លោកថៃ សុធា ជា​​សហស្ថាបនិក​ និងជា​​ប្រធាន​គ្រប់គ្រងទូទៅ​​​សារព័ត៌មាន​ឌីជីថល ខេមបូណូមីស។ លោក​បានផ្តល់សម្ភាសដល់លោកឈាន សៅវ័ន ដែលជាសិក្ខាកាមព័ត៌មាន Newsroom Cambodia ដោយនិយាយអំពីការបង្កើត «ខេមបូណូមីស» ឡើង។

Q: ជម្រាបសួរ​លោក​ ថៃ សុធា!

A: បាទ! ជម្រាបសួរ។

Q: តើ​ខេមបូណូមីស (Cambonomist) ជាអ្វី?

A: ខេមបូណូមីស បង្កើតឡើង​ដំបូង​កាលពី​៤ឆ្នាំមុន ដោយសហស្ថាបនិក​ ៤រូបដោយ​ក្នុង​នោះ​ម្នាក់​ជាអ្នកជំនាញ​ផ្នែក IT និង​បីនាក់​ទៀតជា​អ្នកកាសែត​ដែល​មានបទពិសោធន៍ច្រើន​ឆ្នាំ​និង​ច្រើន​វិស័យ​នៃ​ព័ត៌មាន រាប់តាំងពី​កាសែត​បោះពុម្ព ទូរទស្សន៍ និង​អនឡាញ។ ដំបូង​ឡើយខ្ញុំ​អាច​និយាយ​បានថា ខ្ញុំ​ជា​មេគំនិត ពីព្រោះ​កាលណោះ​ខ្ញុំ​លាឈប់ពីស្ថាប័ន​ទូរទស្សន៍ធំ​មួយ មក​ធ្វើការងារ​​ជា​អ្នកកាសែត​ freelance ផង ហើយ​ក៏​បាន​បបួល​​មិត្ត​ភក្ដិ​ជាសហស្ថាបនិក​មករួមគ្នា​បង្កើត​ជា​ ខេមបូណូមីស នេះឡើង។

Q: ហេតុអ្វី​បានជាបង្កើត​ស្ថាប័ន​ ខេមបូណូមីស នេះឡើង ?

A: ខ្ញុំ​ និងសហស្ថាបនិក​ដទៃទៀត​មាន​គំនិតគិតថា នៅកម្ពុជា​យើង មិនសូវ​សម្បូរ​ព័ត៌មាន​សេដ្ឋកិច្ច​ទេ។ មាន​មួយចំនួន គេធ្វើតែរឿង​សេដ្ឋកិច្ច​បែប​ដំណឹង គេ​បោះពុម្ព​ជា​កាសែត។ ហើយ​ទូរទស្សន៍វិញ សឹង​តែ​ពិបាក​រក​ដំណឹង​សេដ្ឋកិច្ច​ត្រឹមត្រូវ​ ច្បាស់លាស់​ ស៊ីជម្រៅណាស់ ។ សម្បូរ​តែ​ដំណឹង​សេដ្ឋកិច្ច​បែប​សម្ពោធ​ហាង​សម្ពោធ​ក្រុមហ៊ុន ឬ​ផលិតនេះ​នោះ ។ល។ មួយវិញទៀត ខ្ញុំ​ចូលចិត្ត​អាន​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​លើ​ CNBC Bloomberg Economist Business Insider ជាដើម ហើយ​ក្នុងចំណោម​នេះខ្ញុំចូលចិត្តជាងគេ គឺ​អត្ថបទ​របស់ទស្សនាវដ្ដី Economist។

ដូច្នេះ ខ្ញុំ​គិតថា យើង​គួរតែមាន​សារព័ត៌មាន​អនឡាញ​ជាភាសា​ខ្មែរ​មួយ ដែលផ្ដោត​លើ​ផ្នែក​សេដ្ឋកិច្ច សហគ្រិន​ ធុរជន​ល្បីៗ​ និង​វិនិយោគិន។ បើនិយាយ​ពី​ទស្សនវិស័យរបស់​ខេមបូណូមីស គឺយើង​ចង់​ក្លាយ​ជា The Economist of Cambodia ដូច្នេះ​ហើយ​ សូម្បីតែឈ្មោះ ក៏​ខ្ញុំ​និង​សហស្ថាបនិកគិតចេញពី​គំនិតនេះដែរ ទើបយើងដាក់ថា Cambonomist ចង់បានន័យថា Cambodia Economist ឬ The Economist of Cambodia នេះ​ឯង។

