ពាណិជ្ជកម្ម​ទ្វេភា​គី​កម្ពុជា​-ចិន មានចំនួន៨៦០​លានដុល្លាសហរដ្ឋអាមេរិក​ក្នុងឆ្នាំ២០២០​ និង​អាច​កើន​រហូត​ដល់​១០ពាន់​លាន​ដុល្លារ​សហរ​ដ្ឋអាមេរិក ក្នុងឆ្នាំ​២០២៣។​ នេះ​បើតាម​ការ​ផ្សាយរបស់​​​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។​

យោង​តាម​​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២១​នេះ​បញ្ជាក់ថា​ ការវិនិយោគដោយ​​ផ្ទាល់របស់ប្រទេសចិនក្នុងប្រទេសកម្ពុជាមានចំនួន​៨៦០ លាន​ដុល្លារ​អាមេរិក គិត​ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ បើប្រៀបធៀបជាមួយឆ្នាំ២០១៩​ ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០២០​នេះ មានកំណើនរហូតដល់ទៅ​៧០%។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ថែមថា គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជាក្នុងឆ្នាំ២០២០ រួមមាន ស្ថានីយ៍​អគ្គិសនី Huadian ខេត្ត​ព្រះសីហនុ ផ្លូវល្បឿនលឿន​ពីភ្នំពេញ-ព្រះសីហនុ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី (AIAI) និងកិច្ចព្រមព្រៀង​លើ​គម្រោងវិនិយោគ BOT នៃ​ស្ថានីយ៍​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ដែល​ចុះហត្ថលេខាដោយក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd។​

​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ BTV មន្ត្រីការិយាល័យកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ប្រចាំ​ស្ថានទូត​ចិន​នៅ​រាជធានី​ភ្នំពេញ លោក ហ្សាង ហ្ស៊ីន (Zhang Jin) បាន​លើកឡើង​ថា ទំហំ​ពាណិជ្ជ​កម្ម​​នៃប្រទេសទាំងពីរ អាច​នឹង​កើន​ឡើង​ដល់​១០​ពាន់លានដុល្លារ​សហរដ្ឋ​អាមេរិក នៅឆ្នាំ​២០២៣ ខាងមុខ។

គួរបញ្ជាក់​ថា​ កម្ពុជា និង​ចិន​ទើប​ចុះ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាល​ពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយ​ធ្វើឡើងតាមរយៈ Video Conference ​ខណៈដែលពិភពលោកកំពុងផ្ទុះជំងឺ​កូវីដ១៩៕​