សង្គមស៊ីវិលការពារសិទ្ធិមនុស្សលើកឡើងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលទើបត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានការដាក់ទោសប្រជាពលរដ្ឋធ្ងន់ជ្រុល។
យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត លើកយកត្រង់ជំពូកទី៣ នៃទោសប្បញ្ញត្តិ មាត្រា៩ ចែងថា បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់បធ្យោបាយណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ) ឆ្នាំ ទៅ១០(ដប់) ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០(ដប់) ឆ្នាំ ទៅ ២០(ម្ភៃ) ឆ្នាំ កាលបើអំពើខាងលើនេះត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រីចក់ សុភាព បានប្រាប់ Newsroom Cambodia ថា ការតាក់តែងច្បាប់ធ្វើឡើងដោយតក់ក្រហល់ ឬមិនមានការចែករំលែកព័ត៌មានឲ្យសាធារណៈជនបានដឹងឮច្រើន។ អ្នកស្រីបន្ថែមថា មាត្រា៩នៃបទប្បញ្ញតិ្តក្នុងការដាក់ទោសទណ្ឌ ដែលចែងថា ត្រូវមានលក្ខខណ្ឌមួយចំនួនដែលអាស្រ័យទៅលើការបកស្រាយរបស់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការហាមឃាត់ការជួបជុំ និងប្រមូលផ្តុំ ក្នុងកាលៈទេសៈចំបាច់ដូចជាការឆ្លងរាលដាល ឬការជួបជុំ គួរតែមានការកាត់បន្ថយ គឺត្រូវតែគោរពតាមលក្ខខណ្ឌគោលនៃអង្គការសិទ្ធិមនុស្ស។
«ការប្បញ្ញត្តិនៃទោសទណ្ឌដែលមានការដាក់ទោសពី១០ទៅ២០ឆ្នាំនេះ ខ្ញុំយល់ថាវាហាក់បីដូចជាធ្ងន់ធ្ងរ ហើយត្រូវធ្វើយ៉ាងម៉េចចែងឲ្យច្បាស់ពាក់ព័ន្ធនឹងការចម្លងជំងឺកូវីដ១៩ដោយចេតនាហ្នឹង តើលក្ខខណ្ឌបែបណាដែលយើងកំណត់ថាអាចជាការចម្លងជំងឺដោយចេតនា កន្លែងនេះជាចំណុចមួយដែលវានឹងអាចប្រឈមសម្រាប់ពលរដ្ឋ។ ជួនកាលការបកស្រាយច្បាប់តាមឆន្ទៈរបស់សមត្ថកិច្ច អញ្ចឹងពលរដ្ឋនឹងរងគ្រោះទ្វេរដង រងគ្រោះមួយដោយសារជំងឺ ហើយរងគ្រោះមួយទៀតដោយសារការដាក់ទោសទណ្ឌ»។
អ្នកស្រី ចក់ សុភាព បន្ថែមថា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធការរៀបចំរបស់រដ្ឋាភិបាលក្នុងការបង្ការ ឬការព្យាបាលជំងឺកូវីដ១៩ រួមទាំងកន្លែងចត្តាឡីស័កត្រូវតែអំណោយផល ដើម្បីឲ្យពលរដ្ឋចូលរួមសហការ និងត្រូវរកឲ្យឃើញអំពីមូលហេតុនៃការគេចវេសពីតំបន់ធ្វើចត្តាឡីស័ក។
«អញ្ចឹងការអនុវត្តច្បាប់ត្រូវធានាថាមិនមែនគ្រាន់តែយើងយកទោសទណ្ឌមកដាក់ឲ្យពលរដ្ឋដើម្បីឲ្យទប់ស្កាត់ទេ ប៉ុន្តែផ្ទុយទៅវិញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវាមិនបានបង្កបរិយាកាសអំណោយផល ដូច្នេះវាមិនអាចសម្រេចបាននូវគោលដៅនៃការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា ការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ត្រូវធានានូវប្រព័ន្ធច្បាប់យុត្តិធម៌មួយដែលការអនុវត្តច្បាប់នោះគឺមិនបានសំដៅទៅលើបុគ្គលណាមួយ ក្នុងចេតនាសងសឹកនោះទេ ហើយថា ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ហើយត្រូវតែឈរលើគតិយុត្តច្បាស់លាស់។
សេចក្ដីព្រាងច្បាប់ដែលមាន ៦ ជំពូកស្មើនឹង ១៨ មាត្រា បានចែងពីការដាក់ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌលើ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលវិធានការរដ្ឋបាល ឬវិធានការផ្សេងទៀតដែលដាក់ចេញតាមច្បាប់នេះ៕