ក្រសួងបរិស្ថាន និងដៃគូសហប្រតិបត្តិការបានដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧គីឡូវ៉ាត់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ខេត្តសៀមរាប ដើម្បីស្រាវជ្រាវ និងអភិរក្សកេសរកូល។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
លើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃ២៧ ខែមករា ឆ្នាំ ២០២១ បានផ្សាយសម្តីរបស់លោក សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
លោកបន្តថា សមិទ្ធផលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត។ ហើយការអភិវឌ្ឍមជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។
ទំព័រហ្វេសប៊ុកដដែលក៏បានផ្សាយសម្តីរបស់លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែរថា សមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។
ចំណែកតំណាងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា UNDP លោកស្រី (Ms.) Sonali Dayaratne ក៏បានបង្ហាញការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុនេះផងដែរ។
លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើការស្រាវជ្រាវ ការអភិរក្ស គារអប់រំផ្សព្វផ្សាយ និងជាកន្លែងកំសាន្តយល់ដឹងអំពីសារះសំខាន់នៃពូជកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន៕