លោកថៃ សុធា ជាសហស្ថាបនិក និងជាប្រធានគ្រប់គ្រងទូទៅសារព័ត៌មានឌីជីថល ខេមបូណូមីស។ លោកបានផ្តល់សម្ភាសដល់លោកឈាន សៅវ័ន ដែលជាសិក្ខាកាមព័ត៌មាន Newsroom Cambodia ដោយនិយាយអំពីការបង្កើត «ខេមបូណូមីស» ឡើង។
Q: ជម្រាបសួរលោក ថៃ សុធា!
A: បាទ! ជម្រាបសួរ។
Q: តើខេមបូណូមីស (Cambonomist) ជាអ្វី?
A: ខេមបូណូមីស បង្កើតឡើងដំបូងកាលពី៤ឆ្នាំមុន ដោយសហស្ថាបនិក ៤រូបដោយក្នុងនោះម្នាក់ជាអ្នកជំនាញផ្នែក IT និងបីនាក់ទៀតជាអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំនិងច្រើនវិស័យនៃព័ត៌មាន រាប់តាំងពីកាសែតបោះពុម្ព ទូរទស្សន៍ និងអនឡាញ។ ដំបូងឡើយខ្ញុំអាចនិយាយបានថា ខ្ញុំជាមេគំនិត ពីព្រោះកាលណោះខ្ញុំលាឈប់ពីស្ថាប័នទូរទស្សន៍ធំមួយ មកធ្វើការងារជាអ្នកកាសែត freelance ផង ហើយក៏បានបបួលមិត្តភក្ដិជាសហស្ថាបនិកមករួមគ្នាបង្កើតជា ខេមបូណូមីស នេះឡើង។
Q: ហេតុអ្វីបានជាបង្កើតស្ថាប័ន ខេមបូណូមីស នេះឡើង ?
A: ខ្ញុំ និងសហស្ថាបនិកដទៃទៀតមានគំនិតគិតថា នៅកម្ពុជាយើង មិនសូវសម្បូរព័ត៌មានសេដ្ឋកិច្ចទេ។ មានមួយចំនួន គេធ្វើតែរឿងសេដ្ឋកិច្ចបែបដំណឹង គេបោះពុម្ពជាកាសែត។ ហើយទូរទស្សន៍វិញ សឹងតែពិបាករកដំណឹងសេដ្ឋកិច្ចត្រឹមត្រូវ ច្បាស់លាស់ ស៊ីជម្រៅណាស់ ។ សម្បូរតែដំណឹងសេដ្ឋកិច្ចបែបសម្ពោធហាងសម្ពោធក្រុមហ៊ុន ឬផលិតនេះនោះ ។ល។ មួយវិញទៀត ខ្ញុំចូលចិត្តអានព័ត៌មានសេដ្ឋកិច្ចនៅលើ CNBC Bloomberg Economist Business Insider ជាដើម ហើយក្នុងចំណោមនេះខ្ញុំចូលចិត្តជាងគេ គឺអត្ថបទរបស់ទស្សនាវដ្ដី Economist។
ដូច្នេះ ខ្ញុំគិតថា យើងគួរតែមានសារព័ត៌មានអនឡាញជាភាសាខ្មែរមួយ ដែលផ្ដោតលើផ្នែកសេដ្ឋកិច្ច សហគ្រិន ធុរជនល្បីៗ និងវិនិយោគិន។ បើនិយាយពីទស្សនវិស័យរបស់ខេមបូណូមីស គឺយើងចង់ក្លាយជា The Economist of Cambodia ដូច្នេះហើយ សូម្បីតែឈ្មោះ ក៏ខ្ញុំនិងសហស្ថាបនិកគិតចេញពីគំនិតនេះដែរ ទើបយើងដាក់ថា Cambonomist ចង់បានន័យថា Cambodia Economist ឬ The Economist of Cambodia នេះឯង។
យើងមិនដល់គេទេ យើងតូចណាស់ ប៉ុន្តែ យ៉ាងណាក៏ដោយ នេះជាមហិច្ឆតារបស់យើង ដែលចង់ក្លាយដូចគេហ្នឹង។ ធ្វើអ្វីក៏ដោយយើងត្រូវមានមហិច្ឆតា។ យើងចង់ក្លាយដូច Economist ប៉ុន្តែ ទោះបានត្រឹមពាក់កណ្ដាលគេ ក៏យើងខ្លាំងដែរ។ ហេតុផលមួយទៀតដែលយើងបង្កើតខេមបូណូមីស ដោយសារយើងជឿជាក់ថា ពីនេះតទៅ គឺជាយុគសម័យព័ត៌មានឌីជីថល (អនឡាញ)នេះឯង។
នៅលើអនឡាញ (ឌីជីថល) ហ្នឹង យើងធ្វើអ្វីក៏បានដែរ ដូចជា ផ្សាយអត្ថបទ រូបភាព សំឡេង វីដេអូ និយាយរួមទៅ ឌីជីថល ឬអនឡាញនេះ គឺ យើងធ្វើកាសែតក៏បាន ធ្វើទូរទស្សន៍ក៏បាន ធ្វើវិទ្យុក៏បាន វាធំទូលាយខ្លាំងណាស់។ ហើយអ្នកអានអ្នកទស្សនាទៀតសោត មានប្រមាណ ១០លាននាក់ជាង (បើគិតតាមចំនួនអ្នកប្រើហ្វេសប៊ុក ឬអ៊ីនធើណិត)។ ដូច្នេះ វិសាលភាពគឺវាធំធេងណាស់។
