នារី​វ័យ​២៨ឆ្នាំម្នាក់ ដែល​បាន​ឆ្លងជំងឺ​កូវីដ​១៩​ក្នុងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា បាន​ចែក​រំលែក​បទពិសោធន៍អំពីរោគសញ្ញា ការព្យាបាល និងការគ្រប់គ្រងសតិអារម្មណ៍​ បន្ទាប់​ពី​បាន​​ព្យាបាល​ជាសះស្បើយ និង​ចេញពីមន្ទីរពេទ្យ។​

វីនណា ជាឈ្មោះ​ដែលអ្នកសរសេរព័ត៌មានបានដាក់ឲ្យ​ដើម្បីគោរពសិទ្ធិបុគ្គល និង​ចៀសវាង​ការបង្ហាញ​ឈ្មោះរបស់អ្នកជំងឺជាសាធារណៈ។ កញ្ញា​ វីនណា មានអាយុ​២៨ឆ្នាំ ជា​បុគ្គលិក​នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ជារៀងរាល់ថ្ងៃ វីនណា តែងតែពាក់ម៉ាស និង​លាង​សម្អាត​​ដៃ​ជាមួយ​​សាប៊ូ​ក្នុង​អំឡុង​ពេល​ធ្វើការ ឬ​ក៏​កាន់​វត្ថុ​អ្វី​មួយ។ ប៉ុន្តែកាលពី​ចុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​កញ្ញា​​​បាន​ឆ្លង​ជំងឺកូវីដ​១៩ដោយអចេតនាពីមិត្តភកិ្តរបស់នាង​។ ក្រោយមក​​ញ្ញា​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩នៅមន្ទីរពេទ្យ អស់រយៈពេល​៣​សប្តាហ៍ ។

វីនណា បានរៀបរាប់ប្រាប់ Newsroom Cambodia កាលពីសប្ដាហ៍មុន អំពី​ការវិវត្ត​ជំងឺ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និងរោគសញ្ញាដំបូងដែល​នាង​បានកត់​សម្គាល់ គឺការឡើងកម្ដៅ ស្ងួតក ក្អក​តិចៗ រាគ និង​ចុករោយពេញតួខ្លួន។

នៅថ្ងៃដំបូង វីនណា មានអាការៈដូចជា ឈឺក និងរាគតិចតួច។ នៅពេលនោះ​អាកាស​ធាតុ​បាន​ចុះត្រជាក់​បន្តិច ហើយ​កញ្ញា​​​មិនមាន​ការសង្ស័យអ្វី​នោះ​ទេ ដោយគិតថា​ប្រហែល​ជា​​ដោយសារ​បរិភោគ​អាហារ​​ខុស និងគេងមិន​បានគ្រប់គ្រាន់។ មួយវិញទៀត វីនណា ​មាន​សុខភាព​មិន​សូវ​ល្អ​ស្រាប់​ផង ជាហេតុធ្វើឲ្យ​កញ្ញា​មិន​បាន​ចាប់​អារម្មណ៍​នឹង​រោគសញ្ញា​​ទាំងនោះ​។

«ខ្ញុំគិតថាមកពីញុំាអីខុសបានជារាគ ហើយពេលឈឺក និងស្ងួតក គិតថាប្រហែលជាគ្រុន។ ណា​មួយ​​អាកាសធាតុប្រែប្រួលផង សុខភាពទ្រុឌទ្រោមស្រាប់ ហើយ​ប៉ុន្មាន​ថ្ងៃនឹង​គេង​អត់​សូវ​បាន​គ្រប់គ្រាន់​ទៀត ក៏​មិនបានចាប់អារម្មណ៍ តែព្យាយាមញុំាទឹកឲ្យបានច្រើន»។

ថ្ងៃទី​២ វីនណា ចាប់ផ្ដើមឈឺក្បាល និងរោយស្មារហូតដល់ពេញតួខ្លួន។ កញ្ញា​ក៏បាន​គិតថា​ប្រហែល​ជា​ផ្ដាសាយ ហើយ​ព្យាយាម​នៅ​ឆ្ងាយពីគេ និងពាក់ម៉ាស។ បន្ទាប់មកនៅថ្ងៃទី​៣ កញ្ញា​នៅតែបន្តអាការៈចុករោយដដែល ហើយបន្ថែមអាការៈមួយទៀត គឺឆាប់ហត់ និង​កម្ដៅខ្លួន​មាន​ការឡើងចុះ រហូតដល់​៣៧.១​អង្សា​។

