ការផុតសុពលភាពកម្មវីធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (Generalized system of preferences-GSP) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យប៉ះពាល់ដល់អ្នកបញ្ជាទិញដែលនាំចូលទៅអាមេរិកដោយសារតម្រូវឲ្យបង់ពន្ធរហូតដល់ការអនុគ្រោះពន្ធមានឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។
សេចក្ដីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចេញនៅ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ការផុសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះ គឺដោយសារភាពយឺតយ៉ាវនៃការអនុម័តច្បាប់របស់សភាអាមេរិក។ ក្នុងនោះ មិនមែនតែប្រទេសកម្ពុជាទេដែលត្រូវផុតសុពលភាពកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (US GSP) ប៉ុន្តែក៏មានបណ្ដាប្រទេសជាច្រើនដែលពាក់ព័ន្ធនឹងការទទួលបានផល ហើយសរុបទាំងប្រទេសកម្ពុជាមាន១១៩ប្រទេស។
Newsroom Cambodia មិនអាចទាក់ទងលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធទូរស័ព្ទថា ក្នុងពេលបច្ចុប្បន្ន ប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះត្រូវបានត្រូវបានបញ្ចប់ និងត្រូវរង់ចាំកិច្ចព្រមព្រៀងថ្មី។ លោកបន្តថា ការផុតសុពលភាពនេះនឹងមានផលប៉ះពាល់ខ្លះសម្រាប់កម្ពុជា ជាពិសេសកម្មករ។
លោកថា៖ «ដោយសារតែយើងជាអ្នកនាំអ៊ីវ៉ាន់ចេញទៅសហរដ្ឋអាមេរិក ហើយចំពោះសម្លៀកបំពាក់ និងស្បែងជើងយើងអមតាមប្រព័ន្ធ MFN អានឹងវាធម្មតាវាយកពន្ធហើយ ប៉ុន្តែកាបូបយួរដៃយើងនាំតាមប្រព័ន្ធ GSP ហើយឥឡូវនេះប្រព័ន្ធ GSP ត្រូវបានបញ្ចប់ ចឹងមានន័យថាគឺអាចនាំបានតាមប្រព័ន្ធ MFN ចឹងយើងត្រូវជាប់ពន្ធ ពន្ធនៅក្នុងរង្វង់ដល់ទៅ៣០%ទៅតាមមុខទំនិញដែលគេបានហើយ ចឹងដែលធ្វើឲ្យអ្នកបញ្ជាទិញធំៗគាត់ផ្អាកការលក់ ឬក៏នាំចូលអ៊ីវ៉ាន់ទៅអាមេរិកអំឡុងពេលនឹង ចឹងប្រសិនបើជាគាត់ផ្អាកការនាំចូលចឹងមានន័យថាកម្ពុជាអាចនឹងផ្អាកការផលិតអីខ្លះដែរ ចឹងអាផលប៉ះពាល់វាអាចមានការព្យួរ ឬការបិទអីជៀសមិនផុតទេ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ។
គួរបញ្ជាក់ផងដែរ កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកត្រូវបានផ្ដល់ឲ្យដំបូងរយៈពេល១០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ១៩៧៤។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះត្រូវបានផ្ដល់សុពលភាពឲ្យអនុវត្តជាបន្តបន្ទាប់ចំនួន១៤ដង ដែលជាទូទៅការផ្តល់ទាំងនោះមានសុពលភាពរយៈពេលពី២ទៅ៣ឆ្នាំ។ ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៏ពីកម្មវិធីនេះចាប់តាំងពីឆ្នាំ១៩៩៧ បន្ទាប់មកនៅឆ្នាំ២០១៦ ប្រទេសកម្ពុជាបាននាំទំនិញរបស់ខ្លួនមានដូចជា កាបូបយួរ កាបូបដៃ និងវ៉ាលីសជាដើមទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធជាង១៧៩លានដុល្លារ។ នេះបើតាមទិន្នន័យស្ថានទូតអាមេរិកប្រចាំកម្ពុជា៕