ក្រសួងបរិស្ថាន និងដៃគូសហប្រតិបត្តិការបានដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧គីឡូវ៉ាត់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ខេត្តសៀមរាប ដើម្បីស្រាវជ្រាវ និង​អភិរក្ស​កេសរកូល​។ នេះ​បើ​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន។​

​លើ​ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃ២៧ ខែមករា​ ឆ្នាំ ២០២១ បាន​ផ្សាយ​​សម្តី​របស់​​លោក សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១នៅក្នុងប្រទេស​កម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។​

លោកបន្តថា សមិទ្ធផល​នេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត។ ហើយការអភិវឌ្ឍមជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ដដែល​​ក៏​បាន​ផ្សាយ​សម្តី​របស់​លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាល​ខេត្តសៀមរាប ដែរ​ថា សមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។

ចំណែកតំណាងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា UNDP លោកស្រី (Ms.) Sonali Dayaratne ក៏បានបង្ហាញការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុនេះផងដែរ។

លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើការស្រាវជ្រាវ ការអភិរក្ស​ គារអប់រំផ្សព្វផ្សាយ និងជាកន្លែងកំសាន្តយល់ដឹងអំពីសារះសំខាន់នៃពូជកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា។ នេះ​បើ​តាម​ការផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន៕​