លោកម្ចាស់ប៉ែន ដារ៉ូ បានរៀបរៀងសៀវភៅមួយក្បាលក្រោមចំណងជើងថា «វិធីបកសករាជពិស្តារ» ហើយព្រះអង្គក៏ជាសមណនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងបានជាប់អាហារូបករណ៍សិក្សាផ្នែកព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហបុរី (Buddhist College of Singapore) កាលពីចុងឆ្នាំ២០២០។

សព្វថ្ងៃនេះព្រះអង្គកំពុងគង់នៅវត្តថាន់ សង្តាក់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយកំពុងតៀម និងផ្សព្វផ្សាយសៀវភៅ «វិធីបកសករាជពិស្តារ» ដែលជាស្នាដៃដំបូងរបស់ព្រះអង្គទៅដល់មជ្ឍដ្ឋានទូទៅដោយធម៌ទាន។

Q: អ្វីទៅដែលហៅថាសៀវភៅវិធីបកសករាជពិស្តារ?

A: សៀវភៅវិធីបកសករាជពិស្តារ គឺជាសៀវភៅក្បួនច្បាប់យល់ដឹងអំពីអាយុកាលនៃព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងទុកថាសាសនារបស់តថាគត គឺប្រតិស្ឋានចំនួន ៥០០០ឆ្នាំបន្ទាប់ពីតថគតចូលព្រះបរិព្វានទៅ។ ហើយសៀវភៅនឹងពន្យល់លម្អិតអំពីរបៀបរាប់ថ្ងៃ ខែ ឆ្នាំរបស់ព្រះពុទ្ធសាសនា អញ្ចឹងរាប់ថ្ងៃ ខែ ឆ្នាំគឺរាប់ថាតើរហូតមកដល់ថ្ងៃនឹង ព្រះសាសនកាលកន្លងទៅបានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំហើយ ហើយនៅសល់ប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត បើយើងគិតមកដល់ថ្ងៃនឹង។

Q: តើមានធាតុសំខា​ន់អ្វីខ្លះនៅក្នុងសៀវភៅនេះ?

A: ធាតុសំខាន់របស់សៀវភៅខ្ញុំព្រះករុណាអាត្មាបែងចែកជាប្រាំមួយចំណុចសំខាន់គឺ៖ ទី១ របៀបដឹងព្រះពុទ្ធសាសនកាលផ្នែកបច្ចុប្បន្ន ទី២ របៀបដឹងព្រះពុទ្ធសាសនកាលផ្នែកអតីត ទី៣ របៀបដឹងព្រះពុទ្ធសាសនកាលផ្នែកអនាគត ទី៤ យល់ដឹងអំពីអធិកមាស អធិកវិរៈ និងអធិកសុរទិន ទី៥ យល់ដឹងផ្នែកសំខាន់ៗបកសករាជជាភាសាបាលី និងជាខេមរភាសា ទី៦ យល់ដឹងរបៀបថ្ងៃខែឆ្នាំតាមបែបចន្ទគតិ សុរិយគិត និងកាលបរិច្ឆេទគម្រប់បួសភិក្ខុ។

Q:តើលោកម្ចាស់មានគោលបំណងអ្វីខ្លះដែលអាចជំរុញឱ្យរៀបរៀងសៀវភៅនេះឡើង?

A: ដោយខ្ញុំករុណាអាត្មាភាពយល់ឃើញថានេះគឺជាសៀវភៅបែបក្បួនច្បាប់មួយ ដែលពុទ្ធបរិស័ទគួរចេះដឹងឲ្យបានគ្រប់ៗគ្នា។ ព្រោះយើងជាអ្នកកាន់ព្រះពុទ្ធសាសនា យើងត្រូវដឹងថាអាយុរបស់ព្រះពុទ្ធសាសនា ថាតើកន្លងទៅបានប៉ុន្មានថ្ងៃ ខែ ឆ្នាំ និងនៅសល់ប៉ុន្មានថ្ងៃ ខែ ឆ្នាំទៀត នេះគឺមានប្រយោជន៍មែនទែនសម្រាប់យើងជាពុទ្ធសាសនិកជន។ ម្យ៉ាងចង់ថែរក្សាក្បួនច្បាប់បុរាណ ដែលអ្នកប្រាជ្ញខ្មែរយើងពីជំនាន់ដើមមកបានបន្សល់ទុក ដោយឡែកបច្ចុប្បន្នយើងមានការខ្ជះខ្ជាយបន្តិចសម្រាប់ក្បួនច្បាប់ទាំងអស់នេះ គឺចេះចាំតែមាត់ទេ សព្វថ្ងៃនេះ។ ដូច្នេះខ្ញុំករុណាអាត្មាភាពនឹកឃើញថា ប្រសិនបើយើងចេះចាំតែមាត់ចឹង ថ្ងៃណាមួយយើងនឹងភ្លេច កាលណាយើងភ្លេចអ្នកជំនាន់ក្រោយ មិនបានរៀនបន្តពីយើងទេ ប្រាកដជាបាត់បង់ហើយ។

