ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការឃ្លាំ​មើល​របស់​តុលាការ​លើកឡើងថា ការ​មិនបន្ត​សវនាការ​លើ​កូន​ក្តី​របស់​ពួកគេ កំពុង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សុខភាព​របស់​កូន​ក្តី។

សហមេធាវីរបស់លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១​ បាន​ដាក់​លិខិត​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​លើកទី​៣ ស្នើ​ឲ្យ​​តុលាការ​បន្តសវនាការជំនុំជម្រះក្ដីលោក កឹម សុខា ឡើងវិញ បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។

ការស្នើសុំនេះត្រូវបានធ្វើឡើងរួមគ្នាដោយសហមេធាវីការពារសិទ្ធិលោក កឹម សុខា រួមមានលោក អាង ឧត្តម លោក ផែង ហេង  លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន ដោយ​បានបញ្ជាក់​ប្រាប់​​ចៅក្រម ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ថា សិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស និងយុត្តិធម៌ គឺជាគោលការណ៍មូលដ្ឋានសង្គមដ៏ត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការភាពអយុត្តិធម៌ ដូចមានចែងក្នុងមាត្រ១៤ (ចំណុចគ) នៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ ដែលចែងថា «ជនគ្រប់រូបត្រូវបានជំនុំជម្រះដោយឥតពន្យាពេល»។

ក្រុមមេធាវី​របស់​លោក កឹម សុខា ក៏បានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា ត្រូវបានអូសបន្លាយពេលជាច្រើនឆ្នាំ ហើយរាល់កាត់ក្ដី ឬក៏បើកសវនាការ  តុលាការព្យាយាមពន្យារមិនចង់បញ្ចប់កិច្ចដំណើរការនីតិវិធីនៅសាលាដំបូងឡើយ។ ពួកគេ​ថា ការ​​បន្ត​ពន្យារ​ពេល​សវនាការ​នេះ អាចនឹងប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់ពួកគេ​យ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះគឺសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា។

លោក ចាន់ ចេន មេធាវីមួយ​រូប​ដែល​ការពារក្ដីឲ្យ​លោក កឹម សុខា ប្រាប់ Newsroom Cambodia ថា ការស្នើសុំបើកសវនាការពីរដងមុន លោកថាលើកទី១ មិនទាន់មានការឆ្លើយតបទេពីខាងតុលាការ និងលើកទី២លោកថា បានស្នើទៅក្រសួងយុត្តិធម៌ សុំឲ្យជួយអន្តរាគមន៍ និងពន្លឿនទៅតុលាការ ប៉ុន្តែលោក​ថាក្រសួង​មួយនេះមិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះក្រុមមេធាវីរបស់លោកនៅឡើយ។ លោកបន្តថា មូលហេតុដែលក្រុមមេធាវី​បន្តស្នើសុំបើកសវនាការ ពីព្រោះពួកលោកចង់ឃើញប្រព័ន្ធតុលាការមួយអព្យាក្រឹត យុត្តិធម៌ចំពោះកូនក្ដីលោក និងអ្នកនយោបាយផ្សេងទៀត។​

លោកបញ្ជាក់ថា៖ «លោក កឹម សុខា មានជំងឺប្រចាំកាយដែលអត់ទាន់ព្យាបាល អីចឹងហើយគាត់ត្រូវការសិទ្ធិក្នុងការដើរហើរ អាចចេញទៅក្រៅប្រទេសបាន និងចំណុចមួយទៀតនោះ គាត់ជាអ្នកនយោបាយ អីចឹងវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដែលហាមគាត់មិនឲ្យធ្វើនយោបាយ នេះជាការរំលោភសិទ្ធិរបស់គាត់»​ ។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួននៅឆ្នាំ២០១៧ ហើយគណបក្សសង្គ្រោះជាតិ ដែល​ជាគណបក្ស​ប្រឆាំង​ធំ​ជាង​គេ ត្រូវបានតុលាកំពូលរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ក្រោម​បទ​ចោទ​ដូចគ្នា។

អ្នកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​មជ្ជមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហរោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការបន្តដាក់ករណីលោក​ កឹម​ សុខា​ នៅទ្រឹង ​នាំឱ្យមានចំណោទកាន់តែខ្លាំងពីហេតុ​ផលនយោបាយនៅពីក្រោយករណីនេះ។ អ្នកស្រី​បន្ត​ថា ការពន្យា​ពេល​ដំណើរការជំនុំម្រះ និងដំណើ​ររឿង និងនីតិវិធីជាច្រើនជុំវិញករណីលោក​ កឹម​ សុខា នេះ​ បានប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់លោក​ ដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

អ្នកស្រី​សរសេរ​បញ្ជាក់​ថា៖ «ជាការសំខាន់ណាស់ចំពោះសវនាការលើករណីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិហើយដែលបានទទួលរងការរិះគន់យ៉ាងច្រើនគួរត្រូវធ្វើឡើងដោយសាធារណ និងធានាឲ្យបានផងដែរនូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដល់ភាគីពាក់ព័ន្ធ»។

Newsroom Cambodia បានទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដោយលោកប្រាប់ថា លោកជាប់ប្រជុំ ហើយលោកប្រាប់ឲ្យទៅសួរលោក សួស វិទ្យារ៉ាន់ឌី ដែលជាអ្នកនាំពាក្យដូចគ្នា។ Newsroom Cambodia ក៏​​បាន​ព្យាយាម​ទាក់​ទង​លោក សួស វិទ្យារ៉ាន់ឌី ​ជាច្រើន​ដង ប៉ុន្តែ​មិនមាន​​ការឆ្លើយតប៕