នៅថ្ងៃដដែលនោះ វីនណា ក៏ទទួលបានដំណឹងពីមិត្តភក្តិអំពីលទ្ធផលតេស្តកូវីដ១៩ ថា​វិជ្ជមាន។ កញ្ញាចាប់ផ្តើមមានការសង្ស័យកាន់តែខ្ពស់ ហើយក៏បន្តនៅដាច់ដោយឡែកពីគេ។ នៅយប់ថ្ងៃទី​៣ ក្រសួងសុខាភិបាលបានឲ្យកញ្ញាធ្វើចត្តាឡីស័កនៅកន្លែងមួយ ហើយ​ក្នុង​យប់​នោះដែរ កញ្ញាមានអាការៈចុករោយពីផ្នែកខាងលើរហូតដល់ក្រោម និងគ្រុនក្តៅ​ ដែល​ធ្វើ​ឲ្យ​កញ្ញា​មាន​អារម្មណ៍​ថាភ្នែកក៏ចាប់ផ្តើមឡើងក្រហម។

«ខ្ញុំអត់បានលេបថ្នាំទេនៅយប់នោះ ព្រោះចង់ឲ្យស្អែកតេស្តទទួលបានលទ្ធផលច្បាស់ តែ​ខ្ញុំ​ព្យា​យាម​ផឹកទឹកឲ្យបានច្រើន និយាយទៅងើបផឹកទឹកជាប់រហូត»។​

បន្ទាប់ពីយកសំណាកទៅធ្វើតេស្តនៅពេលព្រឹករួចរាល់ហើយ នៅពេល​រសៀលកញ្ញា​ទទួល​បាន​​ដំណឹងពីក្រសួងសុខាភិបាលអំពីលទ្ធផល​ថា​មាន​វិជ្ជមានកូវីដ១៩។ ក្រុមគ្រូពេទ្យបានព្យាយាមប្រាប់ វីនណា កុំឲ្យ​តក់ស្លុត និងទុករយៈពេល​២០នាទី​សម្រាប់​​រៀបចំខ្លួន ដើម្បីក្រុមគ្រូពេទ្យ​ទទួលទៅសម្រាក​ព្យាបាល​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

នៅព្រឹកថ្ងៃទី៥ វីនណា ទទួលបានថ្នាំមួយចំនួន ដែលត្រូវលេបពីរដងក្នុង​១ថ្ងៃ។ ក្នុងថ្ងៃ​ដដែល​នោះ កញ្ញាបាន​ថតសួត វាស់ចង្វាក់​បេះដូង និងបូមឈាម។ នៅពេលយប់ វីនណា ឡើង​កម្ដៅ​យ៉ាង​ខ្លាំង រហូតដល់អ្នកនៅបន្ទប់ជាមួយ វីនណា ស្រែក​ហៅតែមិនឮ។

«ខ្ញុំញុំាថ្នាំហើយ​គេងលក់ កម្ដៅវាឡើងមកអត់ដឹងខ្លួន អ្នកជាប់គ្រែគាត់ខំហៅដែរតែមិនឮ។ ពេលដឹងខ្លួន គាត់បានព្យាយាមស្វះស្វែងតេទៅពេទ្យ»។

គ្រូពេទ្យបានប្រាប់ឲ្យលេបថ្នាំប៉ារ៉ា និងជ្រលក់កន្សែងជាមួយទឹកសម្រាប់ជូតខ្លួន ដើម្បី​ឲ្យ​កម្ដៅ​ថយ​ចុះ ក្រោយមកបន្តិចកម្ដៅក៏បានថយចុះ។

វីនណា ក៏បានរៀបរាប់បន្តថា ក្នុងរយៈពេល​៤ ទៅ​៥ថ្ងៃក្នុងមន្ទីរពេទ្យ កញ្ញាតែងតែរាគ ក្អួត និង ធុញទ្រាន់នឹងអាហារ។ មូលហេតុដែលបណ្ដាលឲ្យកញ្ញាក្អួត និងបរិភោគអាហារមិនសូវបាន ដោយសារតែ​ការលេបថ្នាំទាំងគ្រាប់។ ក្រោយមកកញ្ញាបានផ្លាស់ប្ដូរ​មក​ជា​ការកិនឲ្យម៉ត់វិញ តែការបរិភោគអាហារនៅតែមិនសូវបានច្រើនដដែល។