ដូច្នេះមានគំនិតរៀបរៀងសៀវភៅនេះឡើង ទុកជាក្បួនច្បាប់ជាឯកសារ កម្កល់ទុកសម្រាប់ពុទ្ធបរិស័ទរៀនសូត្រចេះចាំពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សាវិធីរាប់អាយុកាលព្រះពុទ្ធសាសនា។ ចំណុចមួយទៀតនោះ គឺបានសបញ្ជាក់ឱ្យយើងគិតពិចារណានៅក្នុងផ្លូវជីវិតរបស់យើងថា សូម្បីតែអាយុព្រះពុទ្ធសាសនាដែលមានគម្រប់ ៥០០០ឆ្នាំ នឹងក៏គង់អស់ទៅជាក់ជាពុំខាន។

អញ្ចឹងយើងគួរគប្បីគិតថា អាយុរបស់មនុស្សលោកយើងក៏អស់ទៅជាធម្មតាដូចគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ គឺពិតជាលឿនមែនទែន។ អញ្ចឹងពុទ្ធបរិស័ទនៅពេលដែលចេះចាំវិធីរៀប ឬដឹងអាយុព្រះពុទ្ធសាសនានឹងគួរគប្បីគិតអំពីអាយុរបស់ខ្លួនឯង តើថាយើងបានធ្វើអីខ្លះហើយ? នៅក្នុងជីវិតរបស់យើង មិនយូរមិនឆាប់យើងនឹងស្លាប់ពីលោកនេះទៅ។ អញ្ចឹងនៅពេលដែលយើងដឹងថា អាយុរបស់យើងមិនស្ថិតស្ថេរបែបនេះ តើយើងគួរធ្វើអ្វី? ចំណុចតែមួយយើងត្រូវធ្វើ គឺសេចក្តីល្អ។

Q: តើលោកម្ចាស់នឹងយកសៀវភៅនេះទៅផ្សព្វផ្សាយនៅក្នុងសង្គម ឬយុវជនដោយរបៀបណាដែរ?

A: វិធីសាស្ត្រក្នុងការផ្សព្វផ្សាយមជ្ឈដ្ឋានខាងក្រៅ គឺជាក់ស្តែងទៅសៀវភៅនេះរៀបរៀងឡើងផ្តោតសំខាន់លើព្រះសង្ឃតែម្តង ព្រោះបើនិយាយនៅក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃជាថ្នាក់លើ ឬថ្នាក់ដឹកនាំពីព្រះសម្មាសម្ពុទ្ធ។ អញ្ចឹងខ្ញុំករុណាផ្សព្វផ្សាយផ្តោតសំខាន់លើព្រះសង្ឃ ហើយវិធីផ្សព្វផ្សាយទៅដល់ព្រះសង្ឃ ឱ្យបានសិក្សារៀនសូត្រនៅសៀវភៅនេះបានច្រើន។

តាមរយៈប្រគេនសៀវភៅនេះដល់សាលាពុទ្ធិកបឋមសិក្សាក្តី អនុវិទ្យាល័យក្តី វិទ្យាល័យក្តី គឺប្រគេន និងតម្កល់ទុកក្នុងបណ្តាល័យនៅតាមសាលានានា។ ម្យ៉ាងអាចប្រគេនមួយក្បាលៗផ្ទាល់ដល់ព្រះសង្ឃ ហើយនឹងធ្វើសិក្ខាសាលាខ្លីដើម្បីពន្យល់ពីសៀវភៅនឹង ថាតើយើងគួរតែរៀនចាប់ពីណាទៅណា ធ្វើមិញរៀនឲ្យឆាប់ចេះ?។ ចំណុចចុងក្រោយ ខ្ញុំករុណាមានគំនិតចង់ស្នើទៅក្រសួងធម្មការ និងសាសនា ឬថ្នាក់លើ ដើម្បីបញ្ចូលនៅក្បួនច្បាប់ការបកសករាជនឹងទៅក្នុងកម្មវិធីសិក្សាបែបព្រះពុទ្ធសាសនា នៅក្នុងសាលាពុទ្ធិក៕