ការ​ផុត​សុពលភាពកម្មវីធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (Generalized system of preferences-GSP) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យប៉ះពាល់ដល់អ្នកបញ្ជាទិញដែល​នាំចូល​ទៅ​អាមេរិក​ដោយសារ​តម្រូវឲ្យ​បង់ពន្ធរហូតដល់ការអនុគ្រោះពន្ធមានឡើងវិញ។ នេះបើតា​មសេ​ចក្ដី​ជូន​ដំណឹង​របស់​សមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។

សេចក្ដីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)​ ចេញ​នៅ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ការ​ផុ​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ដោយសារ​ភាព​យឺតយ៉ាវ​នៃ​ការ​អនុម័ត​ច្បាប់​រ​បស់​សភាអាមេរិក។ ក្នុង​នោះ​ មិនមែនតែ​ប្រទេស​​កម្ពុជា​ទេ​ដែល​ត្រូវផុតសុពលភាព​កម្មវិ​ធី​អនុគ្រោះ​ពន្ធ​ទូទៅរបស់សហរដ្ឋអាមេរិក (US GSP) ប៉ុន្តែ​ក៏​មាន​បណ្ដា​ប្រទេស​​ជាច្រើន​ដែល​ពាក់ព័​ន្ធ​នឹងការ​ទទួល​បា​ន​ផល ហើយសរុបទាំងប្រទេសកម្ពុជាមាន១១៩ប្រទេស។

Newsroom Cambodia មិនអាច​ទាក់​ទង​លោក ខេន លូ អគ្គលេខាធិការ​​សមាគម​រោងចក្រ​កាត់​ដេរ​​កម្ពុជា (GMAC) ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ។​

លោក អាត់ ធន់ ប្រធានសហភាពការងារ​កម្ពុជា ប្រាប់ Newsroom Cambodia តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ថា ក្នុង​ពេល​បច្ចុប្បន្ន ប្រព័ន្ធអនុគ្រោះពន្ធ​ទូទៅ​នេះ​ត្រូវ​បាន​ត្រូវបានបញ្ចប់ ​និង​ត្រូវរង់ចាំ​កិច្ច​ព្រម​ព្រៀង​ថ្មី។ លោក​បន្ត​ថា ការ​ផុត​សុពល​ភាព​នេះ​នឹងមានផលប៉ះពាល់ខ្លះ​សម្រាប់​កម្ពុជា ជាពិសេស​កម្មករ​។

លោកថា៖ «ដោយសារតែយើងជាអ្នកនាំអ៊ីវ៉ាន់​ចេញ​ទៅ​សហរដ្ឋអាមេរិក ហើយ​ចំពោះ​សម្លៀក​បំពាក់ និងស្បែងជើងយើងអមតាមប្រព័ន្ធ MFN អានឹងវាធម្មតាវាយកពន្ធហើយ ប៉ុន្តែ​កាបូបយួរដៃ​យើង​នាំ​តាម​ប្រព័ន្ធ GSP ហើយ​ឥឡូវ​នេះប្រព័ន្ធ GSP ត្រូវ​បាន​បញ្ចប់​ ចឹង​មាន​ន័យ​ថា​គឺអា​ច​នាំបានតាមប្រព័ន្ធ MFN ចឹង​យើង​ត្រូវ​ជាប់​ពន្ធ ពន្ធនៅក្នុងរង្វង់ដល់ទៅ៣០%ទៅតាមមុខទំនិញដែលគេបានហើយ ចឹង​ដែល​ធ្វើ​​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​គាត់​ផ្អាកកា​រលក់ ឬក៏​នាំចូ​លអ៊ីវ៉ាន់​ទៅ​អាមេរិក​អំឡុង​ពេល​នឹង ចឹង​ប្រសិនបើ​ជា​គាត់​ផ្អាក​ការ​នាំចូល​ចឹង​មាន​ន័យ​ថា​កម្ពុជា​អាច​នឹង​ផ្អាក​ការផលិត​អី​ខ្លះ​ដែរ ចឹង​អា​ផល​ប៉ះពាល់​វា​អាច​មាន​ការព្យួរ ឬកា​រ​បិទ​អី​ជៀស​មិន​ផុត​ទេ»។ ​

Newsroom Cambodia មិនអាច​​ទាក់ទងសុំ​ការ​អត្ថាធិប្បាយ​​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​​កា​រងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន​ទេ។​

គួរបញ្ជាក់ផងដែរ កម្មវិធី​អនុគ្រោះពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដំបូង​រយៈពេល​១០​ឆ្នាំ ដោយ​​ចាប់ផ្ដើម​ពី​ឆ្នាំ​១៩៧៤​។ ចាប់តាំងពីពេលនោះមក កម្មវិធី​នេះត្រូវ​បាន​ផ្ដល់​សុពល​ភាព​ឲ្យ​អនុវត្ត​ជា​បន្ត​បន្ទាប់​ចំនួន​១៤ដង ដែលជា​ទូទៅការផ្តល់ទាំងនោះមានសុពលភាពរយៈពេលពី២ទៅ៣ឆ្នាំ។ ​ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៏ពីកម្មវិធីនេះចាប់តាំងពីឆ្នាំ១៩៩៧ បន្ទាប់មកនៅឆ្នាំ២០១៦  ប្រទេស​​កម្ពុជា​បាន​នាំទំនិញ​របស់​ខ្លួន​មាន​ដូចជា​ កាបូបយួរ កាបូបដៃ និង​វ៉ាលីស​ជាដើម​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​​មិន​បាច់បង់​ពន្ធ​ជាង​១៧៩​លានដុល្លារ។​ នេះបើតាមទិន្នន័យស្ថានទូតអាមេរិកប្រចាំ​កម្ពុជា៕​