សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានទទូចដល់រដ្ឋាភិបាលឲ្យធានាសេរីភាព និងសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានទាំងអស់ដោយមិនរើសអើង​។

យោងតាមសេចក្តីថ្លែងការណ៍របស់ខេមបូចា អ្នកសារព័ត៌មាន និងស្ថានប័នមួយចំនួនត្រូវបានអាជ្ញាធរ និងមន្រ្តីពិធីការបានហាមឃាត់មិនឲ្យចូលយកព័ត៌មាន និងថតរូបទេក្នុងនោះរួមមាន វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ទីភ្នាក់ងារព័ត៌មានអេភី (AP) វីអូឌី (VOD) ខេមបូណូមីស (Cambonomist) ថ្មីៗ (Thmey Thmey) និងខេមបូចាញូស៍(CamboJa News) ។ល។

ដោយឡែកអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានស្និតនឹងរដ្ឋាភិបាលដូចជាសារព័ត៌មាន Fresh News ទូរទស្សន៍ជាតិកម្ពុជា(ទទក) ទូរទស្សន៍បាយ័ននិងទូរទស្សន៍ CNC ត្រូវបានអនុញ្ញាតឲ្យយកព័ត៌មាន។

នាយកប្រតិបត្តិខេមបូចា លោក ណុប វី បានមានប្រសាសន៍ថា ស្ថាប័នសារព័ត៌មាននីមួយៗកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាផ្សេងៗពីគ្នា ជាពិសេសក្នុងស្ថាប័នដែលកម្ពុជាកំពុងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ការហាមឃាត់អ្នកសារព័ត៌មានពីការទទួលបានព័ត៌មានដោយសេរី គឺអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋដែលជាអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។

លោកបានបន្ថែមថាខេមបូចាដែលមានសមាជិក សមាជិកា និងក្រុមប្រឹក្សាភិបាលជាអ្នកសារព័ត៌មានជាង១០០នាក់ កំពុងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់សេរីភាព និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មាន។

លោកផៃ ស៊ីផាន់ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់មក Newsroom Cambodia ថានេះជាការរៀបចំដោយខាងពិធីការ ដែលមិនបានឲ្យចូលជាសាធារណៈ ដោយប្រៀបធៀបជាមួយនឹងការយកព័ត៌មាននៅសេតវិមាន (White House) នៅអាមេរិក។

«នៅឯសហរដ្ឋអាមេរិកក៏គេមានកាតចូលទៅប្រជុំដែរ បើអត់គេអត់ឲ្យចូលទេ។ ហើយការប្រជុំហ្នឹងគេឡាយផ្ទាល់ឲ្យថែមទៀតដែរតើ មិនមែនជាការបិទសិទ្ធិទេ អ្នកនិយាយហ្នឹងគាត់និយាយអត់បានពិចារណា អត់ដូចអ្នកសារព័ត៌មានប៉ុន្មាននាក់ដែលអាចចូលទៅប្រជុំ និងទៅស្តាប់ការប្រជុំរបស់គណៈរដ្ឋមន្ត្រីគេមានចំនួនរបស់គេ ហើយមានអ្នកជំនាញរបស់គេ គេត្រួតពិនិត្យមើល វាធំបំផុតគឺសុវត្ថិភាព ហើយខាងអង្គរក្ស ឬខាងពិធីការគេចាត់ចែងការងារអញ្ចឹងឯង»។

លោកបានបញ្ជាក់បន្ថែមថាខាងព័ត៌មានអាចសរសេរសំបុត្រដាក់ពាក្យទៅខាងពិធីការរបស់សម្តេច ដើម្បីបញ្ជាក់ថាមកពីស្ថាប័នណាដើម្បីសុំការអនុញ្ញាត៕