ទិវានៃក្ដីស្រលាញ់ ឬ​ជាភាសាអង់គ្លេស​ហៅ​ថា វ៉ាឡិនថាញដេយ (Valentine’s Day) ជាទិវា​ដែលត្រូវបានគេទទួលស្គាល់​តាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ ក្នុងនោះ​យុវជន​ខ្មែរមួយ​ចំនួន​នៅ​កម្ពុជា​ក៏​បាន​ប្រារព្ធទិវានេះ​ផង​ដែរ។​

យុវជន​នៅ​កម្ពុជាមួយ​ចំនួន​យល់ច្រឡំ​ទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារ ដែលនាំឲ្យ​មានការ​លើកឡើង​ថា ពួកគេ​ជ្រើស​យក​ការ​រួមភេទ​ជាមួយ​ដៃគូ​ក្នុងថ្ងៃនោះផងដែរ។

កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មួយ​សប្តាហ៍​មុនពេល​ដែល​ទិវានៃ​ក្តីស្រលាញ់​នេះ​ចូល​មក​ដល់ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេ​ញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់​នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្នុង​នោះ​ក្រសួង​អប់​រំ​បាន​ប្រាប់​ឲ្យ​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ ​ ត្រូវ​​ផ្សព្វ​ផ្សាយ​​​ទៅដ​ល់​សិស្សានុសិស្ស​ឱ្យ​បាន​ច្បាស់ និង​កុំឱ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃទិវា​​ក្តី​ស្រលាញ់​ ថ្ងៃទី​១៤ ខែ​កុម្ភៈ និង​ត្រូវ​សហការ​ជាមួយ​អាណាព្យាបាល​សិស្ស​ដើម្បី​អប់​រំ និង​ទប់​ស្កាត់​ភាព​មិនប្រក្រតី​ណាមួយ​ដែល​ប្រព្រឹត្ត​ដោយ​សិស្សា​នុសិស្ស។​

កំពុងអង្គុយស្រាវជ្រាវឯកសារក្នុងបណ្ណាល័យមួយ កញ្ញា រ៉ា ជីយ៉ាង និស្សិតឆ្នាំទី៣ ជំនាញ​ទំនាក់​ទំនងអន្តរជាតិ នៅសាកលវិទ្យា​ល័យអាស៊ីអ៊ឺរ៉ុប​ លើកឡើង​ថា ទិវា​​នៃ​ក្ដី​ស្រលាញ់ ជា​ទិវា​ល្អមួយ​សម្រាប់​ជន​ជាតិ​ដទៃ ប៉ុន្តែ​​ដោយសារយុវវ័យកម្ពុជាមិនយល់អំពីអត្ថន័យបុណ្យនេះ បានធ្វើការប្រារព្ធដោយខុសឆ្គង ធ្វើ​ឲ្យ​សង្គមមើលមកមិនត្រឹមត្រូវ។​ កញ្ញា​បន្ត​ថា ទិវានៃក្តីស្រលាញ់​គឺមាន​​ដើម​កំណើត​មក​ពី​អឺរ៉ុប​តាមរយៈ​សាសនា​គ្រឹស្ត ប៉ុន្តែ​​ការប្រារព្ធ​នៅ​កម្ពុជា​គឺមិនមាន​អ្វីខុសនោះ​ទេ សំខាន់​គឺអនុវត្ត​ឲ្យ​​ត្រឹម​ត្រូវ។

កញ្ញា​បញ្ជាក់ថា៖ «បើយុវវ័យយកទៅប្រើផ្លូវខុស គឺខុសហើយ ហើយបើយកទៅប្រើផ្លូវត្រូវ គឺ​បុណ្យ​នេះអា​ចផ្ដល់ផលល្អសម្រាប់​​​យុវវ័យកម្ពុជា ហើយបុណ្យនេះផងដែរ  គឺមាន​ន័យថា បង្ហាញ​អំពី​ក្ដីស្រលាញ់​ចំពោះក្រុម​គ្រួសារ ឪពុកម្ដាយ បងប្អូន និងមិត្តភក្តិ»។

កញ្ញា​បន្ថែម​ថា៖ «យុវវ័យអាចប្រារព្ធថ្ងៃបុណ្យ ១៤ កុម្ភៈហ្នឹង ដូចជាការទិញកាដូរឲ្យគ្នា ជាពិសេស​នោះ​បើ​ល្អ​គួរ​តែ​ទិញ​ជា​សៀវភៅ ដែលក្នុងន័យរក្សាទំនាក់ទំនងគ្នា និងចែកចំណេះដឹងប្រៀបដូច​ជា​ការ​ឲ្យទ្រព្យ​គ្នា​ទៅវិញទៅមក»។

