ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រកឃើញថា កម្ពុជាគួរអភិវឌ្ឍន៍កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (៤.០)។
យើងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីបានសិក្សាក្នុងប្រទេសចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម៤.០។ ក្នុងនោះ ADB បានអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងបរិយាប័ន្ន និងកិច្ចគាំពារសង្គមសម្រាប់កម្មករទើបចូលបម្រើការងារ កម្មករដែលប្រឈមនឹងហានិភ័យដោយការផ្លាស់ប្តូរក្នុងការងារ និងកម្មករដែលត្រូវការជំនាញបន្ថែម។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ការសិក្សានេះពិនិត្យទៅលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅប្រទេសកម្ពុជា ព្រោះវិស័យទាំងពីរនេះមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និងឧស្សាហកម្ម ៤.០។ ការសិក្សាររកឃើញថា បច្ចេកវិទ្យា 4IR ឬ ៤.០ នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលអាចបង្កើនកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង២% សម្រាប់វិស័យទេសចរណ៍។
អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ថា៖ «នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយលបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ។ ឥឡូវនេះ គឺជាពេលវេលាដើម្បីគិតឡើងវិញនូវការផ្តល់ជំនាញដោយប្រើវេទិកានិមិ្មត និងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍន៍ស្ថាប័នបណ្តុះបណ្តាលអឲ្យមានភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ»។
ជំងឺកូវីដ-១៩ ចាប់ផ្តើមរាតត្បាតក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ ២០២០ វិស័យជាច្រើន ដូចជា សាលារៀន កន្លែងកំសាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ហាងទំនិញ ត្រូវបានបិទទ្វារ ដោយឡែកក្រុមហ៊ុនឌីជីថលទទួលបានឱកាសបង្កើនប្រាក់ចំណូលសន្ធឹកសន្ធាប់ ចំណែកក្រុមហ៊ុនដែលចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 4IR វិញទំនងជានឹងងើបឡើងវិញលឿនជាងមុន និងមានភាពធន់ទៅថ្ងៃអនាគត៕