ទីស្ដីការគណៈរដ្ឋមន្រ្តីបាននិរាករណ៍សេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លើគម្រោងទំហំ១៥ហិកតា ដើម្បីសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទនៅបឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៅទីស្ដីការគណៈរដ្ឋមន្រ្តី បានយោងក្នុងលិខិតចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ថាការសម្រេចនិរាករណ៍នេះគឺតាម «ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត» របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
«និរាករណ៍លិខិតលេខ៧៩០ សជណ.មយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញសម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យលេខ១៣៨ អនក្រ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ»។
ការសម្រេចនិរាករណ៍នេះបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិល និងពលរដ្ឋជាទូទៅថានឹងធ្វើឲ្យរាជធានីភ្នំពេញលិចទឹក ចំពោះការលុបបឹងតាមោកជាបន្តបន្ទាប់ដើម្បីយកផ្ទៃដីអភិវឌ្ឍន៍។
ជាមួយនឹងការសម្រេចនិរាករណ៍នេះ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា ការសម្រេចនេះជា «ជំហានត្រឹមត្រូវ» ហើយបានលើកឡើងថា ការលុបបឹងនេះមិនគួរកើតឡើងតាំងពីដំបូងមកម៉្លេះ ព្រោះរដ្ឋាភិបាលជាអ្នកធានាថាផ្ទៃបឹងនេះគួរជាសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនអាចលុបបាននោះទេ ព្រោះនឹងមានគ្រោះថ្នាក់។
លោកស្រីបានបន្តទៀតថា៖ «រដ្ឋាភិបាលគួរពិនិត្យបន្ថែមទៀតលើការអនុប្បយោគ និងការផ្ទេរកម្មសិទ្ធិដទៃទៀតក្នុងតំបន់បឹងតាមោកផងដែរ។ ទាំងស្ថាប័នរដ្ឋ និងឯកជនដែលទទួលបានផលប្រយោជន៍ពីតំបន់នេះគួរមានទំនួលខុសត្រូវ និងធានាថា ធុរកិច្ចរបស់ខ្លួននឹងមិនប៉ះពាល់ដល់សង្គម និងបរិស្ថាន»។
លោកស្រីបានសំណូមពរឱ្យរដ្ឋាភិបាលបង្ហាញការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃដីបឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានយល់ដឹង និងជ្រាបពីការសម្រេចចិត្តទាំងឡាយកន្លងមក ជាពិសេសត្រូវបង្ហាញថា តំបន់ដែលជាសម្បត្តិសាធារណៈនោះបាត់បង់នូវតម្លៃផលប្រយោជន៍សាធារណៈទៀតហើយ បើតាមលក្ខខណ្ឌនៃការបំលែងទៅជាសម្បត្តិឯកជនរបស់រដ្ឋវិញ។
លោកស្រីថា៖ «ការអភិវឌ្ឍមួយត្រូវតែជាការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវផ្សារភ្ជាប់មុំសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បើគ្រាន់តែបំពេញតែមុំណាមូយនោះ នោះមិនអាចធានានូវចីរភាពបានឡើយ»៕