ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ​ប្រកាសឲ្យ​​អនុវត្ត​ការ​ប្រើ​ប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់​កូវីដ​១៩ (Stop Covid-19) ដល់​សាធារណៈ​ជន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០  ខែកុម្ភៈ​នេះ​បា​​នឲ្យដឹងថា ក្រសួងបានរៀបចំប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ១៩ (Stop Covid-19)» ដែលសាធារណៈជនចំបាច់ត្រូវស្គេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ខុនដូ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។

ប្រព័ន្ធ​នេះ​នឹង​ជួយ​កត់​ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញ-ចូល និង​អាច​សម្រួល​ក្នុងការ​តាម​ស្វែង​រក​អ្នក​ដែលជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើ​ទីតាំងនោះ​មាន​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុសកូវីដ១៩។ ក្នុង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ថា​ ប្រព័ន្ធ QR Code នេះ​មិនមាន​ការតាមដាន​ឯកជន​ភាព​របស់​បុគ្គល​ឡើយ។

ក្នុង​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​តាម​ន័យ​ដើមថា៖ «គណៈកម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​​ជំងឺកូវីដ១៩ សូមណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និង​ម្ចាស់​ទីតាំង​ដែល​មាន​ការជួបជុំ​មនុស្សច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ១៩ (Stop Covid-19)» សូមចូលទៅក្នុងគេហទំព័រ stopcovid.gov.kh រួចចុចលើ​ពាក្យ ស្នើសុំ QR Code រួចចុច download យកមួយ​សន្លឹក​ទៅ​ព្រីន និង​បិទ​នៅ​មុខ​ទី​កន្លែង​ចេញ-ចូល​របស់ខ្លួន»។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧:០០នាទីព្រឹក នាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន៦៥នាក់ និង​មាន​​អ្នក​ជា​សះស្បើយ​ចំនួន០១នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី០៧នាក់​ទៀត​​​ហើយ​​រួម​ទាំង​ករណី​វិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៥៨នាក់ទៀត​ ដែលជា​អ្នក​ពាក់ព័​ន្ធ​​​​នឹ​​ង​ព្រឹត្តិការណ៍ស​ហគមន៍ ២០ កុម្ភៈ។ អ្នកជំងឺចំនួន​៥៨នាក់​ខាង​លើ​ត្រូវ​បាន​ដាក់​ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណៈជ​នអំពីការវិវត្តនៃបញ្ហាសុខភាព តាម​ទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួង​ www.moh.gov.kh ដែល​គេហ​ទំព័រ​នេះ​មាន​សម្ភារៈ​អប់​រំសុខភាព​ដែល​អាចទាញយកមកប្រើប្រាស់បាន ឬអាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទរបស់​ក្រសួង​ផ្ទាល់ ១១៥​ ដោយ​ឥតគិតថ្លៃ៕