«ខ្ញុំញុំាបាយមិនសូវបានរហូតដល់ ៤ថ្ងៃ ប៉ុន្តែខ្ញុំក៏ព្យាយាមញុំាផ្លែឈើ និងស៊ុប​ខាង​អ្នក​ផ្ទះបា​ន​ផ្ញើ​មក»។

វីនណា ក៏បានប្រាប់បន្ថែមពីសកម្មភាពប្រចាំថ្ងៃ និង​អគារនៅក្នុងមន្ទីរពេទ្យ​ដែល​បាន​ស្នាក់​នៅ​អស់​រយៈពេល៣​សប្ដាហ៍ថា​​ ពេលក្រោកពីគេង កញ្ញា​តែងតែញុំាទឹកក្ដៅ១ ទៅ២កែវ និង ហាត់​ប្រាណ​៣០នាទី ទៅ​១ម៉ោងជារៀងរាល់ថ្ងៃ។ បន្ទាប់ពីហាត់ប្រាណរួច កញ្ញា​បាន​ញុំាទឹក​ម្ដង​ទៀត ហើយ​ដាំទឹកក្ដៅសម្រាប់មុជ និងទុកញុំា។ ពេលខ្លះកញ្ញាបានចេញទៅរានហាល ឈរ​ហាល​​ថ្ងៃ​រយៈពេល១០ ទៅ​១៥​នាទី។

បន្ទាប់ពីបរិភោគអាហារពេលព្រឹកហើយ ត្រូវញុំាំថ្នាំ​៣ ទៅ៥គ្រាប់ ចំនួន​២ដងក្នុង១ថ្ងៃ។ វីនណា បានបន្ថែមថា កញ្ញាបរិភោគអាហារមិនសូវបានច្រើនទេ ប៉ុន្តែ​ព្យាយាម​ខំញ៉ាំ​តិចៗ​តែ​ច្រើន​ដង ដើម្បីរក្សាកម្លាំងជាប្រចាំ។ ពេលដែលមានពន្លឺថ្ងៃ កញ្ញាតែង​តែ​យកខ្នើយ និង​ភួយ​មក​ហាល ហើយនៅចន្លោះ​២ ទៅ​៣ថ្ងៃម្ដង បានរុញគ្រែគេងឲ្យត្រូវថ្ងៃក្ដៅ។

នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺកូវីដ​១៩ ត្រូវបានដាក់ក្នុងអគារដាច់ដោយឡែក ហើយក្នុងអគារមានរានហាលខាងក្រៅសម្រាប់ឲ្យអ្នកជំងឺស្រូបយកខ្យល់អាកាស និង​ហាត់​ប្រាណ។ បន្ទប់​របស់ក្រុមគ្រូពេទ្យនៅអគារជាមួយអ្នកជំងឺ។​ គ្រូពេទ្យប្រចាំ​ការ​ក្នុង​បន្ទប់​នោះ​ជានិច្ច និងមានទូរស័ព្ទសម្រាប់ទុកទំនាក់ទំនងនៅពេលដែលមានតម្រូវការណាមួយ។

បន្ទប់អ្នកជំងឺមានគ្រែបី កង្ហារ ម៉ាស៊ីនត្រជាក់ និងមានបន្ទប់ទឹកមួយ។ បន្ទប់អ្នកជំងឺមានទ្វារ និងបង្អួច​ ដែលអាចឲ្យពន្លឺ និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។ ក្នុងមួយ​បន្ទប់​អាច​ស្នាក់នៅ​២ ទៅ​៣នាក់ ដែលពួកគាត់មកពីកន្លែងតែមួយ។​ ប្រសិនបើ​អ្នកជម្ងឺ​ឆ្លង​លក្ខណៈ​គ្រួសារ ពួកគាត់តម្រូវស្នាក់នៅក្នុងបន្ទប់តែមួយ។

ក្រោយមក វីនណា មានអាការៈធូរស្បើយច្រើន ក្រុមគ្រូពេទ្យ​បានផ្លាស់​ប្តូរ​ទៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់ជំងឺរបេង និងហង់សិន ដែលមានទីតាំងក្រោយវិទ្យាល័យព្រះយុគន្ធ ដែល​ជាទូទៅ​

