ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការលើកឡើងថា ការមិនបន្តសវនាការលើកូនក្តីរបស់ពួកគេ កំពុងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសុខភាពរបស់កូនក្តី។
សហមេធាវីរបស់លោក កឹម សុខា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី៣ ស្នើឲ្យតុលាការបន្តសវនាការជំនុំជម្រះក្ដីលោក កឹម សុខា ឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិតមួយឆ្នាំ។
ការស្នើសុំនេះត្រូវបានធ្វើឡើងរួមគ្នាដោយសហមេធាវីការពារសិទ្ធិលោក កឹម សុខា រួមមានលោក អាង ឧត្តម លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន ដោយបានបញ្ជាក់ប្រាប់ចៅក្រម ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញថា សិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស និងយុត្តិធម៌ គឺជាគោលការណ៍មូលដ្ឋានសង្គមដ៏ត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការភាពអយុត្តិធម៌ ដូចមានចែងក្នុងមាត្រ១៤ (ចំណុចគ) នៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ ដែលចែងថា «ជនគ្រប់រូបត្រូវបានជំនុំជម្រះដោយឥតពន្យាពេល»។
ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា ត្រូវបានអូសបន្លាយពេលជាច្រើនឆ្នាំ ហើយរាល់កាត់ក្ដី ឬក៏បើកសវនាការ តុលាការព្យាយាមពន្យារមិនចង់បញ្ចប់កិច្ចដំណើរការនីតិវិធីនៅសាលាដំបូងឡើយ។ ពួកគេថា ការបន្តពន្យារពេលសវនាការនេះ អាចនឹងប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះគឺសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា។
លោក ចាន់ ចេន មេធាវីមួយរូបដែលការពារក្ដីឲ្យលោក កឹម សុខា ប្រាប់ Newsroom Cambodia ថា ការស្នើសុំបើកសវនាការពីរដងមុន លោកថាលើកទី១ មិនទាន់មានការឆ្លើយតបទេពីខាងតុលាការ និងលើកទី២លោកថា បានស្នើទៅក្រសួងយុត្តិធម៌ សុំឲ្យជួយអន្តរាគមន៍ និងពន្លឿនទៅតុលាការ ប៉ុន្តែលោកថាក្រសួងមួយនេះមិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះក្រុមមេធាវីរបស់លោកនៅឡើយ។ លោកបន្តថា មូលហេតុដែលក្រុមមេធាវីបន្តស្នើសុំបើកសវនាការ ពីព្រោះពួកលោកចង់ឃើញប្រព័ន្ធតុលាការមួយអព្យាក្រឹត យុត្តិធម៌ចំពោះកូនក្ដីលោក និងអ្នកនយោបាយផ្សេងទៀត។
លោកបញ្ជាក់ថា៖ «លោក កឹម សុខា មានជំងឺប្រចាំកាយដែលអត់ទាន់ព្យាបាល អីចឹងហើយគាត់ត្រូវការសិទ្ធិក្នុងការដើរហើរ អាចចេញទៅក្រៅប្រទេសបាន និងចំណុចមួយទៀតនោះ គាត់ជាអ្នកនយោបាយ អីចឹងវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដែលហាមគាត់មិនឲ្យធ្វើនយោបាយ នេះជាការរំលោភសិទ្ធិរបស់គាត់» ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៧ ហើយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានតុលាកំពូលរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ក្រោមបទចោទដូចគ្នា។
អ្នកស្រី ចក់ សុភាព នាយិការប្រតិបត្តិមជ្ជមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហរោះសារលើគណនីហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃពុធនេះថា ការបន្តដាក់ករណីលោក កឹម សុខា នៅទ្រឹង នាំឱ្យមានចំណោទកាន់តែខ្លាំងពីហេតុផលនយោបាយនៅពីក្រោយករណីនេះ។ អ្នកស្រីបន្តថា ការពន្យាពេលដំណើរការជំនុំម្រះ និងដំណើររឿង និងនីតិវិធីជាច្រើនជុំវិញករណីលោក កឹម សុខា នេះ បានប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់លោក ដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
អ្នកស្រីសរសេរបញ្ជាក់ថា៖ «ជាការសំខាន់ណាស់ចំពោះសវនាការលើករណីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិហើយដែលបានទទួលរងការរិះគន់យ៉ាងច្រើនគួរត្រូវធ្វើឡើងដោយសាធារណ និងធានាឲ្យបានផងដែរនូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដល់ភាគីពាក់ព័ន្ធ»។
Newsroom Cambodia បានទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដោយលោកប្រាប់ថា លោកជាប់ប្រជុំ ហើយលោកប្រាប់ឲ្យទៅសួរលោក សួស វិទ្យារ៉ាន់ឌី ដែលជាអ្នកនាំពាក្យដូចគ្នា។ Newsroom Cambodia ក៏បានព្យាយាមទាក់ទងលោក សួស វិទ្យារ៉ាន់ឌី ជាច្រើនដង ប៉ុន្តែមិនមានការឆ្លើយតប៕