សូត្រ ដែលជាផលិតផលបង្ហាញអំពីអត្តសញ្ញាណតាំងពីសម័យបុរាណកាល និងជាទីនិយមចូលចិត្តរបស់ប្រជាជនខ្មែរ មានការចុះសន្ទុះនៃការគាំទ្រគួរឱ្យកត់សម្គាល់ក្នុងរយៈចុងក្រោយនេះ។
គេបានសង្កេតឃើញថាមានការនាំចូលផលិតផលសូត្របរទេស និងផលិតផលចម្លងផ្សេងៗដូចជា ហូល ផាមួង ជប៉ុន អ៊ីតាលី ជាដើម ដែលកំពុងតែប្រណាំងប្រជែងជាមួយផលិតផលសូត្រខ្មែរដោយដាក់លក់ពាសពេញទីផ្សារនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះជាបទសម្ភាសខ្លីមួយរវាងអ្នកសារពត៌មាន Newsroom Cambodia សុន រស្មី ជាមួយ កញ្ញា ចេន សុធា ជាអ្នកគ្រប់គ្រងទូទៅ និងតំណាងផ្នែកលក់នៅក្នុងសមាគមសិប្បកម្ម កីតម្បាញខ្មែរ។
សុន រស្មី៖ សូមជំរាបសួរ បងស្រី! សព្វថ្ងៃនេះកំណើននៃការនាំចូលផលិតផលសូត្របរទេស និងផលិតផលចម្លងដូចជាហូល ផាមួង ជប៉ុន និងអ៊ីតាលី មានការកើនឡើងច្រើនក្នុងទីផ្សារកម្ពុជា។ ខ្ញុំចង់សួរបងថា តើបងយល់ឃើញយ៉ាងណាចំពោះការនាំចូលនេះ?
កញ្ញា ចេន សុធា៖ ទាក់ទងនឹងការនាំចូលផលិតផលសូត្របរទេស ដូចជា ហូល ផាមួង ជប៉ុន និងអ៊ីតាលី ជាដើម គឺវាផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងផលិតផលសូត្រខ្មែរយើងដូចជា របរតម្បាញមានការធ្លាក់ចុះហើយផលិតផលសូត្រខ្មែរដូចជាហូល ផាមួង ក៏មានការគាំទ្រថយចុះដោយសារតែផលិតផលនាំចូលមានតម្លៃថោកជាងផលិតផលរបស់ខ្មែរ។
សុន រស្មី៖ បន្តទៅសំនួរបន្ទាប់ទៀត តើមូលហេតុអ្វីបានជាមានការនាំចូលផលិតផលសូត្របរទេសទាំងនោះចូលមកក្នុងទីផ្សារកម្ពុជា?
កញ្ញា ចេន សុធា៖ មូលហេតុដែលនាំឱ្យមានការនាំចូលផលិតផលសូត្រទាំងនោះចូលមកក្នុងទីផ្សារកម្ពុជា ទី១ ប្រទេសយើងជាប្រទេសទីផ្សារសេរី ដូច្នេះការនាំចូលគឺមិនមានការហាមឃាត់ទេ។ ទី២ ដោយសារតែផលិតផលសូត្រនៅកម្ពុជាសព្វថ្ងៃនេះខ្សត់ អត់សូវសំបូរហើយមានតម្លៃថ្លៃជាងសូត្រនាំចូល។ ទី៣ បរទេសគេដឹងណាស់ថាខ្មែរយើងត្រូវការអ្វី គេមើលទៅតាមសេដ្ឋកិច្ចខ្មែរយើង ហើយគេនាំចូលផលិតផលរបស់គេមកមានតម្លៃថោកជាងនិងសំបូរបែបជាងយើង។ ទី៤ ប្រជាជនខ្មែរយើងនិយមគាំទ្រទៅលើផលិតផលសូត្របរទេសជាងផលិតផលក្នុងស្រុកដូចនេះការនាំចូលនៅតែបន្តមានរហូត។
សុន រស្មី៖ ខ្ញុំចង់សាកសួរទៅបងបន្ថែមទៀតថា តើការនាំចូលផលិតផលសូត្របរទេសនេះផ្ដល់ផលប៉ះពាល់អ្វីខ្លះចំពោះផលិតផលសូត្រខ្មែរ?
កញ្ញា ចេន សុធា៖ សម្រាប់ការនាំចូលផលិតផលសូត្របរទេសនេះ ផ្ដល់ផលប៉ះពាល់ច្រើនចំពោះផលិតផលសូត្រខ្មែរបើសរុបទៅគឺធ្វើឱ្យ ផលិតផលយើងមានការធ្លាក់ចុះការគាំទ្រ ការផលិតសូត្រ ពីដង្កូវនាង មានការថយចុះហើយការលក់ដូរក្នុងទីផ្សារក៏ធ្លាក់ចុះ ដូចនេះយូរៗទៅសូត្រខ្មែរអាចនឹងឈានដល់ការបាត់បង់ប្រសិនបើលែងមានការគាំទ្រ។ មួយវិញទៀតផលិតផលសូត្រខ្មែរយើង អត់សូវមានតម្លៃ គឺយើងមិនអាចលក់ក្នុងតម្លៃខ្ពស់ជាងសូត្រនាំចូល ចង់ឬមិនចង់គឺយើងត្រូវបន្ទាបតម្លៃខ្លះដើម្បីប្រកួតប្រជែងជាមួយសូត្រនាំចូល។
សុន រស្មី៖ ចំពោះគុណភាពនិងតម្លៃវិញ តើមានភាពខុសគ្នាដូចម្ដេចខ្លះរវាងផលិតផលទាំងពីរ?