យើង​មិនដល់គេទេ យើងតូច​ណាស់ ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ នេះ​ជា​មហិច្ឆតា​របស់​យើង ដែល​ចង់​ក្លាយ​ដូចគេ​ហ្នឹង។ ធ្វើ​អ្វីក៏ដោយ​យើងត្រូវមាន​មហិច្ឆតា។ យើងចង់​ក្លាយដូច​ Economist ប៉ុន្តែ ទោះបាន​ត្រឹមពាក់កណ្ដាល​គេ ក៏​យើង​ខ្លាំងដែរ។ ហេតុ​ផល​មួយទៀតដែល​យើង​បង្កើត​ខេមបូណូមីស ដោយសារ​យើង​ជឿជាក់ថា ពីនេះតទៅ គឺ​ជា​យុគ​សម័យ​ព័ត៌មាន​ឌីជីថល (អនឡាញ)នេះ​ឯង។

នៅ​លើ​អនឡាញ (ឌីជីថល) ហ្នឹង យើង​ធ្វើ​អ្វី​ក៏បានដែរ ដូចជា ផ្សាយអត្ថបទ រូបភាព សំឡេង វីដេអូ និយាយរួមទៅ ឌីជីថល ឬអនឡាញនេះ គឺ យើងធ្វើកាសែត​ក៏បាន ធ្វើទូរទស្សន៍​ក៏បាន ធ្វើ​វិទ្យុ​ក៏បាន វា​ធំទូលាយ​ខ្លាំងណាស់។ ហើយ​អ្នក​អាន​អ្នកទស្សនា​ទៀត​សោត មាន​ប្រមាណ ១០លាននាក់ជាង (បើ​គិត​តាម​ចំនួន​អ្នក​ប្រើ​ហ្វេសប៊ុក ឬអ៊ីនធើណិត)។ ដូច្នេះ វិសាលភាព​គឺវាធំធេងណាស់។

Q: ដោយសារ​ខេមបូណូមីសផ្ដោត​សំខាន់​ទៅលើ​រឿង​សេដ្ឋកិច្ច តើ​គួរធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​យល់ដឹង​កាន់​តែច្បាស់​លើ​រឿងសេដ្ឋកិច្ច និងអាច​ផ្ដល់​សារសំខាន់​អ្វី​ខ្លះ​ដល់​ពួកគាត់?

A: ច្បាស់ណាស់ គឺ​យើង​និយាយ​ខ្លីថា យើង​ជាសារព័ត៌មាន​សេដ្ឋកិច្ច​ឌីជីថលមានន័យថា យើងជា​សារព័ត៌មានឌីជីថល​ដែល​ផ្ដោត​សំខាន់​លើ​ប្រធានបទ​សេដ្ឋកិច្ចហើយ​ពាក្យ​សេដ្ឋកិច្ច​ហ្នឹង​វាទូលំ​ទូលាយ​ណាស់ យើងធ្វើ​មិន​អស់ទេ។ សព្វថ្ងៃ យើង​ផ្សាយ​រឿង​សេដ្ឋកិច្ច​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិភព​លោក​ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។

នៅស្រុកគេ តួយ៉ាងស្រុកថៃ វៀតណាម និង​ស្រុក​ឯទៀតៗក្បែរខាង​កម្ពុជា យើងផ្សាយ​អំពី​ធុរកិច្ច​វិនិយោគ និងការរកស៊ី​នៅស្រុកគេ ពីអាជីវកម្មតូច ដល់​ក្រុមហ៊ុន​ខ្នាតយក្ស តើ​គេកំពុងធ្វើអី ធ្វើដល់ណា ការនាំចេញ​នាំចូលគេ​យ៉ាងម៉េច? ទីផ្សារគេ​នៅទីណាខ្លះ ? ធុរជនគេ វិនិយោគិន​គេធ្វើ​អ្វី​ខ្លះ ប្រជាជនគេ​រកស៊ី​អ្វីខ្លះ ។ល។

