ក្រសួងធនធានទឹកបានប្រកាសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមករាតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានបន្តចុះត្រជាក់នៅសីណ្ហភាពអប្បបរមាពី១៣-១៨អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការប្រឈមនឹងអាកាសធាតុធ្លាក់ចុះទាបនេះ គឺដោយសារកម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយចាប់ពីថ្ងៃទី២០ ដល់២២ខែមករា ឆ្នាំ២០២១ និងទទួលឥទ្ធិពលកម្រិតសម្ពាធទាបខ្សោយ។
យុវតី ពិសី អាយុ១៧ឆ្នាំជាអាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង រាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថា ស្ថិតក្នុងអាកាសធាតុចុះត្រជាក់បែបនេះសូមឲ្យប្រជាជនកម្ពុជាទាំងអស់ត្រូវការពារសុខភាពអោយបានល្អជៀសវាងកើតជំងឺផ្តាសាយ ពិសេសកុមារ និង មនុស្សចាស់ត្រូវពាក់ខោអាវឲ្យបានក្រាស់ៗ និងញ៉ាំអាហារដែលក្តៅ។
ចំណែកអ្នកស្រី វិសាល អាយុ៣៣ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារបឹងកេងកងបានប្រាប់ Newsroom Cambodia ដែរថា ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ សូមប្រជាជន កម្ពុជាទាំងអស់ត្រូវពាក់ខោអាវឲ្យបានក្រាស់ៗ ដើម្បីការពារពីភាពត្រជាក់ និងត្រូវញ៉ាំទឹកក្តៅឲ្យបានច្រើនប្រចាំថ្ងៃ។
ដូចគ្នានេះដែរ យុវតី ធារ៉ា អាយុ១៧ឆ្នាំជាអាជីវករលក់អាវជជុះនៅមុខសាលាបឹងកេងកងលើកឡើងដែរថា អាកាសធាតុចុះត្រជាក់បែបនេះ បងប្អូនប្រជាជនដែលរស់នៅប្រទេស កម្ពុជាទាំងមូលត្រូវពាក់ខោអាវ វែងៗដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ និងញ៉ាំអាហារក្តៅៗឲ្យបានទៀងទាត់៕