Q: ដោយសារខេមបូណូមីសផ្ដោតសំខាន់ទៅលើរឿងសេដ្ឋកិច្ច តើគួរធ្វើយ៉ាងណាឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់លើរឿងសេដ្ឋកិច្ច និងអាចផ្ដល់សារសំខាន់អ្វីខ្លះដល់ពួកគាត់?
A: ច្បាស់ណាស់ គឺយើងនិយាយខ្លីថា យើងជាសារព័ត៌មានសេដ្ឋកិច្ចឌីជីថលមានន័យថា យើងជាសារព័ត៌មានឌីជីថលដែលផ្ដោតសំខាន់លើប្រធានបទសេដ្ឋកិច្ចហើយពាក្យសេដ្ឋកិច្ចហ្នឹងវាទូលំទូលាយណាស់ យើងធ្វើមិនអស់ទេ។ សព្វថ្ងៃ យើងផ្សាយរឿងសេដ្ឋកិច្ចក្នុងតំបន់ សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចប្រទេសកម្ពុជា។
នៅស្រុកគេ តួយ៉ាងស្រុកថៃ វៀតណាម និងស្រុកឯទៀតៗក្បែរខាងកម្ពុជា យើងផ្សាយអំពីធុរកិច្ចវិនិយោគ និងការរកស៊ីនៅស្រុកគេ ពីអាជីវកម្មតូច ដល់ក្រុមហ៊ុនខ្នាតយក្ស តើគេកំពុងធ្វើអី ធ្វើដល់ណា ការនាំចេញនាំចូលគេយ៉ាងម៉េច? ទីផ្សារគេនៅទីណាខ្លះ ? ធុរជនគេ វិនិយោគិនគេធ្វើអ្វីខ្លះ ប្រជាជនគេរកស៊ីអ្វីខ្លះ ។ល។
នៅកម្រិតពិភពលោក យើងផ្សាយព័ត៌មានអំពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចធំៗ ដែលវាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដូចជា សង្គ្រាមពាណិជ្ជកម្មចិន អាមេរិក។
ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងក៏ផ្ដោតលើបញ្ហាកូវីដ ១៩ដែរ ទៅលើជ្រុងនៃការវិវឌ្ឍថ្មីៗទាក់ទងនឹងវ៉ាក់សាំង វិធានការ និងយុទ្ធសាស្ត្រដោះស្រាយបញ្ហារបស់ប្រទេសនីមួយៗ វិធានការស្ដារ និងជួយសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិកូវីដ ១៩។ រីឯនៅកម្ពុជាវិញ យើងផ្ដោតលើកសិកម្មច្រើនខ្លាំងដែរ ដោយផ្សាយអំពីបញ្ហាទីផ្សាររបស់កសិករ ដំណោះស្រាយរបស់រដ្ឋាភិបាល។
យើងផ្សាយអំពីការវិនិយោគទូទៅ អំពីវិស័យអចលនទ្រព្យ និងសុខភាព វិស័យនេះយើងផ្សាយពីការនាំចេញនាំចូល ចំណូលពន្ធគយ ពាណិជ្ជកម្មទ្វេភាគី យើងផ្សាយពីវិស័យធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ យើងក៏ផ្សាយអំពីគំនិតអាជីវកម្ម គន្លឹះក្នុងការរកស៊ី ។ល។ និង។ល។ ផងដែរ ដោយយើងធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយធុរជនល្បីៗ តួអង្គសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើន។
ហើយពិសេសបំផុតនោះ ខ្ញុំចង់បញ្ជាក់បន្តិចថា យើងជាសារព័ត៌មានឌីជីថល ដែលផ្ដោតលើការផ្សាយជាវីដេអូ ពោលប្រៀបបីដូចជាទូរទស្សន៍អ៊ីចឹងដែរ គ្រាន់តែយើងគ្មានអង់តែន ។ យើងមានកម្មវិធីដំណឹងសេដ្ឋកិច្ចរាល់ព្រឹក ដែលផ្សាយផ្ទាល់ទៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។
Q: តើខេមបូណូមីស ជួបបញ្ហាប្រឈមអ្វីខ្លះនៅពេលដែលបង្កើតដំបូង? ព្រោះជាស្ថាប័នដែលផ្ដោតសំខាន់ខ្លាំងលើរឿងសេដ្ឋកិច្ចបែបហ្នឹង?
