ក្រុមសង្គមស៊ីវិល កាលពីថ្ងៃទី២២​ ខែមករា ឆ្នាំ២០២១ បាទទូចឱ្យរដ្ឋាភិបាលពន្លឿន ក្នុងការស៊ើបអង្កេត ទៅលើករណីឃាតកម្មចំពោះលោក ជា វិជ្ជា ឱ្យបានឆាប់រហ័ស ក្នុងឱកាសរំលឹកខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រុមសង្គមស៊ីវិលមួយចំនួនដែលរួមមានសហជីព អង្គការសង់ត្រាល់ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានទៅគោរពវិញ្ញាណក្ខ័ន្ធ នៅរូបសំណាករបស់លោក ជា វិជ្ជា នាសួនច្បារមុខវត្តលង្ការ រាជធានីភ្នំពេញ។

ក្រុមសង្គមស៊ីវិលទាំងនោះលើកឡើងថា កន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការសើបអង្កេតទៅលើលករណីទាំងនេះ ក៏ប៉ុន្តែពុំមានលទ្ធផលអ្វីនោះឡើយ។ នេះយោងតាមសេចក្ដីថ្លែងការរួមមួយនៅលើទំព័រហ្វេសប៊ុក សង់ត្រាល់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ពួកគេក៏បានទទូចឱ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្គេតទៅលើករណីទាំងនេះ ដោយបានលើកឡើងថា ការស៊ើបអង្កេតលើឃាតកម្មនេះ ហាក់ដូចជាមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ​។

លោកស្រីចក់ សុភាព នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២២ ខែមករា តាមទូរស័ព្ទថា ករណីឃាតកម្មលើលោក ជា វិជ្ជា នេះអស់រយៈពេល១៧ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ឃើញមានភាពយុត្តិធម៌ណាមួយនោះទេ។ លោកស្រីថា បើទោះបីជាកន្លងមកធ្លាប់ត្រូវចាប់ខ្លួនជនសង្ស័យពីរនាក់មកហើយក៏ដោយ តែត្រូវបានទម្លាក់បទចោទឡើងវិញ។

លោកស្រីបន្ថែមដោយទាមទារឱ្យរដ្ឋាភិបាលបង្ហាញការប្ដេជ្ញាចិត្ត ហើយធានាថា ករណីឃាតកម្មលើលោក ជា​ វិជ្ជា ត្រូវតែទទួលបានយុត្តិធម៌ ប៉ុន្តែលោកស្រីបានបង្ហាញការអស់សង្ឃឹមថា ការទាមទារ ឬការទទូចរបស់សង្គមស៊ីវិលនមកលើ ករណីលោក ជា វិជ្ជា ឬសកម្មជនដទៃទៀតកន្លងមក ហាក់ដូចជាមិនមានក្ដីសង្ឃឹមនោះទេ។

លោកស្រីថា៖ «ចឹងហើយ គឺទាមទារឱ្យរដ្ឋាភិបាលត្រូវបង្ហាញនូវការប្ដេជ្ជាចិត្តក្នុងការធានាថា ករណីលោកជា វិជ្ជា នេះត្រូវបានទទួលដោយយុត្តិធម៌ ប៉ុន្តែខ្ញុំគិតថា ការអំពាវនាវនេះ ឬក៏ការរំពឹងថានឹងមានយុត្តិធម៌ករណីលោកជា វិជ្ជា និងសកម្មជនដទៃទៀតនោះ ប្រហែលជាពិបាកមែនទែន ក្ដីសង្ឃឹមមួយដែលពិបាកមែនទែន យើងដឹងមកហើយថាករណីលើលោកជា វិជ្ជា លោកឈុត វុទ្ធី និងលោកកែម ឡី យើងឃើញថានៅហ្នឹង មិនមានការវិវត្តណាមួយដោយយុត្តិធម៌នោះទេ»។

