លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិដែលប្រកាសគម្រោងធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជានៅថ្ងៃទី១៥ ខែមករា ត្រូវបានបរាជ័យ ដោយសារក្រុមហ៊ុនយន្តហោះ Singapore Airlines ពីសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យលោកស្រីឡើងយន្តហោះ ដោយហេតុថា លោកស្រីមិនមានទិដ្ឋាការ ឬវីសា (VISA)។ នេះបើយោងតាមការសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សម រង្សី។
លោក សម រង្សី មេដឹកនាំគណបកក្សប្រឆាំងមួយរូបដែលកំពុងរស់នៅនិរទេសខ្លួនឯបរទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះថា លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានគេអនុញ្ញាតឲ្យឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសសឹង្ហបុរីនោះទេ ។ លោក សម រង្ស៊ី បន្ថែមថា ការមិនអនុញ្ញាតឲ្យលោកស្រីឡើងយន្តហោះកាលពីថ្ងៃទី១៦ ខែ មករានេះ គឺដោយសារលោកស្រីមិនមានទិដ្ឋាការដើម្បីចូលប្រទេសកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ការវិលត្រឡប់នេះជាផែនការបោកបញ្ឆោតអ្នកគាំទ្រដើម្បីប្រមូលលុយតែប៉ុណ្ណោះ។
អ្នកនាំពាក្យរួបនេះបញ្ជាក់ថា៖ «អារឿងវាចង់មកមិនមក វារឿងផ្ទាល់ខ្លួនរបស់គេ វាជាទិសដៅក្នុងការសម្ដែងឆាក ដើម្បីឱ្យគេចាប់អារម្មណ៍ក្នុងការធ្វើនយោបាយបន្តទៅមុខទៀត»។
លោកបន្ថែមថា៖ «ដូច្នេះវាមិនមែនតែត្រឹមតែប៉ុណ្ណឹងទេ គាត់ប្រមូលលុយប្រមូលកាក់ដើម្បីមកធ្វើការតទល់ ការតទល់របស់គាត់ទីមួយហ្នឹង គេមកធ្វើរដ្ឋប្រហារតែគាត់បរាជ័យក៏គាត់បកទៅវិញ ហើយឥឡូវគាត់ថាមកបង្ហាញជូនតុលាការ។ ជារឿងគាត់មកយ៉ាងម៉េចៗជារឿងរបស់គាត់តើ គាត់មានមេធាវីរបស់គាត់តើ មកសួរខ្ញុំ ខ្ញុំម៉េចដឹង ខ្ញុំមិនដែលចាប់អារម្មណ៍ពួកគាត់ផងហ្នឹង»។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកបែបឌឺដងពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តរបស់លោកស្រី មួរ សុខហួរ ថា៖ «តើទូតអាចចេញទិដ្ឋាការ ឬលិខិតឆ្លងដែនជូនទណ្ឌិត ជនល្មើស ឬជនដែលមានដីការបង្គាប់ឱ្យចាប់ខ្លួនបានដែរឬទេ? តើទូតមានភារកិច្ចត្រូវធ្វើអ្វីខ្លះចំពោះជនទាំងនេះ?» ។
អ្នកនាំពាក្យរូបនេះបានសរសេរបន្តថា ពួកគេដឹងមុនយ៉ាងច្បាស់ហើយថា គ្មានទិដ្ឋាការ គេមិនឱ្យឡើងយន្តហោះទេ តើនៅខំប្រឹងមកធ្វើអ្វីទៀត? លោកបន្ថែមថា ការវិលត្រឡប់របស់អនុប្រធានអតីតគណបក្សសង្រ្គោះជាតិនេះគឺក្នុងគោលដៅដើម្បីប្រមូលលុយអ្នកគាំទ្រក្នុងការធ្វើដំណើរមកស្រុកខ្មែរ ប៉ុន្តែបានត្រឹមតែនៅអាមេរិក។
លោកស្រី មូរ សុខហួរ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ថា លោកស្រីត្រឡប់មកកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលដៅដើម្បីស្វែងរកយុត្តិធម៌ និងធ្វើការតតាំងជាមួយនឹងតុលាការក្រុងភ្នំពេញ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ខណៈដែលអ្នកស្រីកំពុងស្ថិតនៅព្រលានយន្តហោះទីក្រុង Los Angeles សហរដ្ឋអាមេរិក លោកស្រីបញ្ជាក់ថា ការវិលត្រឡប់របស់អ្នកស្រីមិនមែនជាឆាកល្ខោនដូចដែលក្រុមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទប្រកាន់នោះទេ លោកស្រីថា ការធ្វើមាតុភូមិនិវត្តនេះ ជាបេសកម្មមួយដើម្បីទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ លោកស្រី មូរ សុខហួរ ក៏បានសរសេរនៅលើបណ្ដាញធ្វីតធឺរ (Twitter) របស់លោកស្រីថា ការព្យាយាមវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់អ្នកស្រី គឺជាការបង្ហាញពី ការគាំទ្ររបបមួយដែលមិនគោរពគោលការណ៍ជំនុំជម្រេះដោយយុត្តិធម៌៕