A: បញ្ហាប្រឈមវារាប់មិនអស់ទេ។ យើងចាប់ផ្ដើមដោយគ្មានចំណាយលុយកាក់អ្វីទេ។ ខ្ញុំ និងសហស្ថាបនិកពីរនាក់ទៀតជាអ្នកកាសែត យើងផលិតមាតិកាព័ត៌មាន រីឯមិត្តយើងម្នាក់ទៀត គាត់បង្កើតវិបសាយ ផេកហ្វេសប៊ុក និងYouTube រួចហើយយើងខំផលិតព័ត៌មានល្អៗផ្សាយទៅ។
ពីដំបូង យើងចេះតែខំធ្វើទៅដោយគ្មានដើមទុនអ្វីទេ ប្រើកម្លាំង ប្រើពេលវេលារបស់យើងទាំងអស់គ្នា។បន្ទាប់មក មានអ្នកអានច្រើនគួរសម យើងក៏រកបានការផ្សាយពាណិជ្ជកម្ម មានន័យថា យើងមានលុយខ្លះ យើងក៏ពង្រីកចំនួនអ្នកសរសេរអត្ថបទ ផលិតវីដេអូ កាត់តវីដេអូ ជាដើម។ គិតមើលទៅ លំបាកយ៉ាងម៉េច?
គ្មានអ្នកណាចង់ធ្វើការឲ្យយើងទេ បើយើងគ្មានលុយផ្ដល់ប្រាក់ខែឲ្យគេផងហ្នឹង។ មានតែធ្វើខ្លួនឯង ពេលមានលុយ ទើបយើងអាចរកមនុស្សបានបន្ថែមឲ្យជួយធ្វើការងារ។ បញ្ហាមួយទៀត ខ្ញុំគិតថាវាជារឿងទូទៅទេ គឺ យើងផ្សាយដំណឹង ឬព័ត៌មានត្រឹមត្រូវតាមវិជ្ជាជីវៈ ហើយផ្សាយច្រើន តែទៅលើសេដ្ឋកិច្ចអីហ្នឹងមិនសូវមានអ្នកមើល អ្នកអានទេ ។ គេចូលចិត្តអានឬមើលគេផ្សាយផ្ទាល់ពីនេះពីនោះជាង។
យើងដឹងហើយជួនកាលមនុស្សម្នាក់អង្គុយ liveហែកកេរ្តិ៍អ្នកនេះអ្នកនោះ គេមើលច្រើនណាស់។ អានេះជារឿងទូទៅ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា យូរៗទៅ នឹងមានមនុស្សកាន់តែច្រើនឡើងដែលងាកមកអានឬទស្សនាព័ត៌មានដែលត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាស់លាស់ ។
Q: តើយល់ឃើញយ៉ាងណាដែរលើវិស័យសារព័ត៌មានសព្វថ្ងៃ ? ហើយតើគួរធ្វើយ៉ាងណាដើម្បីឲ្យស្ថាប័នអ្នកសារព័ត៌មានមួយនេះ ប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈ ?
