកន្លែងមួយ ហើយក្នុងយប់នោះដែរ កញ្ញាមានអាការៈចុករោយពីផ្នែកខាងលើរហូតដល់ក្រោម និងគ្រុនក្តៅ ដែលធ្វើឲ្យកញ្ញាមានអារម្មណ៍ថាភ្នែកក៏ចាប់ផ្តើមឡើងក្រហម។
«ខ្ញុំអត់បានលេបថ្នាំទេនៅយប់នោះ ព្រោះចង់ឲ្យស្អែកតេស្តទទួលបានលទ្ធផលច្បាស់ តែខ្ញុំព្យាយាមផឹកទឹកឲ្យបានច្រើន និយាយទៅងើបផឹកទឹកជាប់រហូត»។
បន្ទាប់ពីយកសំណាកទៅធ្វើតេស្តនៅពេលព្រឹករួចរាល់ហើយ នៅពេលរសៀលកញ្ញាទទួលបានដំណឹងពីក្រសួងសុខាភិបាលអំពីលទ្ធផលថាមានវិជ្ជមានកូវីដ១៩។ ក្រុមគ្រូពេទ្យបានព្យាយាមប្រាប់ វីនណា កុំឲ្យតក់ស្លុត និងទុករយៈពេល២០នាទីសម្រាប់រៀបចំខ្លួន ដើម្បីក្រុមគ្រូពេទ្យទទួលទៅសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅព្រឹកថ្ងៃទី៥ វីនណា ទទួលបានថ្នាំមួយចំនួន ដែលត្រូវលេបពីរដងក្នុង១ថ្ងៃ។ ក្នុងថ្ងៃដដែលនោះ កញ្ញាបានថតសួត វាស់ចង្វាក់បេះដូង និងបូមឈាម។ នៅពេលយប់ វីនណា ឡើងកម្ដៅយ៉ាងខ្លាំង រហូតដល់អ្នកនៅបន្ទប់ជាមួយ វីនណា ស្រែកហៅតែមិនឮ។
«ខ្ញុំញុំាថ្នាំហើយគេងលក់ កម្ដៅវាឡើងមកអត់ដឹងខ្លួន អ្នកជាប់គ្រែគាត់ខំហៅដែរតែមិនឮ។ ពេលដឹងខ្លួន គាត់បានព្យាយាមស្វះស្វែងតេទៅពេទ្យ»។
គ្រូពេទ្យបានប្រាប់ឲ្យលេបថ្នាំប៉ារ៉ា និងជ្រលក់កន្សែងជាមួយទឹកសម្រាប់ជូតខ្លួន ដើម្បីឲ្យកម្ដៅថយចុះ ក្រោយមកបន្តិចកម្ដៅក៏បានថយចុះ។
វីនណា ក៏បានរៀបរាប់បន្តថា ក្នុងរយៈពេល៤ ទៅ៥ថ្ងៃក្នុងមន្ទីរពេទ្យ កញ្ញាតែងតែរាគ ក្អួត និង ធុញទ្រាន់នឹងអាហារ។ មូលហេតុដែលបណ្ដាលឲ្យកញ្ញាក្អួត និងបរិភោគអាហារមិនសូវបាន ដោយសារតែការលេបថ្នាំទាំងគ្រាប់។ ក្រោយមកកញ្ញាបានផ្លាស់ប្ដូរមកជាការកិនឲ្យម៉ត់វិញ តែការបរិភោគអាហារនៅតែមិនសូវបានច្រើនដដែល។
«ខ្ញុំញុំាបាយមិនសូវបានរហូតដល់ ៤ថ្ងៃ ប៉ុន្តែខ្ញុំក៏ព្យាយាមញុំាផ្លែឈើ និងស៊ុបខាងអ្នកផ្ទះបានផ្ញើមក»។
វីនណា ក៏បានប្រាប់បន្ថែមពីសកម្មភាពប្រចាំថ្ងៃ និងអគារនៅក្នុងមន្ទីរពេទ្យដែលបានស្នាក់នៅអស់រយៈពេល៣សប្ដាហ៍ថា ពេលក្រោកពីគេង កញ្ញាតែងតែញុំាទឹកក្ដៅ១ ទៅ២កែវ និង ហាត់ប្រាណ៣០នាទី ទៅ១ម៉ោងជារៀងរាល់ថ្ងៃ។ បន្ទាប់ពីហាត់ប្រាណរួច កញ្ញាបានញុំាទឹកម្ដងទៀត ហើយដាំទឹកក្ដៅសម្រាប់មុជ និងទុកញុំា។ ពេលខ្លះកញ្ញាបានចេញទៅរានហាល ឈរហាលថ្ងៃរយៈពេល១០ ទៅ១៥នាទី។
បន្ទាប់ពីបរិភោគអាហារពេលព្រឹកហើយ ត្រូវញុំាំថ្នាំ៣ ទៅ៥គ្រាប់ ចំនួន២ដងក្នុង១ថ្ងៃ។ វីនណា បានបន្ថែមថា កញ្ញាបរិភោគអាហារមិនសូវបានច្រើនទេ ប៉ុន្តែព្យាយាមខំញ៉ាំតិចៗតែច្រើនដង ដើម្បីរក្សាកម្លាំងជាប្រចាំ។ ពេលដែលមានពន្លឺថ្ងៃ កញ្ញាតែងតែយកខ្នើយ និងភួយមកហាល ហើយនៅចន្លោះ២ ទៅ៣ថ្ងៃម្ដង បានរុញគ្រែគេងឲ្យត្រូវថ្ងៃក្ដៅ។
នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺកូវីដ១៩ ត្រូវបានដាក់ក្នុងអគារដាច់ដោយឡែក ហើយក្នុងអគារមានរានហាលខាងក្រៅសម្រាប់ឲ្យអ្នកជំងឺស្រូបយកខ្យល់អាកាស និងហាត់ប្រាណ។ បន្ទប់របស់ក្រុមគ្រូពេទ្យនៅអគារជាមួយអ្នកជំងឺ។ គ្រូពេទ្យប្រចាំការក្នុងបន្ទប់នោះជានិច្ច និងមានទូរស័ព្ទសម្រាប់ទុកទំនាក់ទំនងនៅពេលដែលមានតម្រូវការណាមួយ។
បន្ទប់អ្នកជំងឺមានគ្រែបី កង្ហារ ម៉ាស៊ីនត្រជាក់ និងមានបន្ទប់ទឹកមួយ។ បន្ទប់អ្នកជំងឺមានទ្វារ និងបង្អួច ដែលអាចឲ្យពន្លឺ និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។ ក្នុងមួយបន្ទប់អាចស្នាក់នៅ២ ទៅ៣នាក់ ដែលពួកគាត់មកពីកន្លែងតែមួយ។ ប្រសិនបើអ្នកជម្ងឺឆ្លងលក្ខណៈគ្រួសារ ពួកគាត់តម្រូវស្នាក់នៅក្នុងបន្ទប់តែមួយ។
ក្រោយមក វីនណា មានអាការៈធូរស្បើយច្រើន ក្រុមគ្រូពេទ្យបានផ្លាស់ប្តូរទៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ដែលមានទីតាំងក្រោយវិទ្យាល័យព្រះយុគន្ធ ដែលជាទូទៅ
អ្នកជំងឺដែលមានអាការៈធូរស្បើយ ត្រូវបានផ្លាស់មកអគារមួយដាច់ដោយឡែកនៅទីនោះ។ អគាររុំព័ទ្ធរបងជុំវិញ ដែលមានបន្ទប់៣សម្រាប់អ្នកជំងឺដែលផ្លាស់ប្ដូរពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក្នុងមួយបន្ទប់មាន៦គ្រែ។ គ្រែអ្នកជម្ងឺនីមួយៗ មានខណ្ឌកញ្ចក់ដាច់ៗពីគ្នា និងមានកង្ហារ ម៉ាស៊ីនត្រជាក់ ដូចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ។
ក្នុងមួយថ្ងៃ គ្រូពេទ្យចូលមកដើម្បីតាមដានសុខភាព ដូចជាវាស់កម្ដៅ វាស់ចង្វាក់បេះដូង វាស់សម្ពាធឈាម ហើយផ្តល់ថ្នាំ ផ្តល់ម្ហូបអាហារ និងសម្អាតអនាម័យ។ រំលងពីរថ្ងៃម្ដង ក្រុមគ្រូពេទ្យតែងតែមកយកសំណាកអ្នកជំងឺទៅធ្វើតេស្ត។
សាច់ញាតិអ្នកជំងឺមិនអាចចូលមកសួរសុខទុក្ខបានទេ តែអាចផ្ញើជាម្ហូបអាហារ និងផ្លែឈើនៅខាងក្រោមអគារដែលមានតុមួយសម្រាប់ដាក់អីវ៉ាន់ផ្ញើ។ ការផ្ញើអីវ៉ាន់មាន២វេន មុនម៉ោង១១ព្រឹក និងមុនម៉ោង៤ល្ងាច ហើយនៅថ្ងៃអាទិត្យមានតែ១វេនទេ។ នៅពេលដែលគ្រូពេទ្យយកម្ហូបអាហារមកបន្ទប់អ្នកជំងឺ ពួកគាត់នឹងជួយយកអីវ៉ាន់ដែលសាច់ញាតិអ្នកជំងឺផ្ញើមកឲ្យអ្នកជំងឺផ្ទាល់។
ក្រោយពេលដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានពីរដងជាប់គ្នា ទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយក៏នៅបន្តតាមដានសុខភាព និងធ្វើចត្តាឡីស័ក ២សប្តាហ៍បន្តទៀត។
វីនណា បានរៀបរាប់ពីការគ្រប់គ្រងសតិអារម្មណ៍ និងការបញ្ហាប្រឈមមុខថា នៅពេលទទួលបានលទ្ធផលវិជ្ជមាន កញ្ញាព្យាយាមគ្រប់គ្រងអារម្មណ៍កុំឲ្យភ័យខ្លាច និងគិតថាជំងឺកូវីដ១៩អាចព្យាបាលជាសះស្បើយ។ តែអ្វីដែលកញ្ញាបារម្ភបំផុតនោះ គឺខ្លាចចម្លងវីរុសកូវីដដោយអចេតនាដល់នរណាម្នាក់ និងជាពិសេសខ្លាចចម្លងដល់ក្រុមគ្រួសារ។ សំណាងល្អ មិនមាននរណាម្នាក់បានឆ្លងពី វីនណា ឡើយ ដែលធ្វើឲ្យកញ្ញាមានអារម្មណ៍សប្បាយចិត្តបន្តិច។
