លោកគង់ មូនីកា ប្រធានគណៈបក្សឆន្ទៈខ្មែរ បានផ្តល់កិច្ចសម្ភាសន៌ដល់លោកសុត បាន ដែលជាសិក្ខាកាមសារព័ត៌មានមកពី Newsroom Cambodia ក្រោមប្រធានបទថាតើគណបក្សនយោបាយថ្មី អាចជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងយុវជនដែរឬទេ។ កិច្ចសម្ភាសន៌ក៏ស្តីអំពីយុវជន នយោបាយបច្ចុប្បន្ន ប្រជាធិបតេយ្យ និងប្រជាប្រិយភាពគណបក្សរបស់គាត់ផងដែរ។
ខាងក្រោមនេះជា Q & A រវាងលោកគង់ មូនីកា និងលោកសុត បាន។
Q៖ តើបងយល់យ៉ាងណាចំពោះស្ថានភាពនយោបាយសព្វថ្ងៃ ដែលយើងមើលឃើញថាមានគណបក្សនយោបាយថ្មីៗជាច្រើនកំពុងតែកើតមានឡើងនៅក្នុងសង្គមប្រជាធិបតេយ្យយើង?
A៖ ការកកើតឡើង ឬដំណើរការនយោបាយនៅកម្ពុជា យើងឃើញហើយកន្លងមកមានគណបក្សនយោបាយច្រើនណាស់ មានទាំងគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សផ្សេងៗជាច្រើនទៀតដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនានយោបាយនៅកម្ពុជាហ្នឹង ជាពិសេសការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ហើយនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងនៅឆ្នាំ១៩៩៣ ហើយជាបន្តបន្ទាប់មានការវិវត្តន៍នយោបាយរវាងអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយប្រឆាំង ឬក៏ដៃគូនយោបាយនៃគណបក្សនីមួយៗ តែងតែមានការប្រកួតប្រជែងគ្នាដើម្បីឈានទៅកាន់អំណាច។
ក៏ប៉ុន្តែយើងសង្កេតឃើញថា ការវិវត្តនយោបាយពីមួយនិតិកាល ទៅមួយនិតិកាលមានការផ្តាល់ប្តូរ រហូតមកដល់ឆ្នាំ២០១៣ និងឆ្នាំ២០១៧ចុងក្រោយនេះ ដែលមានការរំលាយគណបក្សប្រឆាំងដ៏ធំមួយដែលមានប្រជាពលរដ្ឋគាំទ្រជិតកន្លះលាននាក់ (កន្លះនគរ) ដែលចង់បង្ហាញថាស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមានភាពផុយស្រួយនៅឡើយ។ ដូច្នេះបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ យើងឃើញមានគណបក្សច្រើនបានកកើតជាបន្តបន្ទាប់ រួមមានគណបក្សខ្ញុំដែរ គឺគណបក្សឆន្ទៈខ្មែរ ដែលយើងបានបង្កើតមុនការបោះឆ្នោតឆ្នាំ២០១៨ ពីរខែប៉ុណ្ណោះ។
ទី១ ក្នុងនាមយើងអ្នកនយោបាយស្រករក្រោយ ឬអ្នកនយោបាយវ័យក្មេង ដូចជារូបខ្ញុំឬក៏អ្នកនយោបាយផ្សេងៗទៀត ចង់ឲ្យមានការផ្លាស់ប្តូរមួយជាវិជ្ជមានបែបប្រជាធិបតេយ្យ។ ទី២ ប្រជាពលរដ្ឋនិងយុវជនតាមបណ្តាគ្រប់ខេត្តក៏ចង់ឃើញឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជាដូចគ្នា។
Q៖ តើការបង្កើតគណបក្សនយោបាយថ្មីច្រើនអាចមានផលចំណេញអ្វីខ្លះដល់សង្គមជាតិ?
