កុមារជាច្រើននាក់បានរងនូវអំពើហិង្សានៅក្នុងសាលារៀន ជាពិសេសអំពើហិង្សាផ្នែកយេនឌ័រ និងការសម្លុត ដែលជាហេតុអាចបណ្ដាលឳ្យពួកគេបោះបង់ចោលការសិក្សា។ នេះយោងតាមការលើកឡើងរបស់នាយិកាអង្គការ Save the Children។
យោងតាមលិខិតគម្រោង «បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា» របស់អង្គការ Save the Children នៅថ្ងៃទី២៩ មករា ឆ្នាំ២០២១ កុមារដែលរងអំពើហិង្សាមានផលអវិជ្ជមានរយៈពេលយូរលើការអភិវឌ្ឍរបស់ពួកគេ។
យោងតាមការស្ទង់មតិអំពីអំពើហិង្សាលើកុមារនៅកម្ពុជាកាលពីឆ្នាំ២០១៣ ជាងពាក់កណ្តាលនៃស្ត្ រី(៥២.៧%) និងបុរស (៥៤,២%) ដែលមានអាយុពី១៨-២៤ឆ្នាំ បានឱ្យដឹងថា យ៉ាងហោចណាស់ពួកគេទទួលរងអំពើហិង្សាលើរាងកាយម្តង មុនដែលពួកគេអាយុ១៨ឆ្នាំ។
ការសិក្សាបានគូសបញ្ចាក់បន្ថែមទៀតថា អំពើហិង្សានៅតាមសាលារៀនច្រើនតែកើតឡើងរវាងកុមារដែលមានអាយុដំណាលគ្នា ប៉ុន្តែគ្រូបង្រៀនជាញឹកញាប់គឺជាអ្នកប្រព្រឹត្តិអំពើហិង្សាទៅលើកុមារនៅខាងក្រៅផ្ទះ។
លោកស្រីអេលីហ្សាបេត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អំពើហិង្សាលើកុមារ ជាពិសេសអំពើហិង្សាផ្នែកយេនឌ័រ និងការសម្លុត បានកត្តារួមចំណែកធំក្នុងការបោះបង់ចោលការសិក្សាក្នុងចំណោមកុមារមានពិការភាព។
លោកស្រីភៀស ក៏បានកត់សម្គាល់ផងដែរថា កុមារប្រឈមនឹងភាពងាយរងគ្រោះផ្សេងៗគ្នាផ្អែកលើយេនឌ័ររបស់ពួកគេ។ ក្មេងស្រីភាគច្រើនទទួលរងការរំលោភបំពានផ្លូវចិត្ត ការរំលោភបំពានតាមអ៊ិនធឺណិត អំពើហិង្សាផ្លូវភេទ និងការរំលោភបំពាន ខណៈពេលដែលក្មេងប្រុសទទួលរងនូវអំពើហិង្សា និងការដាក់ទណ្ឌកម្មលើរាងកាយ ។
លោក Daniel Selvanayagam នាយកប្រចាំប្រទេសនៃអង្គការWorld Vision បានមានប្រសាសន៍ថានឹងផ្តល់អំណាចដល់កុមារងាយរងគ្រោះរួមមាន កុមារី កុមារា កុមារដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង កុមារមានពិការភាព និងអ្នកការពារកុមារនៅតាមសហគមន៍ ដើម្បីលើកឡើងពីបញ្ហា និងចាត់វិធានការវិជ្ជមានប្រឆាំងនឹងអំពើហិង្សានៅតាមសាលារៀន។
ក្នុងពេលថ្មីៗនេះ អង្គការ Save the Children, អង្គការ World Vision និងអង្គការ Plan International នឹងរៀបចំពិធីសម្ភោធជាផ្លូវការនូវគម្រោង «បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា» ដែលជួយគាំទ្រដល់កុមារប្រមាណ១៣,០០០នាក់ រួមទាំងកុមារដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង និងកុមារមានពិការភាព នៅក្នុងខេត្តសៀមរាប និងព្រះវិហារ៕