នៅ​កម្រិត​ពិភពលោក យើង​ផ្សាយ​ព័ត៌មាន​អំពី​សុខភាពសេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាចធំៗ ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំងមូល ដូចជា​ សង្គ្រាមពាណិជ្ជកម្មចិន​ អាមេរិក។

ក្នុងកាលៈទេសៈ​បច្ចុប្បន្ន យើង​ក៏ផ្ដោត​លើ​បញ្ហា​កូវីដ ១៩ដែរ ទៅ​លើ​ជ្រុង​នៃការវិវឌ្ឍថ្មីៗ​ទាក់ទង​នឹង​វ៉ាក់សាំង វិធានការ និងយុទ្ធសាស្ត្រ​ដោះស្រាយបញ្ហា​របស់​ប្រទេសនីមួយៗ វិធានការ​ស្ដារ និងជួយសេដ្ឋកិច្ចក្នុង​អំឡុងពេល​វិបត្តិ​កូវីដ ១៩។ រីឯ​នៅកម្ពុជាវិញ យើងផ្ដោត​លើ​កសិកម្មច្រើន​​ខ្លាំងដែរ ដោយ​ផ្សាយ​អំពី​បញ្ហា​ទីផ្សារ​របស់​កសិករ ដំណោះស្រាយរបស់រដ្ឋាភិបាល។

យើង​ផ្សាយ​អំពី​ការវិនិយោគទូទៅ​ អំពី​វិស័យអចលនទ្រព្យ និង​សុខភាព វិស័យនេះយើង​ផ្សាយ​ពីការនាំចេញនាំចូល​ ចំណូល​ពន្ធគយ ពាណិជ្ជកម្មទ្វេភាគី យើងផ្សាយ​ពី​វិស័យធនាគារ​និងហិរញ្ញ​វត្ថុ។ ទន្ទឹម​នឹង​នេះ យើងក៏ផ្សាយ​អំពីគំនិត​អាជីវកម្ម គន្លឹះ​ក្នុងការរកស៊ី​ ។ល។ និង។ល។ ផងដែរ ដោយ​យើង​ធ្វើ​កិច្ចសម្ភាសន៍ពិសេស​ជាមួយធុរជន​ល្បីៗ តួអង្គសំខាន់ៗ​ក្នុង​វិស័យ​សេដ្ឋកិច្ច និងមន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់ជាច្រើន។

ហើយពិសេស​បំផុតនោះ ខ្ញុំចង់​បញ្ជាក់​បន្តិចថា យើង​ជា​សារព័ត៌មាន​ឌីជីថល ដែល​ផ្ដោត​លើ​ការផ្សាយ​ជាវីដេអូ ពោលប្រៀបបីដូច​ជាទូរទស្សន៍អ៊ីចឹងដែរ គ្រាន់តែយើងគ្មាន​អង់តែន ។ យើងមាន​កម្មវិធីដំណឹង​សេដ្ឋកិច្ច​រាល់ព្រឹក​ ដែលផ្សាយ​ផ្ទាល់ទៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ និងយូធូប។   

Q: តើ​ខេមបូណូមីស ជួប​បញ្ហា​ប្រឈម​អ្វី​ខ្លះ​នៅ​ពេល​ដែលបង្កើត​ដំបូង? ព្រោះ​ជាស្ថាប័ន​ដែល​ផ្ដោត​សំខាន់​ខ្លាំង​លើ​រឿងសេដ្ឋកិច្ច​បែប​ហ្នឹង?

