ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានចំនួន៨៦០លានដុល្លាសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ និងអាចកើនរហូតដល់១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣។ នេះបើតាមការផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា ផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះបញ្ជាក់ថា ការវិនិយោគដោយផ្ទាល់របស់ប្រទេសចិនក្នុងប្រទេសកម្ពុជាមានចំនួន៨៦០ លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០នេះ មានកំណើនរហូតដល់ទៅ៧០%។
ទំព័រហ្វេសប៊ុកដដែលបន្ថែមថា គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជាក្នុងឆ្នាំ២០២០ រួមមាន ស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃដែលចុះហត្ថលេខាដោយក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV មន្ត្រីការិយាល័យកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ប្រចាំស្ថានទូតចិននៅរាជធានីភ្នំពេញ លោក ហ្សាង ហ្ស៊ីន (Zhang Jin) បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ អាចនឹងកើនឡើងដល់១០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា កម្ពុជា និងចិនទើបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឡើងតាមរយៈ Video Conference ខណៈដែលពិភពលោកកំពុងផ្ទុះជំងឺកូវីដ១៩៕