អ្នកជំងឺដែលមានអាការៈធូរស្បើយ ត្រូវបានផ្លាស់មកអគារ​មួយដាច់ដោយឡែកនៅ​​​ទី​នោះ។ អគាររុំព័ទ្ធរបងជុំវិញ ដែលមានបន្ទប់​៣សម្រាប់អ្នកជំងឺ​ដែលផ្លាស់ប្ដូរពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក្នុងមួយបន្ទប់មាន​៦​គ្រែ។ គ្រែអ្នកជម្ងឺនីមួយៗ មាន​ខណ្ឌកញ្ចក់ដាច់ៗពីគ្នា និង​មាន​កង្ហារ ម៉ាស៊ីនត្រជាក់ ដូចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ។

ក្នុងមួយថ្ងៃ គ្រូពេទ្យចូលមក​ដើម្បីតាមដានសុខភាព ដូចជាវាស់កម្ដៅ វាស់ចង្វាក់បេះដូង វាស់​សម្ពាធ​ឈាម ហើយផ្តល់ថ្នាំ ផ្តល់ម្ហូបអាហារ និងសម្អា​តអនាម័យ។ រំលងពីរថ្ងៃម្ដង ក្រុម​គ្រូ​ពេទ្យ​តែងតែ​មកយកសំណាកអ្នកជំងឺទៅ​ធ្វើតេស្ត។

សាច់ញាតិអ្នកជំងឺមិនអាចចូលមកសួរសុខទុក្ខបានទេ តែអាចផ្ញើ​ជាម្ហូបអាហារ និងផ្លែឈើ​នៅ​ខាង​ក្រោម​អគារ​ដែល​មានតុមួយសម្រាប់ដាក់អីវ៉ាន់ផ្ញើ។ ការផ្ញើអីវ៉ាន់មាន​២​វេន មុន​ម៉ោង​១១​ព្រឹក និង​មុនម៉ោង៤ល្ងាច ហើយនៅថ្ងៃអាទិត្យមានតែ​១វេន​ទេ។ នៅ​ពេល​​ដែលគ្រូពេទ្យ​យក​ម្ហូប​អាហារ​មក​បន្ទប់អ្នកជំងឺ​ ពួកគាត់​នឹង​ជួយ​យក​អីវ៉ាន់​ដែល​សាច់ញាតិ​អ្នក​ជំងឺ​ផ្ញើ​មក​ឲ្យ​អ្នក​ជំងឺ​ផ្ទាល់។

ក្រោយពេលដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានពីរដងជាប់គ្នា ទើបក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចាកចេញពីមន្ទីរពេទ្យ ហើយក៏​នៅបន្តតាមដាន​សុខភាព និងធ្វើចត្តាឡីស័ក ២សប្តាហ៍​បន្ត​ទៀត។

វីនណា បានរៀបរាប់ពីការគ្រប់គ្រង​សតិអារម្មណ៍ និងការបញ្ហាប្រឈមមុខ​ថា នៅ​ពេល​ទទួល​បាន​លទ្ធផល​វិជ្ជមាន កញ្ញាព្យាយាម​​គ្រប់គ្រងអារម្មណ៍​កុំឲ្យ​​ភ័យខ្លាច និងគិតថាជំងឺកូវីដ១៩​អាច​ព្យាបាលជាសះស្បើយ។ តែអ្វីដែលកញ្ញាបារម្ភបំផុតនោះ គឺខ្លាច​ចម្លងវីរុស​កូវីដដោ​យ​អចេតនា​ដល់​នរណាម្នាក់ និងជាពិសេសខ្លាចចម្លងដល់ក្រុមគ្រួសារ។ សំណាងល្អ​ មិនមាន​នរណាម្នាក់​បានឆ្លងពី វីនណា ឡើយ​ ដែលធ្វើឲ្យកញ្ញាមានអារម្មណ៍សប្បាយចិត្តបន្តិច។

កញ្ញាតែងតែព្យា​យាមនិយាយ​លេងជាមួយអ្នកជំងឺ​ដូចគ្នា និងព្យាយាមកុំគិតច្រើន។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​កញ្ញាប្រឈមមុខនោះ គឺការរើសអើង។ អ្នកផ្ទះជិតខាងមានការរើសអើងលើគ្រួសាររបស់កញ្ញា មិនឲ្យបើកទ្វារផ្ទះ និង​ដើរ​វាង​ផ្លូវ​ពី​មុខ​ផ្ទះ។ ទោះបីគ្រួសាររបស់កញ្ញាទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានធ្វើចត្តាឡីស័ក ១៤​ថ្ងៃ​រួច​ហើយក្តី​។