A: បញ្ហា​ប្រឈម​វា​រាប់មិនអស់ទេ។ យើងចាប់ផ្ដើម​ដោយគ្មាន​ចំណាយលុយកាក់អ្វីទេ។ ខ្ញុំ និងសហស្ថាបនិកពីរនាក់ទៀតជាអ្នកកាសែត យើង​ផលិត​មាតិកា​ព័ត៌មាន រីឯ​មិត្តយើងម្នាក់ទៀត គាត់​បង្កើត​វិបសាយ ផេកហ្វេសប៊ុក និងYouTube រួចហើយ​យើង​ខំ​ផលិត​ព័ត៌មាន​ល្អៗផ្សាយទៅ។

ពីដំបូង​ យើង​ចេះតែខំធ្វើទៅដោយ​គ្មាន​ដើមទុនអ្វីទេ ប្រើ​កម្លាំង​ ប្រើ​ពេលវេលា​របស់​យើងទាំងអស់គ្នា។បន្ទាប់មក មានអ្នកអានច្រើនគួរសម យើងក៏រកបាន​ការផ្សាយ​ពាណិជ្ជកម្ម មានន័យថា យើងមាន​លុយ​ខ្លះ យើង​ក៏​ពង្រីក​ចំនួន​អ្នក​សរសេរអត្ថបទ ផលិតវីដេអូ កាត់តវីដេអូ ជាដើម។ គិតមើលទៅ លំបាកយ៉ាងម៉េច?

គ្មានអ្នកណាចង់ធ្វើការឲ្យ​យើងទេ បើ​យើងគ្មាន​លុយ​ផ្ដល់​ប្រាក់ខែ​ឲ្យគេ​ផងហ្នឹង។ មានតែធ្វើ​ខ្លួនឯង ពេល​មានលុយ ទើប​យើង​អាច​រក​មនុស្ស​បានបន្ថែម​ឲ្យជួយ​ធ្វើការងារ។ បញ្ហាមួយទៀត ខ្ញុំគិតថាវាជារឿងទូទៅទេ គឺ យើងផ្សាយដំណឹង​ ឬព័ត៌មាន​ត្រឹមត្រូវ​តាមវិជ្ជាជីវៈ ហើយ​ផ្សាយ​ច្រើន តែទៅលើ​សេដ្ឋកិច្ច​អីហ្នឹង​មិនសូវមានអ្នកមើល អ្នកអានទេ ។ គេចូលចិត្ត​អាន​ឬមើល​គេ​ផ្សាយ​ផ្ទាល់ពីនេះ​ពីនោះជាង។

យើង​ដឹង​ហើយ​ជួនកាលមនុស្ស​ម្នាក់​អង្គុយ​ liveហែកកេរ្តិ៍អ្នកនេះអ្នកនោះ គេមើលច្រើនណាស់។ អានេះ​ជារឿងទូទៅ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា យូរៗទៅ នឹងមានមនុស្ស​កាន់តែច្រើនឡើងដែល​ងាកមកអានឬទស្សនា​ព័ត៌មាន​ដែលត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ និងច្បាស់លាស់ ។

Q: តើ​យល់​ឃើញ​យ៉ាងណា​ដែរ​លើ​វិស័យ​សារព័ត៌មាន​សព្វថ្ងៃ ? ហើយ​តើ​គួរធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្ថាប័ន​អ្នកសារព័ត៌មាន​មួយនេះ ប្រកប​ដោយ​ក្រម​សីលធម៌ និង​មាន​វិជ្ជាជីវៈ ?

A: ចំពោះខ្ញុំ និយាយ​ពីវិស័យ​សារព័ត៌មាន​សព្វថ្ងៃ កាសែត ទស្សនាវដ្ដី​បោះពុម្ព​ជា​ក្រដាស គឺ​ក្លាយ​ជារឿង​អតីត​កាលទៅហើយ បិទសឹងតែអស់​ទាំងស្រុង​ហើយ ។ ទូរទស្សន៍វិញ ក៏សឹងតែ​គេលែងមើល​ព័ត៌មាន​ដែរ នៅសល់អ្នកមើល​កម្មវិធីកម្សាន្ត​ មើលកុន​អាចថា​នៅមានអ្នកមើល​ច្រើន (នេះជាការយល់ឃើញ​ផ្ទាល់​ខ្លួន​របស់ខ្ញុំ)។

