លោកកឹម សុខា អតីតមេបក្សជំទាស់ដ៏ធំ បាននិយាយនៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ថា រូបលោក និងលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ស្របថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើងដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង។
លោកកឹម សុខា ដែលគណបក្សសង្រ្គោះជាតិរបស់គាត់ត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានសរសេរលើទំព័រហ្វេសបុកថា ជំនួបជាមួយនឹងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាការសំណេះសំណាលដំបូងគេក្នុងឆ្នាំ២០២១នេះ ហើយបានធ្វើឡើងនៅគេហដ្ឋានរបស់លោកក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
«ជំនួបនេះប្រាកដជាមានសារៈសំខាន់ ដោយយើងបានផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និង ព័ត៌មានគ្នាទៅវិញទៅមកចំពោះស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ជាពិសេសនៅឆ្នាំ២០២១នេះ និង ឆ្នាំបន្តបន្ទាប់ តើកម្ពុជា និងសហគមន៍អឺរ៉ុបអាចមានអ្វីខ្លះពាក់ពន្ធ័ជាមួយគ្នា»។
«យើងក៏យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុប គួរតែពង្រឹងឲ្យកាន់តែប្រសើរឡើងដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង»។
សេចក្តីថ្លែងការណ៍របស់លោកកឹម សុខា អំពីការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជាជុំវិញបញ្ហាសិទ្ធិមនុស្ស និងស្ថានភាពនយោបាយក្នុងឆ្នាំ២០២០។
លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានយល់ឃើញថាជំនួបរវាងលោកកឹម សុខា និងភាគីអ៊ឺរ៉ុប ជារឿងធម្មតា។
លោកសុខ ឥសាន្ត បានបញ្ជាក់ថា «ទូតច្រើនហើយដែលធ្លាប់ជួបគាត់ ជារឿងសួរសុខទុក្ខគ្នា ជារឿងធម្មតា រវាងទ្វេភាគីទេ»។
លោកបានបន្តថា «អាហ្នឹងគេមានជំហរគេច្បាស់លាស់ហើយ យើងមានសិទ្ធិអីដើម្បីទាញគេ ឬមួយក៏អី ជាគោលនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់កសាងមិត្តភាព សហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក»៕