A៖ ខ្ញុំយល់ថាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គួរគោពរសិទ្ធិ សេរីភាពនយោបាយ សេរីភាពមូលដ្ឋានផ្សេងៗដែលប្រជាពលរដ្ឋគ្រប់រូបមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋម្នាក់ៗមានសិទ្ធិក្នុងការធ្វើនយោបាយ ដូច្នេះសំខាន់ថាតើយើងអនុវត្តសិទ្ធិសេរីភាពនយោបាយយើងបានទូលំទូលាយកំរិតណា ហើយកន្លែងខ្លះទៀតយើងឃើញថា អ្វីដែលកម្ពុជាមានសព្វថ្ងៃគឺសិទ្ធិនយោបាយត្រូវបានរឹតត្បឹត សិទ្ធិមានចំពោះតែបុគ្គលកាន់អំណាច។ ដូច្នេះការបង្កើតគណបក្សច្រើនជាយុទ្ធសាស្រ្តនយោបាយមួយចំនួនដែរ ខ្ញុំគិតថាប្រជាពលរដ្ឋអាចដឹងថាគណបក្សនយោបាយថ្មីណាអាចជាក្តីសង្ឃឹមរបស់ពួកគាត់ និងអាចជួយគិតគូរពីផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍និងសេចក្តីសុខ សន្តិភាព។
Q៖ ចំពោះការបោះឆ្នោតអាណត្តិក្រោយ តើគណៈបក្សឆន្ទៈខ្មែរ មានជំនឿក្នុងការដណ្តើមអាសនៈពីគណៈបក្សកាន់អំណាច ឬគណបក្សនយោបាយផ្សេងៗបានដែរឬទេ?
A៖ ជាការពិតគណបក្សឆន្ទៈខ្មែរ បើថ្វីត្បិតថាយើងទើបតែបង្កើតក្នុងរយៈពេលខ្លី ការបោះឆ្នោតកន្លងមកនៅឆ្នាំ២០១៨ យើងបានទទួលសម្លេងខ្ពស់ពីការគាំទ្រទូទាំងប្រទេស ជាង២.០០០.០០០(ពីរសែនសម្លេង)ដែរ ហើយឈរនៅក្នុងលំដាប់ទី៤ នៃគណបក្សទាំង២០ដែលបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨។
ដូច្នេះហើយយើងឃើញថាទាំងនេះជាមូលដ្ឋានគ្រឹះ ហើយជាសក្តានុពលដែលអាចឲ្យគណបក្សឆន្ទៈខ្មែរនៅតែបន្តខិតខំបន្ថែមទៀត ព្រោះកន្លងមកយើងមានពេលតិចតួចមែនទែនដែលបានបញ្ជ្រាបខ្លួនទៅដល់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅឲ្យបានស្គាល់ ប៉ុន្តែឥឡូវនេះយើងមានពេល២ឆ្នាំជាងមកហើយ ដើម្បីអាចបញ្ជ្រាបខ្លួនបណ្តើរៗឲ្យប្រជាពលរដ្ឋបានស្គាល់ ហើយក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ ដែលជាការបោះឆ្នោតថ្នាក់ក្រោមជាតិ ឬការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៣ការបោះឆ្នោតជាតិ(តំណាងរាស្រ្ត) គណបក្សឆន្ទៈខ្មែរមានការជឿជាក់ថាយើងនឹងអាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាបាន។
Q៖ តើគណបក្សនយោបាយគួរមានគោលដៅនិងចក្ខុវិស័យបែបណាក្នុងការជំរុញ និងលើកទឹកចិត្តយុវជនឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ?
A៖ យើងឃើញថាកម្ពុជាមានយុវជនច្រើនជាង៧០ភាគរយក្រោមអាយុ៣៥ឆ្នាំ ប៉ុន្តែខ្ញុំឃើញថាការយកចិត្តទុកដាក់ ឬក៏ផ្តោតអារម្មណ៍ទៅលើវិស័យនយោបាយរបស់យុវជននៅមានកម្រិតនៅឡើយ ហើយយុវជនមួយចំនួនទៀតហាក់បីដូចជាមានការបែងចែកគ្នាទៅតាមទស្សនៈគំនិតរបស់ក្រុមគាត់ ដោយភាគច្រើនទាញយកតែគំនិតរបស់ខ្លួនថាត្រឹមត្រូវ ដោយមិនបានធ្វើការពិចារណាឲ្យបានទូលំទូលាយ ថាត្រូវមានការរួមគិត រួមគូរ រួមធ្វើទាំងអស់គ្នាដើម្បីផលប្រយោជន៍ប្រទេសជាតិយ៉ាងណានោះទេ។
ដូច្នេះហើយខ្ញុំយល់ឃើញថាបញ្ហាសង្គមជាតិសព្វថ្ងៃមិនសូវមានការលើកទឹកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទៅដល់យុវជនប៉ុន្មាននោះទេ។ ដូច្នេះក្នុងនាមយើងជាគណបក្សនយោបាយថ្មីមានគោលនយោបាយលើកទឹកចិត្តយុវជនឲ្យមានការចូលរួមក្នុងវិស័យនយោបាយឲ្យកាន់តែច្រើន តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាល ឬក៏មានការជួបជុំគ្នារបៀបជាតុកាហ្វេជជែកគ្នាអំពីស្ថានការណ៍នយោបាយសង្គម ស្ថានការណ៍នយោបាយពិភពលោក។
Q៖ តើពលរដ្ឋនិងយុវជនមានតួនាទីអ្វីខ្លះនៅក្នុងវិស័យនយោបាយ ហើយតើហេតុអ្វីពលរដ្ឋនិងយុវជនចំបាច់ចូលរួមចំណែកខ្វាយខ្វល់ និងតាមដានពីរឿងនយោបាយ?
