ក្រុមសង្គមស៊ីវិលចំនួន៨៩ កាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យមានការដោះលែង តំណាងសហគមន៍ដីធ្លីចំនួនបីនាក់ រួមទាំងទម្លាក់ចោលការចោទប្រកាន់មនុស្សប្រមាណជា៥០នាក់ ដែលទើបត្រូវបានចោទជាបន្តបន្ទាប់ទៀតកាលពីពេលថ្មីៗនេះ។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការ និងសហគមន៍ចំនួន៨៨ ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលីកាដូជាដើម ចេញនៅកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា ពួកគេសម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ និងឃុំខ្លួនតំណាងសហគមន៍ដីធ្លីចំនួន៣នាក់ ក៏ដូចជាការចោទប្រកាន់ទៅលើតំណាងសហគមន៍ដីធ្លីជាង៥០នាក់ទៀតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។
សកម្មជនដីធ្លីទាំងបីរូបនោះមានលោក ផុន សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុក ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ពីបទសមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្ត អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ ចំណែកលោក ហឿន ស៊ីនាត កាលពីខែសីហា ឆ្នាំ២០២០។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន និងចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និង «បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូចិន ហាម៉ីនី វីន អ៊ិនវេសមេន និងសហគមន៍មួយចំនួននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងលិខិតនោះ ពួកគេបានស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពឡើងវិញ។
«យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងគោរពកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាសិទ្ធិក្នុងការបញ្ចេញមតិផ្អែកតាមធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លិខិតនេះក៏បានអំពាវនាវដល់សាលាដំបូងខេត្តត្បូងឃ្មុំ និងសាលាដំបូងខេត្តកោះកុង ឲ្យទម្លាក់ចោលបទចោទចំពោះតំណាងសហគមន៍ដីធ្លីទាំងអស់ ហើយព្រមឱ្យមានការដោះលែងឱ្យពួកគេមានសេរីភាព។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ Newsroom Cambodia ថា ការចោទប្រកាន់នេះជាការចោទលើប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយថា បើគ្មានបទល្មើសទេនោះ ខាងតុលាក៏មិនអាចចោទប្រកាន់បានដែរ។ លោកបន្ថែមថា ជនដែលទទួលរងការចោទប្រកាន់ត្រូវស្វែងមធ្យោបាយតាមផ្លូវច្បាប់ដើម្បីជួយក្នុងការពារ និងធ្វើការតទល់ជាមួយនឹងការចោទប្រកាន់នៅតុលាការ។
លោកថា៖ «ជាទូទៅ គោលការណ៍ច្បាប់រដ្ឋាភិបាលគេរកឃើញថាមានបទល្មើសកើតឡើង បានជាមានការចោទប្រកាន់តាមផ្លូវតុលាការ។ អីចឹង បើខាងសង្គមស៊ីវិលមើលឃើញថា អាហ្នឹងមិនមែនជាបទល្មើស ត្រូវចូលទៅដំណើរការតាមនីតិវិធីតុលាការ ហើយបង្ហាញភស្តុតាងសក្ខីកម្មរឹងមាំក្នុងការដាក់បន្ទុក។ ប៉ុន្តែកន្លងមកនេះសក្ខីកម្មតាមផ្លូវច្បាប់ហ្នឹងវាអត់មាន ក្រៅពីការចោទ ការរំលោភសិទ្ធិសេរីភាព ប៉ុន្តែអាភស្តុតាងតាមផ្លូវច្បាប់នៃការដោះបន្ទុកហ្នឹងអត់មាន»។
ក្នុងលិខិតរបស់សង្គមស៊ីវិលទាំង៨៨ដដែលនោះបន្ថែមថា មួយរយៈពេលចុងក្រោយនេះ អង្គការ សមាគម សហជីព និងសហគមន៍បានសង្កេតឃើញថា មានការធ្វើទុកបុកម្នេញពីសំណាក់ អាជ្ញាធរ ដែលបានធ្វើការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនបរិស្ថាន ជាច្រើនដោយចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