មួយវិញទៀត នៅពេលដែលកញ្ញាបានចាកចេញពីមន្ទីរពេទ្យ និង​ធ្វើចត្តាឡីស័ក​១៤ថ្ងៃ​បន្ថែម​នៅផ្ទះ តែអ្នកភូមិបានប្រាប់គ្រួសាររបស់ វីនណា មិនឲ្យកញ្ញាចូលផ្ទះ​នោះ​ទេ។

«ខ្ញុំមានអារម្មណ៍ថាតូចចិត្តដែរ សូម្បីតែផ្ទះខ្លួនឯងក៏ចូលអត់បាន ទាំងដែល​ខ្ញុំ​ចូល​ទៅ​ត្រូវ​ឃុំ​ខ្លួន​ឯង​ទេ។ ខ្ញុំពិបាកនឹងទទួលយកណាស់ ដោយសារ​អី ខ្ញុំ​មាន​ក្រដាស​ពេទ្យ​បញ្ជាក់​ថា​ជា​ហើយ តែ​នៅ​មានការរើសអើងជាមួយខ្ញុំខ្លាំង»។​

កញ្ញាបានសំណូមពរថា៖ «ខ្ញុំចង់ឲ្យពួកគាត់​បែងចែកឲ្យច្បាស់ពីការការពារ និងការរើសអើង។ ការការពារ​មានលក្ខណៈផ្សេង ហើយការរើសអើងដូចខ្ញុំរៀបរាប់ខាងលើចឹង បាន​ន័យថា​ខ្ញុំ​ជា​ហើយ តែគាត់មិនឲ្យខ្ញុំទៅផ្ទះទេ បើខ្ញុំទៅផ្ទះនឹងប៉ះពាល់អ្នកផ្ទះរបស់ខ្ញុំ»។​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី​ ឱ វ៉ាន់ឌីន បានប្រាប់ Newsroom Cambodia កាលពី​សប្ដាហ៍​មុនថា ក្រោយពេលអ្នកជំងឺ​ទទួលបានលទ្ធផលតេស្តអវិជ្ជមាន​ពីរដង​ជាប់​គ្នា ក្រុម​គ្រូពេទ្យបានណែនាំអ្នកជំងឺ​ឲ្យនៅបន្តតាមដានសុខភាព និង​ធ្វើ​ច​ត្តា​ឡីស័ក​២សប្តាហ៍​បន្ថែម​ទៀត។ បន្ទាប់ពីធ្វើចត្តាឡីស័ករក្នុងរយៈពេលពីរសប្តាហ៍រួចហើយ អ្នកជំងឺ​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​ឱ្យប្រាកដថា​លែងមានជំងឺ​កូវីដ១៩។

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់​ថា៖​ «បញ្ហារើសអើង ក្រសួង​កំពុង​តែធ្វើការ​អប់​រំ​ទៅ​ដល់​បងប្អូន​យើង។ រឿងគាត់ចូលផ្ទះ ចូលបាន តែត្រូវ​នៅ​ដាច់ដោយ​ឡែករយៈពេល​១៤​ថ្ងៃ​ទៀត ហើយ​ក្រុមគ្រូពេទ្យគាត់នៅបន្តតាមដានសុខភាព»។

អ្នកនាំពាក្យក្រសួងសុខាភិបាល​រូបនេះ​ក៏បានបញ្ជាក់ថា ករណីអ្នកជំងឺ​ឆ្លងជំងឺ​កូវីដ​១៩​ឡើង​វិញ (លាប់) ក្រសួងសុខាភិបាលមិនអាចប៉ាន់ប្រមាណដឹងទេ។ ការពន្យល់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រាប់ករណីអ្នកជំងឺ​ឆ្លងវីរុសកូវីដឡើងវិញ (លាប់) មាន​ភាគរយ​តិចតួច​ណាស់ ហើយពេលខ្លះស្ទើរតែមិនកើតមានផង។ តែអ្នកជំងឺ​ និង​ប្រជាជន​ខ្មែរ​នៅ​តែ​​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន និងការពារខ្លួន ហើយគោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល៕​