អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូប ឲ្យចូលខ្លួនបំភ្លឺពីបទឆបោកពាក់ព័ន្ធនឹងការលក់ទិញដី ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឱ្យចូលខ្លួនដាច់ដោយឡែកពីគ្នាចំនួន២ របស់លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបង្គាប់ឱ្យ លោក ឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ចូលខ្លួនទៅសាលាដំបូងនៅថ្ងៃទី២៦ ខែមករា និងលោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលខ្លួននៅថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ ពីបទឆបោក។
ដីការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនេះធ្វើឡើងក្រោមបណ្តឹងរបស់លោក កាន រិទ្ធី ដែលបានប្តឹងពួកគេពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការទិញលក់ដី២ហិចតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
Newsroom Cambodia មិនអាចទាក់ទងសុំការបំភ្លឺពីលោក មាស សាវឿន និងលោក ឆែម ពេតបានទេ។
ក្នុងដីកាដដែលនេះបានបញ្ជាក់ថា ដើមបណ្ដឹងលោក កាន រិទ្ធី បានឲ្យដឹងថា លោក ឆែម ពេតបានណែនាំឲ្យខ្លួនទិញដីទំហំ២ហិចតាមួយកន្លែងពីលោក មាស សាវឿន ក្នុងតម្លៃ បួនលានដុល្លារអាមេរិក ដោយលោកបានបង់ប្រាក់ចំនួន៣ដងគិតជាទឹកប្រាក់សរុបចំនួន១សែនដុល្លារអាមេរិក។ ប៉ុន្តែបន្ទាប់ពីប្រគល់ប្រាក់ទាំង៣ដងរួចរាល់ លោក មាស សាវឿន មិនបាន រត់ឯកសារវាស់វែង និងផ្ទេរកម្មសិទ្ធមកឲ្យលោក កាន រិទ្ធី ឡើយ៕