ក្រុ​ម​សង្គមស៊ីវិល​ចំនួន​៨៩ កាលពី​ថ្ងៃព្រហស្បតិ៍​​ ស្នើសុំឱ្យមានការដោះលែង តំណាង​សហគមន៍​ដីធ្លី​ចំនួន​បី​នាក់ រួមទាំងទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​​មនុស្ស​ប្រមាណ​ជា​៥០នាក់ ដែល​ទើប​ត្រូវ​បាន​ចោទ​ជា​បន្ត​បន្ទាប់ទៀតកាលពី​ពេល​ថ្មីៗនេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​​​របស់​អង្គការ និង​សហគមន៍​ចំនួន​៨៨ ដែល​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា និង​អង្គការ​លីកាដូ​ជា​ដើម ចេញនៅកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ពួកគេ​​សម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ និង​ឃុំ​ខ្លួន​តំណាង​សហគមន៍ដី​ធ្លី​ចំនួន៣នាក់ ក៏ដូច​ជា​ការចោទ​ប្រកាន់​ទៅ​លើ​តំណាង​សហគមន៍​ដីធ្លី​ជាង​៥០​នាក់​ទៀត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​កោះ​កុង។

សកម្មជន​ដីធ្លី​ទាំង​បី​រូបនោះ​មាន​លោក ផុន សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុក ខេត្ត​ត្បូង​ឃ្មុំ​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ចាប់ខ្លួន​កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ពី​បទ​សម​គំនិត​ក្នុង​អំពើ​ញុះញង់​ឱ្យប្រព្រឹត្ត អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។  លោក សែម សាង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីខែតុលា ឆ្នាំ២០១៩ ចំណែកលោក ហឿន ស៊ីនាត កាលពីខែសីហា ឆ្នាំ​២០២០។ អ្នកទាំងពីរ​​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និង «បទញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ចិន ហាម៉ីនី វីន អ៊ិនវេសមេន និង​សហគមន៍​មួយចំនួន​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ​​។

ក្នុង​លិខិត​នោះ ពួកគេ​បាន​ស្នើសុំ​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំង​នោះ​ឱ្យ​មាន​សេរីភាពឡើងវិញ។

«យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​គោរព​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ធានា​សិទ្ធិ​ក្នុង​ការបញ្ចេញ​មតិ​ផ្អែក​តា​​មធម្មនុញ្ញ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

លិខិតនេះ​ក៏​បានអំពាវនាវដល់សាលាដំបូងខេត្តត្បូងឃ្មុំ និងសាលាដំបូងខេត្តកោះកុង ឲ្យ​​ទម្លាក់​ចោល​បទ​ចោទ​ចំពោះតំណាង​សហគមន៍​ដីធ្លីទាំងអស់ ហើយ​ព្រម​ឱ្យ​មាន​ការដោះ​លែង​ឱ្យ​ពួក​គេមា​នសេរីភាព។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ Newsroom Cambodia ​ថា ការចោទប្រកាន់នេះជាការ​ចោទ​លើ​ប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយថា បើគ្មានបទល្មើសទេនោះ ខាងតុលាក៏មិនអាចចោទប្រកាន់បាន​ដែរ។ លោកបន្ថែម​ថា  ជន​ដែល​ទទួល​រង​ការចោទ​ប្រកាន់​ត្រូវ​ស្វែង​មធ្យោបាយតាមផ្លូវច្បាប់ដើម្បីជួយក្នុងការពារ និង​ធ្វើការ​តទល់​ជាមួយ​នឹង​ការចោទ​ប្រកាន់​​​នៅតុ​លាការ។

លោកថា៖ «ជាទូទៅ គោលការណ៍ច្បាប់រដ្ឋាភិបាលគេរកឃើញថា​មានបទល្មើសកើតឡើង បាន​ជា​មា​នការចោទប្រកាន់តាមផ្លូវតុលាការ។ អីចឹង​ បើខាងសង្គមស៊ីវិលមើលឃើញថា អាហ្នឹង​មិនមែន​ជា​បទ​ល្មើស ត្រូវចូលទៅដំណើរការតាមនីតិវិធីតុលាការ ហើយ​​បង្ហាញ​ភស្តុតាង​សក្ខីកម្ម​រឹងមាំ​ក្នុង​ការដាក់​បន្ទុក។  ប៉ុន្តែកន្លងមកនេះសក្ខីកម្មតាមផ្លូវច្បាប់ហ្នឹង​វាអត់មាន ក្រៅពីការចោទ ការរំលោភ​សិទ្ធិសេរីភាព ប៉ុន្តែអាភស្តុតាងតាមផ្លូវច្បាប់នៃការដោះបន្ទុកហ្នឹងអត់មាន»។​

ក្នុងលិខិតរបស់​សង្គម​ស៊ីវិល​ទាំង​៨៨​ដដែលនោះ​បន្ថែម​ថា មួយរយៈពេលចុងក្រោយនេះ អង្គការ សមាគម សហជីព និង​សហគមន៍​បានសង្កេតឃើញថា មានការធ្វើទុកបុកម្នេញពីសំណាក់ អាជ្ញាធរ ដែលបានធ្វើការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនបរិស្ថាន ជាច្រើន​ដោយ​ចោទ​ពី​បទ​ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