ស្ថានបេសកកម្មអចិន្រ្តៃយ៌របស់ប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ថា ខ្លួនមាន «ក្តីខកចិត្តយ៉ាងខ្លាំង» ចំពោះរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សដែលបានរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះ។

លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា នៅទូទាំងអាស៊ីអាគ្នេយ៍ រួមមានកម្ពុជាផងដែរ​ មានការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្ស ហើយប្រជាជនបានប្រមូលផ្តុំដោយសន្តិវិធីដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិ និងអនុវត្តគោល​ការណ៍ប្រជាធិបតេយ្យ។

លោកស្រី Michelle Bachelet បាននិយាយដូច្នេះថា៖ «ជាការឆ្លើយតប សកម្មជនអ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងចាប់ខ្លួន ការយាយី និងអំពើហិង្សា ហើយបានប្រឈមនឹងការចោទប្រកាន់ និងការផ្តន្ទាទោសព្រហ្មទណ្ឌ»។

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា លោក អាន សុខខឿន បាននិយាយថារបាយការណ៍របស់លោកស្រី Michelle Bachelet ផ្អែកលើភាគីតែម្ខាង ហើយបានស្នើឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយតូបនីយកម្ម។

លោកបានលើកឡើងថា កម្ពុជាមានគណនីហ្វេសប៊ុកចំនួនជិត១២លាន ស្មើនឹង ៧០ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ដែលបានបន្តបញ្ចេញនូវទស្សនៈទិតៀនដោយសេរី និងដោយផ្ទាល់ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋាភិបាល។

«សេរីភាពសារព័ត៌មានដ៏រស់រវើកបន្តរីកដុះដាលតាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាលដែលកំពុងដំណើរការ ដោយគ្មានការត្រួតពិនិត្យទុកជាមុន»។

លោកបានបន្តថា៖ «កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត»។

លោកបានបន្តទៀតថាការចោទប្រកាន់នូវលំហសង្គមស៊ីវិលត្រូវបានរឹតត្បិតគឺមិនត្រឹមត្រូវនោះទេ ព្រោះវត្តមានអង្គការសង្គមស៊ីវិលចុះបញ្ជីជិត ៦.០០០ កំពុងប្រតិបត្តិការ និងគ្មានការបង្អាក់រំខាន ហើយបានហៅ បាតុកម្មកន្លងមកថា «ខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួល»៕