កញ្ញា ចេន សុធា៖ ចំពោះគុណភាពនិងតម្លៃវិញបើនិយាយពីភាពខុសគ្នា យើងមិនអាចអះអាងបានមួយរយភាគរយទេ ប៉ុន្តែសម្រាប់សូត្រខ្មែរយើងដែលផលិតចេញពីសូត្រដង្កូវនាងនៅក្នុងស្រុក គឺផលិតផលយើងមានគុណភាពល្អ និង តម្លៃខ្ពស់ជាង ព្រោះយើងផលិតដោយដៃ ចំណែកផលិតផល នាំចូលវិញក៏មាន គុណភាពប្រហាក់ប្រហែលយើងដែរ គ្រាន់តែមានតម្លៃទាបជាង ព្រោះគេផលិតដោយប្រើម៉ាស៊ីន គួបផ្សំជាមួយបច្ចេកទេសទំនើប គឺផលិតផលខ្មែរនិងបរទេស មានលក្ខណៈប្រហាក់ប្រហែលគ្នា មានទាំងល្អ និងមិនល្អ។
សុន រស្មី៖ សំនួរចុងក្រោយនេះ ចង់សួរបងថា តើបងមានវិធីសាស្រ្តអ្វីខ្លះដើម្បីទាក់ទាញប្រជាជនខ្មែរឱ្យគាត់ងាកមកចាប់អារម្មណ៍និងគាំទ្រផលិតផលសូត្រខ្មែរយើងវិញ?
កញ្ញា ចេន សុធា៖ ទាក់ទងវិធីសាស្រ្តក្នុងការទាក់ទាញប្រជាពលរដ្ឋខ្មែរយើងដើម្បីឱ្យពួកគាត់គាំទ្រផលិតផលសូត្រខ្មែរឡើងវិញសម្រាប់ខាងសមាគម កីតម្បាញខ្មែរ បង ទី១ គឺយើងបង្កើនគុណភាពធ្វើយ៉ាងណាឱ្យផលិតផលសូត្រយើងមានគុណភាពល្អ។ ទី២ ព្យាយាមច្នៃប្រឌិតនិងរកអ្វីដែលថ្មីៗដើម្បីបំពេញដល់តម្រូវការរបស់អតិថិជន។ ទី៣ គឺយើងព្យាយាមធ្វើការផ្សព្វផ្សាយឱ្យបានច្រើន ទាក់ទងផលិតផលសូត្រខ្មែរយើង ដូចជា ហូល ផាមួង ស៊ឺង ជាដើមតាមរយៈប្រព័ន្ធអ៊ីនធើណេត ព្រមទាំងមានការចូលរួម ពីក្រសួងពាណិជ្ជកម្ម ឬកម្មវិធីតាំងពិព័រណ៍ផ្សេងៗដើម្បីធ្វើការផ្សព្វផ្សាយក៏ដូចជាតាំងបង្ហាញផលិតផលសូត្រខ្មែរផងដែរ។ បន្ថែមទៀតខាងបងក៏បានធ្វើការពន្យល់ផ្ទាល់ដល់អតិថិជនឱ្យពួកគាត់យល់ដឹងបន្ថែមអំពីផលិតផលជាតិ។
សុន រស្មី៖ សូមអរគុណ បងស្រី! ជាចុងក្រោយនេះ តើបងមានជាមតិយោបល់ ឬក៏សំណូមពរអ្វីបន្ថែមទៀតទេ?
កញ្ញា ចេន សុធា៖ សម្រាប់បង បងចង់ឱ្យអាជីវករ និង ប្រជាជនខ្មែរ យើងមានការយល់ដឹងឱ្យបានច្រើន និង ច្បាស់លាស់ អំពីផលិតផលសូត្រខ្មែរនិងសូត្របរទេស ព្រោះកន្លងមកបងឃើញ អាជីវករមួយចំនួន ពួកគាត់អត់ស្គាល់ច្បាស់ និងយល់ច្រឡំរវាងផលិតផលក្នុងស្រុកនិងផលិតផលនាំចូល ដូចជាស៊ឹងឡាវគាត់ថាស៊ឹងខ្មែរ ផាមួង អ៊ីតាលី ឬជប៉ុន គាត់ប្រាប់ភ្ញៀវថា ផាមួងខ្មែរ ចឹងបងចង់ឱ្យមានការបែងចែកច្បាស់លាស់រវាងផលិតផលទាំងពីរ។ មួយទៀតបងចង់ឱ្យក្រសួងដែលពាក់ព័ន្ធដូចជា ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម រួមសហការគ្នា បង្កើត កម្មវិធីតាំងពិព័រណ៍ ផលិតផលខ្មែរ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅដល់ប្រជាជន ជាពិសេស ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពី ផលិតផល និង សូត្រខ្មែរយើង ព្រោះសព្វថ្ងៃនេះ ក្មេងជំនាន់ក្រោយតិចណាស់ ដែលស្គាល់ និងយល់ដឹងអំពីសូត្រ និងផលិតផលដែលច្នៃចេញពីសូត្ររបស់ខ្មែរយើង៕