រដ្ឋបាលខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ពលករខ្មែរម្នាក់ អាយុ៣៨ឆ្នាំបានជំពប់ជើងដួលបោកក្បាលនឹងថ្មបណ្ដាលបែកក្បាល ពេលដើរទៅបត់ជើងតូច ហើយបន្ទាប់មកក៏បានស្លាប់ គឺប្រហែលជាមួយថ្ងៃក្រោយពីត្រឡប់មកពីប្រទេសថៃ។
សាលាខេត្តបន្ទាយមានជ័យបាននិយាយតាមសេចក្តីប្រកាសព័ត៌មានថា បុរសរូបនះបានចូលមកកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១ និង២០នាទីយប់ តាមច្រកចំបក់ ស្ថិតក្នុងម៉ាឡៃ ហើយត្រូវបានដឹកយកជញ្ជូនយកទៅកាន់មណ្ឌលចត្តឡីស័កនៅទីរួមស្រុក។
រដ្ឋបាលខេត្ត បានបញ្ចាក់ថា «ករណីបុរសជាពលករដែលទទួលមរណភាពខាងលើនេះ មិនទាន់ចូលមណ្ឌលចត្តាឡីស័កមួយណាទេ ហើយក៏មិនស្លាប់ដោយសារជំងឺកូវីត-១៩ ដែរ គឺស្លាប់ដោយសារឧបទ្ទវហេតុ ដោយដួលបោកក្បាល»។
បុរសម្នាក់ទៀត ដែលបានរួមដំណើរជាមួយជនរងគ្រោះ បានជួយលើកបុរសដែលដួលនោះ ឲ្យអង្គុយនិងសួរនាំ ហើយបុរសដែលដួលនោះបានប្រាប់ថាខ្លួនអស់កំលាំង ហើយគាត់បានហូបស្រាបៀរលីអូថៃអស់២ដប។ នេះយោងតាមរដ្ឋបាលខេត្តដដែល។
រដ្ឋបាលខេត្តបានអះអាងបន្តថាកំលាំងនគបាលដែលប្រចាំការនៅទីនោះបានហៅរថយន្ដសង្រ្គោះរបស់មន្ទីពេទ្យបង្អែកស្រុកម៉ាឡៃមកទទួលយកអ្នករបួសទៅព្យាបាលនៅម៉ោង ១២យប់រំលងអធ្រាត ហើយគ្រានោះអាការៈគាត់មានសភាពធម្មតាវិញ ក្រោយពីទទួលបានការព្យាបាលរបួសក្បាលផ្នែកខាងក្រោយ ប្រវែង២សង់ទីម៉ែត្រ ដោយដេរអស់៥ថ្នេរ។
ស្ថានភាពបុរសនោះបានមានអាការ:ប្រែប្រួលនៅម៉ោង៤ភ្លឺ ដោយមានការឈឺក្បាល វិលមុខ និងក្អួត រួចក៏សន្លប់បាត់បង់ស្មារតីតែម្ដង ហើយបន្ទាប់មកបានស្លាប់នៅវេលាម៉ោង៧ព្រឹក គឹមុនទៅដល់មន្ទីពេទ្យនៅក្រុងប៉ោយប៉ែត។ នេះយោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។
មន្រ្តីសម្របសម្រួលនៃអង្គការលីកាដូនៅបន្ទាយមានជ័យ លោកភួន ឈិន បាននិយាយថាករណីស្លាប់របស់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃនេះ មិនត្រូវនឹងគោលការណ៏របស់អង្គការលោកទេ អីចឹងហើយលោកសូមមិនឆ្លើយសំណួរ ហើយលោកគ្រាន់តែបានដឹងថាមានករណីស្លាប់នេះពីសេចក្ដីជួនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ។
លោក ស៊ុំ ចាន់គា មន្រ្តីសម្របសម្រួលនៃអង្គការអាដហុកខេត្តបន្ទាយមានជ័យ បាននិយាយថាករណីស្លាប់នេះវាពិបាកនិយាយ ហើយលោកក៏បានប្រាប់អ្នកសារព័ត៌មានឲ្យទៅសួរអាជ្ញាធរអំពីករណីនេះ៕