A៖ ប្រជាពលរដ្ឋនិងយុវជនកម្ពុជាហាក់បីដូចជានៅឆ្ងាញពីវិស័យនយោបាយខ្លាំង ដោយសារការធុញទ្រាន់របស់គាត់ដែលឃើញអ្នកនយោបាយកន្លងមកតែងតែមានបញ្ហានិងគ្នាបង្ករបញ្ហាជម្លោះផ្នែកនយោបាយ ធ្វើឲ្យគាត់មានភាពតានតឹងនិងការលំបាកដោយស្ថានភាពនយោបាយទាំងអស់នេះ។
យើងធ្លាប់បានឃើញរូបភាពល្អកន្លងមកតាមរយៈវប្បធម៌សន្ទនាកាលពីឆ្នាំ២០១៤ រវាងថ្នាក់ដឹកនាំនិងគណបក្សប្រឆាំងដែលធ្វើឲ្យពលរដ្ឋនិងយុវជនសប្បាយសាទរ ដែលបានឃើញអ្នកនយោបាយចេះគោរពស្រឡាញ់ សាមគ្គីគ្នាដោយងាកមកគិតគូរពីផលប្រយោជន៍ប្រទេសជាតិ ប៉ុន្តែមិនយូរប៉ុន្មានស្ថានភាពនយោបាយត្រឡប់ទៅរកវិបត្តិផ្នែកនយោបាយម្តងទៀត។
ដូច្នេះហើយខ្ញុំគិតថាប្រជាពលរដ្ឋនិងយុវជនគួរតែចាប់ផ្តើមយកចិត្តទុកដាក់តាមដានលើវិស័យនយោបាយឲ្យបានដិតដល់ ហើយសម្លឹងមើលរកគណបក្សនយោបាយថ្មីៗដែលអាចចូលរួមចំណែកធ្វើជាតំណាងរបស់ខ្លួនដើម្បីតស៊ូមតិឬក៏ជួយពាំនាំសេចក្តីកង្វល់ឬបញ្ហាជីវភាពទាំងឡាយរបស់ប្រជាពលរដ្ឋឲ្យដល់រដ្ឋាភិបាលដើម្បីជួយធ្វើការដោះស្រាយបញ្ហា។ ដូច្នេះតួនាទីរបស់យុវជននិងពលរដ្ឋគឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ដូចបណ្តាប្រទេសលោកខាងលិចដែលគេឲ្យតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
Q៖ ជាចុងក្រោយ តើបងមានអ្វីចង់បន្ថែមទៀតទេ ពាក់ព័ន្ធនិងការបង្កើតគណៈបក្សនយោបាយថ្មីច្រើននៅកម្ពុជា ប្រសិនបើជាមានសូមអញ្ញើញបង។
A៖ ខ្ញុំយល់ឃើញថាការបង្កើតគណបក្សនយោបាយថ្មីៗភាគច្រើនកើតចេញពីអតីតគណបក្សប្រឆាំងគឺបក្សសង្គ្រោះជាតិ ហើយខ្ញុំយល់ថាប្រសិនបើយើងជាអ្នកប្រជាធិបតេយ្យពិតប្រាកដគួរតែរួមកម្លាំងប្រជាធិបតេយ្យឡើងវិញ ដោយរកឪកាសជួបគ្នារវាងអ្នកប្រជាធិបតេយ្យទាំងអស់ហ្នឹង ដែលមានប្រភពពីសង្គ្រោះជាតិដូចគ្នាឬក៏អ្នកប្រជាធិបតេយ្យមកពីគណបក្សផ្សេងៗទៀតក៏ដោយដែលមានគោលបំណងចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា ដើម្បីស្វែងរករូបមន្តកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