ទិវានៃក្ដីស្រលាញ់ ឬជាភាសាអង់គ្លេសហៅថា វ៉ាឡិនថាញដេយ (Valentine’s Day) ជាទិវាដែលត្រូវបានគេទទួលស្គាល់តាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះយុវជនខ្មែរមួយចំនួននៅកម្ពុជាក៏បានប្រារព្ធទិវានេះផងដែរ។
យុវជននៅកម្ពុជាមួយចំនួនយល់ច្រឡំទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារ ដែលនាំឲ្យមានការលើកឡើងថា ពួកគេជ្រើសយកការរួមភេទជាមួយដៃគូក្នុងថ្ងៃនោះផងដែរ។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មួយសប្តាហ៍មុនពេលដែលទិវានៃក្តីស្រលាញ់នេះចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំអំពីវិធានការទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្នុងនោះក្រសួងអប់រំបានប្រាប់ឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវផ្សព្វផ្សាយទៅដល់សិស្សានុសិស្សឱ្យបានច្បាស់ និងកុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ និងត្រូវសហការជាមួយអាណាព្យាបាលសិស្សដើម្បីអប់រំ និងទប់ស្កាត់ភាពមិនប្រក្រតីណាមួយដែលប្រព្រឹត្តដោយសិស្សានុសិស្ស។
កំពុងអង្គុយស្រាវជ្រាវឯកសារក្នុងបណ្ណាល័យមួយ កញ្ញា រ៉ា ជីយ៉ាង និស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប លើកឡើងថា ទិវានៃក្ដីស្រលាញ់ ជាទិវាល្អមួយសម្រាប់ជនជាតិដទៃ ប៉ុន្តែដោយសារយុវវ័យកម្ពុជាមិនយល់អំពីអត្ថន័យបុណ្យនេះ បានធ្វើការប្រារព្ធដោយខុសឆ្គង ធ្វើឲ្យសង្គមមើលមកមិនត្រឹមត្រូវ។ កញ្ញាបន្តថា ទិវានៃក្តីស្រលាញ់គឺមានដើមកំណើតមកពីអឺរ៉ុបតាមរយៈសាសនាគ្រឹស្ត ប៉ុន្តែការប្រារព្ធនៅកម្ពុជាគឺមិនមានអ្វីខុសនោះទេ សំខាន់គឺអនុវត្តឲ្យត្រឹមត្រូវ។
កញ្ញាបញ្ជាក់ថា៖ «បើយុវវ័យយកទៅប្រើផ្លូវខុស គឺខុសហើយ ហើយបើយកទៅប្រើផ្លូវត្រូវ គឺបុណ្យនេះអាចផ្ដល់ផលល្អសម្រាប់យុវវ័យកម្ពុជា ហើយបុណ្យនេះផងដែរ គឺមានន័យថា បង្ហាញអំពីក្ដីស្រលាញ់ចំពោះក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន និងមិត្តភក្តិ»។
កញ្ញាបន្ថែមថា៖ «យុវវ័យអាចប្រារព្ធថ្ងៃបុណ្យ ១៤ កុម្ភៈហ្នឹង ដូចជាការទិញកាដូរឲ្យគ្នា ជាពិសេសនោះបើល្អគួរតែទិញជាសៀវភៅ ដែលក្នុងន័យរក្សាទំនាក់ទំនងគ្នា និងចែកចំណេះដឹងប្រៀបដូចជាការឲ្យទ្រព្យគ្នាទៅវិញទៅមក»។
កញ្ញាបន្ថែមថា ការផ្សព្វផ្សាយពីរូបភាព និងវីដេអូបែបស្រើបស្រាលផ្សេងៗលើបណ្តាញសង្គម ឬអ៊ីនធឺណេត ក៏ជះឥទ្ធិពលលើការអនុវត្តទិវានេះផងដែរ។
«ប្រព័ន្ធ Social Media គេផ្សព្វផ្សាយមកបែបរឿងស្នេហា ដូចជាយើងឃើញរឿងហូលីវូដ រឿងចិន ភាគច្រើនគឺចឹងកាលណាមើលហើយអារម្មណ៍បែបនឹង គឺវាដក់ជាប់ កាលណាដក់ជាប់ហើយអាចបបួលដៃគូទៅធ្វើរឿងផ្ដេសផ្ដាស ហើយចៃដន្យអីវាមានរឿងក្ដីស្រលាញ់ចឹងទៀត ក៏វាចឹងទៅ សំខាន់វាទាក់ទងគំនិតរបស់យើងវាប្រើប្រាស់បុណ្យនៃក្ដីស្រលាញ់បែបណា ហើយមនុស្សប្រុសនឹងចេះគិតគូររឿងនឹងអត់ ចេះគ្រប់គ្រងខ្លួនឯងដែរអត់ អាហ្នឹងវាជាបញ្ហា»។
ចំណែកយុវជនឈ្មោះ វៃ គឹមយូ អតីតនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក លើកឡើងថា ជាទូទៅលោកមើលឃើញប្រជាពលរដ្ឋ យុវជន ដឹងព័ត៌មានច្រើនតាមរយៈបណ្ដាញសង្គម ឬក៏បណ្ដាញផ្សេងៗ អំពីទិវានៃក្ដីស្រលាញ់ ថាជាបុណ្យវប្បធម៌បរទេសមកពីលោកខាងលិច ប៉ុន្តែលោកថា ភាគច្រើនយុវជនទទួលយកទិវានេះមកប្រារព្ធ ដូចជាការទិញកាដូរ ទិញផ្កា ជូនមនុស្សជាទីស្រលាញ់។ លោកថា ទិវានេះជាទិវានៃក្ដីស្រលាញ់សម្រាប់យុវជនខ្មែរ តែសម្រាប់ប្រទេសលោកខាងលិចនេះ ទិវានេះគ្រាន់តែជាការបង្ហាញពីក្ដីស្រលាញ់សកលមួយ ដែលរំឮកដល់មនុស្សឲ្យចេះស្រលាញ់គ្នាប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ជាទូទៅយុវជនយើងបានដឹងព័ត៌មានច្រើនទាក់ទងនឹងបណ្ដាញសង្គម ឬក៏មានបណ្ដាញផ្សេងៗទៀត ខ្វះក្នុងការប្រើប្រាស់វាឲ្យមានភាពត្រឹមត្រូវ ហើយស្របតាមស្ថានការណ៍សង្គម ដូចជាយកទៅប្រើដើម្បីបំពេញចិត្តខ្លួនឯង និងដៃគូក្នុងថ្ងៃបុណ្យនោះ»។
ចំណែកការជូនផ្កាលោកថា៖ «វាអាស្រ័យទៅលើបុគ្គលដែលអោយថាក្នុងន័យចេញពីទឹកចិត្ត មួយទៀតក្នុងគោលបំណងចង់បានផលប្រយោជន៍។ ចំណែកការជូនអំណោយ ឬកាដូ មិនមែនសុទ្ធតែមិនល្អនោះទេ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ និងការមើលខ្លួនឯង ដែលមិនអាចទៅបន្ទោសឲ្យតែអ្នកជូនផ្កាកុលាបខុសនោះទេ»៕