កញ្ញា​បន្ថែម​​ថា ការ​ផ្សព្វផ្សាយ​ពី​រូបភាព និង​វីដេអូ​​បែប​ស្រើបស្រាល​ផ្សេងៗ​លើ​បណ្តាញ​សង្គម​ ឬ​អ៊ីន​ធឺណេត ក៏​​ជះ​ឥទ្ធិពល​លើ​ការ​អនុវត្ត​ទិវា​នេះ​​ផង​ដែរ។

«ប្រព័ន្ធ Social Media គេផ្សព្វផ្សាយមក​បែបរឿងស្នេហា ដូចជាយើងឃើញរឿងហូលីវូដ រឿង​ចិន ភាគច្រើនគឺចឹងកាល​ណាមើលហើយអារម្មណ៍បែបនឹង គឺវាដក់ជាប់ កាលណា​ដក់ជាប់​ហើយ​អាច​បបួល​ដៃគូ​ទៅ​ធ្វើ​រឿង​ផ្ដេសផ្ដាស ហើយ​ចៃដន្យ​អី​វា​មាន​រឿង​ក្ដី​ស្រលាញ់​ចឹង​ទៀត ក៏​វា​ចឹង​ទៅ សំខាន់​វា​ទាក់ទង​គំនិត​របស់​យើង​វា​ប្រើប្រាស់​បុណ្យ​នៃ​ក្ដីស្រលាញ់​បែបណា ហើយ​មនុស្សប្រុស​នឹ​ង​ចេះ​គិតគូរ​រឿងនឹងអត់ ចេះ​គ្រប់គ្រង​ខ្លួន​ឯង​ដែរ​អត់ អាហ្នឹង​វា​ជា​បញ្ហា»។

ចំណែកយុវជនឈ្មោះ វៃ គឹមយូ អតី​ត​និស្សិត​បរិញ្ញាបត្ររង​គិលានុបដ្ឋាក លើកឡើងថា ជាទូទៅ​លោក​មើល​ឃើញ​ប្រជាពលរដ្ឋ យុវជន ដឹង​ព័ត៌មាន​ច្រើន​តាម​រយៈបណ្ដាញ​សង្គម ឬក៏បណ្ដាញ​ផ្សេងៗ អំពី​ទិវា​នៃ​ក្ដី​ស្រលាញ់ ថា​ជាបុណ្យវប្បធម៌បរទេសមកពីលោកខាងលិច ប៉ុន្តែ​លោកថា ភាគច្រើន​យុវជ​ន​ទទួល​យក​ទិវា​នេះ​មក​ប្រារព្ធ ដូចជា​ការទិញកាដូរ ទិញផ្កា ជូនមនុស្សជាទីស្រលាញ់​។ លោកថា ទិវា​នេះ​ជា​ទិវា​នៃ​ក្ដីស្រ​លាញ់​សម្រាប់​យុវជ​នខ្មែរ តែ​សម្រាប់​ប្រទេស​លោក​ខាង​លិច​នេះ ទិវា​នេះ​គ្រាន់​តែជា​ការបង្ហាញ​ពី​ក្ដី​ស្រលាញ់​សកល​មួយ ដែលរំឮក​ដល់​មនុស្ស​ឲ្យ​ចេះស្រ​លាញ់​​គ្នា​ប៉ុណ្ណោះ។​​

លោកបញ្ជាក់ថា៖ «ជាទូទៅ​យុវជនយើងបានដឹងព័ត៌មានច្រើនទាក់ទងនឹងបណ្ដាញសង្គម ឬ​ក៏​មាន​បណ្ដាញ​ផ្សេងៗ​ទៀត ខ្វះក្នុងការប្រើប្រាស់វាឲ្យ​មាន​ភាព​ត្រឹមត្រូវ ហើយស្របតាមស្ថានការណ៍សង្គម ដូចជា​យក​ទៅ​ប្រើ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង និងដៃគូក្នុងថ្ងៃបុណ្យនោះ»។

 ចំណែកការជូនផ្កា​លោកថា៖ «វាអាស្រ័យទៅលើបុគ្គលដែលអោយថាក្នុងន័យចេញពីទឹកចិត្ត មួយ​ទៀតក្នុងគោលបំណងចង់បានផលប្រយោជន៍។ ចំណែក​ការ​ជូន​​អំណោយ ឬកាដូ មិនមែន​សុទ្ធ​តែ​មិ​ន​ល្អ​នោះ​ទេ​ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ និង​ការមើល​ខ្លួន​ឯង ដែល​មិន​អាច​ទៅ​បន្ទោស​ឲ្យ​តែ​អ្នក​ជូន​ផ្កាកុ​លាប​ខុស​នោះ​ទេ»៕