A: ចំពោះខ្ញុំ និយាយពីវិស័យសារព័ត៌មានសព្វថ្ងៃ កាសែត ទស្សនាវដ្ដីបោះពុម្ពជាក្រដាស គឺក្លាយជារឿងអតីតកាលទៅហើយ បិទសឹងតែអស់ទាំងស្រុងហើយ ។ ទូរទស្សន៍វិញ ក៏សឹងតែគេលែងមើលព័ត៌មានដែរ នៅសល់អ្នកមើលកម្មវិធីកម្សាន្ត មើលកុនអាចថានៅមានអ្នកមើលច្រើន (នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ)។
នេះយើងនិយាយពីមធ្យោបាយនៃការផ្សាយព័ត៌មាន។ ដោយឡែក ចំពោះអ្នកសារព័ត៌មានវិញ ខ្ញុំយល់ថា យើងមានសេរីភាពដោយអន្លើ មានន័យថា បើយើងផ្សាយរឿងកម្សាន្ត រឿងសង្គមធម្មតាៗ មិនប៉ះពាល់ដល់អ្នកណា ឬមិនពាក់ព័ន្ធនឹងនយោបាយអី យើងផ្សាយបានដោយសេរី ។
យើងឃើញហើយអ្នកណាៗក៏អាចបើកវិបសាយ សារព័ត៌មានអនឡាញបានដែរ។ ប៉ុន្តែ បើជាព័ត៌មានបែបស៊ើបអង្កេតអំពីករណីបទល្មើសព្រៃឈើធំៗ ការរំលោភដីធ្លី សិទ្ធិមនុស្សធំៗអី លែងសូវមានអីអានហើយ នៅសល់តែសារព័ត៌មានពីរបីស្ថាប័នប៉ុណ្ណោះដែលផ្សាយរឿងរសើបៗទាំងនេះ។
ចំពោះគុណភាពវិញ នៅលើអនឡាញ ឬវិស័យសារព័ត៌មានឌីជីថល ឬអនឡាញនេះ គឺនៅខ្វះគុណភាព និងភាពវិជ្ជាជីវៈត្រឹមត្រូវហ្នឹងច្រើនណាស់ ហើយម្យ៉ាង អ្នកមើលអ្នកអានក៏មិនមានចំណេះដឹងផ្នែកឌីជីថល ឬយើងហៅថា digital media literacy អីដែរ។
ភាគច្រើន គាត់មើលមិនដឹងថាព័ត៌មានហ្នឹងមានវិជ្ជាជីវៈត្រឹមត្រូវ ឬអត់ផងទេ។ ដូច្នេះ សរុបមកវិញ មានតែអ្នកសារព័ត៌មានដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានវិជ្ជាជីវៈខំប្រឹងធ្វើការងារទៅ ដើម្បីរក្សាគុណភាពនិងវិជ្ជាជីវៈ និងខំផ្សាយនូវអ្វីដែលពិតច្បាស់លាស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ខ្ញុំគិតថា យូរៗទៅ មនុស្សម្នាអ្នកអានអ្នកមើលហ្នឹងមានការយល់ដឹងច្រើន ពួកគាត់គង់តែនឹងបោះបង់ចោលសារព័ត៌មានអនឡាញជជុះ (គ្មានវិជ្ជាជីវៈ) ងាកមកអានព័ត៌មានដែលច្បាស់លាស់និងមានវិជ្ជាជីវៈមិនខានឡើយ។
មួយវិញទៀត ខ្ញុំជឿជាក់ថា ក្រុមហ៊ុនធំៗ អ្នកផ្សាយពាណិជ្ជកម្មធំៗ ក៏នឹងជួយគាំទ្រដល់សារព័ត៌មានដែលមានវិជ្ជាជីវៈ ដើម្បីពួកយើងអាចពង្រីកនិងបំពេញ ការងារបានកាន់តែច្រើនថែមទៀត សម្រាប់បម្រើដល់អ្នកអាននិងមហាជន ។ ខ្ញុំគិតថា នៅពេលណា មហាជន សង្គម ធុរជន អ្នកនយោបាយ គាំទ្រសារព័ត៌មានដែលមានវិជ្ជាជីវៈ ពេលនោះហើយដែលឥទ្ធិពលនៃសារព័ត៌មានគ្មានវិជ្ជាជីវៈ វានឹងថមថយចុះដោយឯកឯង៕