លោកស្រីលើកឡើងដោយបង្ហាញសោកស្ដាយជាខ្លាំងថា បើគិតលើករណីមួយផ្សេងទៀតចំពោះសកម្មជនគណបក្សជំទាស់វិញ បើសិនជាមានការប្រព្រឹត្តអ្វីណាមួយខុស ខាងរដ្ឋាភិបាលហាក់ដូចជាបង្ហាញសកម្មភាពតាមចាប់ខ្លួនបានយ៉ាងលឿន ហើយមានប្រសិទ្ធភាពទៅទៀត រហូតដល់អ្នកខ្លះត្រូវបានចាប់ខ្លួនទាំងយប់ក៏មាន។ លោកស្រីថា បើគិតទៅលើការកាត់ក្ដី ឬការស៊ើបសួរវិញ បើទោះបីជាចំថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏តុលាការនៅតែបន្តធ្វើការ​ ទាំងនេះហើយដែលធ្វើឱ្យសំណួរជាច្រើនពីសាធារណៈជនចេះតែបន្តកើតមាន។

លោកស្រីបានបន្តថា រឿងស៊ើបអង្កេតរកយុត្តិធម៌ ជូន លោកជា វិជ្ជានេះ វាជារឿងរបស់តុលាការ ហើយជាទំនួលខុសត្រូវដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ខ្ពស់។ អ្នកស្រីថា យើងមិនអាចច្រានចោលនោះទេចំពោះការទទូច ឬការស្នើសុំពីក្រុមស៊ីវិលសម្រាប់ការពន្លឿនរឿងក្ដីមួយនេះ។

លោកស្រីថា៖ «ខ្ញុំគិតថាកន្លងមកខ្ញុំឃើញថា មានការទទូច ការស្នើ ហើយមានការបើកឱ្យមានការសហការជាច្រើន នៅពេលដែលមានករណីឃាតកម្ម ប៉ុន្តែយើងឃើញថា ការសហការរបស់អាជ្ជាធរច្រើនតែមិនសូវមានជំហនោះទេ អ៊ីចឹងកន្លែងនេះ ខ្ញុំនៅតែផ្ដោតសំខាន់មែនទែន ការទទួលខុសត្រូវរបស់រដ្ឋា​ ស្ថាប័នរដ្ឋ ហើយនឹងអាជ្ជាធរមានសមត្ថកិច្ចលើករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់»។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបនឹងការទទូចរបស់ក្រុមសង្គមស៊ីវិលថា សំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់នោះទេ ហើយតុលាការក៏បន្តការស៊ើបអង្កេតផងដែរ។ លោកថា គ្រាន់តែរឿងទាំងនេះមិនទាន់បានរកឃើញជនដៃដល់តែប៉ុណ្ណោះ ហើយលោកថា រឿងនេះនៅតែបន្តរហូតដល់ចាប់ជនដៃដល់បាន។

លោកថា៖ «មែនទែនសំណុំរឿងនេះគេមិនទាន់បានបិទបញ្ចប់ឯណា ភាគីនៅតែបន្តស៊ើបអង្កេត ហើយតុលាការនៅតែបន្ត គ្រាន់តែមកដល់ពេលនេះយើងមិនទាន់រកជនដៃដល់មិនទាន់បាន ចាប់វាមិនទាន់បាន​។ អ៊ីចឹងសំណុំរឿងនេះនៅតែបន្តនីតីវិធីរហូតដល់ចាប់ជនដៃដល់បាន»។

លោកបន្តថា រឿងក្ដីនេះយើងមិនអាចកំណត់បាននោះទេ ចំពោះការស៊ើបអង្កេត លោកបានប្រៀបធៀបជាមួយនឹងករណីប្រទេសមួយចំនួនក៏គេពិបាករកដែរ រឿងខ្លះត្រូវចំណាយពេលច្រើនឆ្នាំទម្រាំអាចចាប់ជនដៃដល់បាន ដូច្នេះរឿងនេះក៏ដូចគ្នាត្រូវការចំណាយពេលក្នុងការតាមដាន ហើយលោកថា តុលាការនៅតែបន្តស៊ើបអង្កេតមិនទាន់ចប់ទេ។

លោកជា វិជ្ជា គឺជាអតីតប្រធាន​សហជីព​សេរី​កម្មករ​នៃព្រះរាជាណាចក្រកម្ពុជា លោកត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយកន្លែង ដែលនៅជាប់នឹងរបងវត្តលង្កា។ ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា សម្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ក្រោយការស៊ើបអង្កេត អ្នកទាំងពីរមិនបានជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្មលើលោក ជា វិជ្ជា ហើយអ្នកទាំងពីរត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ក្រោយការឃុំខ្លួននៅពន្ធនាគារព្រៃសរ មួយរយៈ៕