នេះ​យើង​និយាយ​ពី​មធ្យោបាយ​នៃការផ្សាយព័ត៌មាន។ ដោយឡែក ចំពោះ​អ្នកសារ​ព័ត៌មាន​វិញ ​ខ្ញុំយល់ថា យើង​មាន​សេរីភាព​ដោយ​អន្លើ មានន័យថា បើ​យើង​ផ្សាយ​រឿង​កម្សាន្ត រឿង​សង្គម​ធម្មតាៗ មិនប៉ះពាល់ដល់​អ្នកណា ឬ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយអី យើង​ផ្សាយ​បានដោយសេរី ។

យើង​ឃើញ​ហើយ​អ្នកណាៗក៏​អាច​បើក​វិបសាយ​ សារព័ត៌មាន​អនឡាញ​បានដែរ។ ប៉ុន្តែ បើ​ជាព័ត៌មាន​បែប​ស៊ើបអង្កេត​អំពីករណី​បទល្មើស​ព្រៃឈើ​ធំៗ ការរំលោភដីធ្លី សិទ្ធិមនុស្សធំៗ​អី​ លែង​សូវមាន​អីអាន​ហើយ នៅសល់តែសារព័ត៌មាន​ពីរបីស្ថាប័ន​ប៉ុណ្ណោះដែល​ផ្សាយរឿងរសើបៗ​ទាំងនេះ។

ចំពោះ​គុណភាព​វិញ នៅ​លើ​អនឡាញ ឬវិស័យ​សារព័ត៌មាន​ឌីជីថល​ ឬអនឡាញនេះ គឺ​នៅខ្វះ​គុណភាព​ និង​ភាព​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ហ្នឹង​ច្រើនណាស់ ហើយ​ម្យ៉ាង​​ អ្នក​មើលអ្នកអាន​ក៏​មិនមាន​ចំណេះដឹង​ផ្នែក​ឌីជីថល ឬ​យើង​ហៅថា digital media literacy អីដែរ។

ភាគច្រើន គាត់មើលមិនដឹងថាព័ត៌មានហ្នឹង​មានវិជ្ជាជីវៈត្រឹមត្រូវ ឬអត់​ផង​ទេ។ ដូច្នេះ សរុប​មកវិញ មានតែអ្នកសារព័ត៌មានដែល​បាន​ទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ និងមាន​វិជ្ជាជីវៈខំប្រឹងធ្វើការងារទៅ ដើម្បីរក្សា​គុណភាពនិងវិជ្ជាជីវៈ និង​ខំផ្សាយ​នូវអ្វីដែល​ពិត​ច្បាស់លាស់ និង​គោរព​ក្រមសីលធម៌វិជ្ជាជីវៈ ខ្ញុំគិតថា យូរៗទៅ មនុស្ស​ម្នា​អ្នកអានអ្នកមើល​ហ្នឹង​មាន​ការយល់ដឹង​ច្រើន ពួកគាត់​គង់តែនឹង​បោះបង់ចោលសារព័ត៌មានអនឡាញជជុះ (គ្មានវិជ្ជាជីវៈ) ងាក​មក​អាន​ព័ត៌មាន​ដែល​ច្បាស់លាស់​និងមាន​វិជ្ជាជីវៈ​មិនខានឡើយ។

មួយវិញទៀត ខ្ញុំជឿជាក់ថា ក្រុមហ៊ុនធំៗ អ្នកផ្សាយ​ពាណិជ្ជកម្ម​ធំៗ ក៏នឹងជួយ​គាំទ្រ​ដល់សារព័ត៌មាន​ដែលមានវិជ្ជាជីវៈ​ ដើម្បី​ពួកយើងអាចពង្រីក​និង​បំពេញ ការងារ​បាន​កាន់តែ​ច្រើនថែមទៀត សម្រាប់បម្រើ​ដល់អ្នកអាននិងមហាជន ។ ខ្ញុំគិតថា នៅពេល​ណា មហាជន សង្គម ធុរជន​ អ្នកនយោបាយ គាំទ្រ​សារព័ត៌មានដែលមានវិជ្ជាជីវៈ ពេលនោះ​ហើយ​ដែល​ឥទ្ធិពល​នៃសារព័ត៌មានគ្មានវិជ្ជាជីវៈ វា​នឹង​ថមថយ​ចុះដោយ​ឯកឯង​៕