អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​​ បាន​ចេញ​ដីកា​កោះ​ហៅ​អនុរដ្ឋ​​លេខា​ធិការ​ពីរ​រូប​​ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទឆបោកពាក់​ព័ន្ធ​នឹង​ការ​លក់ទិញដី ក្នុង​សង្កាត់​ទួល​សង្កែ រាជធានី​ភ្នំពេញ​​។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចំនួន២ របស់លោក ឌុច សុ​ខសារិ​ន ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បាន​បង្គាប់​ឱ្យ លោក ឆែម ពេត អនុរដ្ឋ​លេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ចូលខ្លួន​ទៅ​សាលាដំបូងនៅ​ថ្ងៃទី២៦ ខែមករា និង​លោក មាស សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ចូលខ្លួន​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ ​ពីបទឆបោក​។

ដីការបង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នេះធ្វើឡើង​ក្រោម​បណ្តឹង​របស់​លោក កាន រិទ្ធី  ដែល​បាន​ប្តឹង​ពួក​គេ​ពី​បទ «ឆបោក» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​​ការ​ទិញលក់ដី​២ហិចតា នៅភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឬស្សីកែវ រាជធានី​ភ្នំពេញ។

Newsroom Cambodia មិនអាចទាក់ទង​សុំ​ការ​បំភ្លឺពី​លោក មាស សាវឿន​ និងលោក ​ឆែម ពេត​បានទេ។

ក្នុង​ដីកា​ដដែលនេះ​បាន​បញ្ជាក់​ថា ​ដើម​បណ្ដឹង​លោក​ កាន រិទ្ធី​ បានឲ្យដឹង​ថា​ លោក​ ឆែម ពេត​បាន​ណែនាំ​ឲ្យ​ខ្លួនទិញ​ដី​ទំហំ២​ហិចតា​មួយ​កន្លែង​ពី​លោក មាស​ សាវឿន ក្នុង​តម្លៃ បួន​លាន​ដុល្លារ​អាមេរិក ដោយ​លោក​បាន​បង់​ប្រាក់​ចំនួន​៣ដងគិតជាទឹកប្រាក់​សរុបចំនួន​១សែន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បន្ទាប់ពី​ប្រគល់​ប្រាក់​ទាំង៣ដងរួច​រាល់ លោក មាស​ សាវឿន ​មិន​បាន​ ​រត់​ឯកសារវាស់វែង​ និង​ផ្ទេរ​កម្មសិទ្ធមកឲ្យ​​លោក ​កាន រិទ្ធី ឡើយ៕​

​ ​

​ ​