កញ្ញាតែងតែព្យាយាមនិយាយលេងជាមួយអ្នកជំងឺដូចគ្នា និងព្យាយាមកុំគិតច្រើន។ ប៉ុន្តែអ្វីដែលធ្វើឲ្យកញ្ញាប្រឈមមុខនោះ គឺការរើសអើង។ អ្នកផ្ទះជិតខាងមានការរើសអើងលើគ្រួសាររបស់កញ្ញា មិនឲ្យបើកទ្វារផ្ទះ និងដើរវាងផ្លូវពីមុខផ្ទះ។ ទោះបីគ្រួសាររបស់កញ្ញាទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានធ្វើចត្តាឡីស័ក ១៤ថ្ងៃរួចហើយក្តី។
មួយវិញទៀត នៅពេលដែលកញ្ញាបានចាកចេញពីមន្ទីរពេទ្យ និងធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមនៅផ្ទះ តែអ្នកភូមិបានប្រាប់គ្រួសាររបស់ វីនណា មិនឲ្យកញ្ញាចូលផ្ទះនោះទេ។
«ខ្ញុំមានអារម្មណ៍ថាតូចចិត្តដែរ សូម្បីតែផ្ទះខ្លួនឯងក៏ចូលអត់បាន ទាំងដែលខ្ញុំចូលទៅត្រូវឃុំខ្លួនឯងទេ។ ខ្ញុំពិបាកនឹងទទួលយកណាស់ ដោយសារអី ខ្ញុំមានក្រដាសពេទ្យបញ្ជាក់ថាជាហើយ តែនៅមានការរើសអើងជាមួយខ្ញុំខ្លាំង»។
កញ្ញាបានសំណូមពរថា៖ «ខ្ញុំចង់ឲ្យពួកគាត់បែងចែកឲ្យច្បាស់ពីការការពារ និងការរើសអើង។ ការការពារមានលក្ខណៈផ្សេង ហើយការរើសអើងដូចខ្ញុំរៀបរាប់ខាងលើចឹង បានន័យថាខ្ញុំជាហើយ តែគាត់មិនឲ្យខ្ញុំទៅផ្ទះទេ បើខ្ញុំទៅផ្ទះនឹងប៉ះពាល់អ្នកផ្ទះរបស់ខ្ញុំ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន បានប្រាប់ Newsroom Cambodia កាលពីសប្ដាហ៍មុនថា ក្រោយពេលអ្នកជំងឺទទួលបានលទ្ធផលតេស្តអវិជ្ជមានពីរដងជាប់គ្នា ក្រុមគ្រូពេទ្យបានណែនាំអ្នកជំងឺឲ្យនៅបន្តតាមដានសុខភាព និងធ្វើចត្តាឡីស័ក២សប្តាហ៍បន្ថែមទៀត។ បន្ទាប់ពីធ្វើចត្តាឡីស័ករក្នុងរយៈពេលពីរសប្តាហ៍រួចហើយ អ្នកជំងឺត្រូវធ្វើតេស្តម្តងទៀត ដើម្បីឱ្យប្រាកដថាលែងមានជំងឺកូវីដ១៩។
អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា៖ «បញ្ហារើសអើង ក្រសួងកំពុងតែធ្វើការអប់រំទៅដល់បងប្អូនយើង។ រឿងគាត់ចូលផ្ទះ ចូលបាន តែត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃទៀត ហើយក្រុមគ្រូពេទ្យគាត់នៅបន្តតាមដានសុខភាព»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះក៏បានបញ្ជាក់ថា ករណីអ្នកជំងឺឆ្លងជំងឺកូវីដ១៩ឡើងវិញ (លាប់) ក្រសួងសុខាភិបាលមិនអាចប៉ាន់ប្រមាណដឹងទេ។ ការពន្យល់របស់អង្គការសុខភាពពិភពលោក (WHO) សម្រាប់ករណីអ្នកជំងឺឆ្លងវីរុសកូវីដឡើងវិញ (លាប់) មានភាគរយតិចតួចណាស់ ហើយពេលខ្លះស្ទើរតែមិនកើតមានផង។ តែអ្នកជំងឺ និងប្រជាជនខ្មែរនៅតែត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួន ហើយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