សង្គម​ស៊ីវិល​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដែល​ទើប​ត្រូវ​​បាន​ប្រកាសឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ​មានការ​ដាក់​ទោស​ប្រជាពលរដ្ឋ​ធ្ងន់​ជ្រុល​។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង​ជំងឺ​ឆ្លង​កាច​​សាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត លើកយកត្រង់ជំពូកទី៣ នៃ​ទោសប្បញ្ញត្តិ មាត្រា៩ ចែង​ថា បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់បធ្យោបាយណាមួយ ត្រូវផ្តន្ទាទោស​ដាក់​​ពន្ធនាគារពី៥(ប្រាំ) ឆ្នាំ ទៅ១០​(ដប់) ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០(ដប់) ឆ្នាំ ទៅ ២០(ម្ភៃ) ឆ្នាំ កាលបើអំពើ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមានការរៀបចំជាក្រុម ឬអង្គការ​ចាត់តាំង។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រីចក់​ សុភាព បានប្រាប់​ Newsroom Cambodia ថា ការតាក់តែង​ច្បាប់​ធ្វើ​ឡើង​ដោយ​តក់ក្រហល់ ឬមិនមាន​ការចែក​រំលែក​ព័ត៌មាន​ឲ្យ​សាធារណៈជនបានដឹងឮច្រើន។ អ្នកស្រីបន្ថែម​ថា មាត្រា៩​នៃ​បទ​ប្បញ្ញតិ្តក្នុងការដាក់ទោសទណ្ឌ ដែល​​ចែង​ថា​ ត្រូវ​មានល​ក្ខខណ្ឌ​មួយ​ចំនួន​ដែល​អាស្រ័យ​ទៅ​លើ​ការបកស្រាយ​​របស់​អាជ្ញាធរ​មូលដ្ឋាន​​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​​ការជួបជុំ និងប្រមូលផ្តុំ ​ក្នុងកាលៈទេសៈចំ​បាច់ដូចជា​ការ​ឆ្លង​រាល​ដាល ឬការជួបជុំ​ គួរតែមានការកាត់បន្ថយ គឺត្រូវតែគោរព​តាមលក្ខខណ្ឌ​គោល​នៃ​អង្គការ​សិទ្ធិ​មនុស្ស។

«ការប្បញ្ញត្តិនៃទោសទណ្ឌដែលមានការដាក់ទោសពី១០ទៅ២០ឆ្នាំនេះ ខ្ញុំយល់ថា​វា​ហាក់បី​​ដូចជា​ធ្ងន់ធ្ងរ ហើយត្រូវធ្វើយ៉ាងម៉េច​ចែងឲ្យច្បាស់ពាក់ព័ន្ធនឹងការចម្លង​ជំងឺ​កូវីដ​១៩ដោយចេតនាហ្នឹង តើលក្ខខណ្ឌបែបណាដែលយើងកំណត់ថាអាចជាការចម្លងជំងឺដោយចេតនា កន្លែងនេះជាចំណុច​មួយដែល​វា​នឹង​អាចប្រឈមសម្រាប់ពលរដ្ឋ។ ជួនកាលការបកស្រាយច្បាប់តាមឆន្ទៈ​រប​ស់​សមត្ថកិច្ច អញ្ចឹងពលរដ្ឋនឹងរងគ្រោះទ្វេរដង រងគ្រោះមួយដោយសារជំងឺ ហើយរងគ្រោះមួយទៀត​ដោយសារការដាក់ទោសទណ្ឌ»។

អ្នកស្រី ចក់ សុភាព បន្ថែមថា សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ការរៀបចំ​របស់​រដ្ឋាភិបាល​ក្នុងការបង្ការ ឬកា​រ​ព្យាបាលជំងឺ​កូវីដ១៩ រួមទាំងកន្លែង​ចត្តា​ឡីស័ក​ត្រូវតែ​អំណោយផល ដើម្បី​ឲ្យពលរដ្ឋ​ចូលរួមសហការ និង​ត្រូវ​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​​នៃ​ការ​គេច​វេស​​ពីតំបន់ធ្វើច​ត្តាឡីស័ក។​

«អញ្ចឹងការអនុវត្តច្បាប់ត្រូវធានាថាមិនមែនគ្រាន់តែយើងយកទោសទណ្ឌមកដាក់ឲ្យពលរដ្ឋដើម្បីឲ្យទប់ស្កាត់ទេ ប៉ុន្តែផ្ទុយទៅវិញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវាមិនបានបង្កបរិយាកាសអំណោយផល ដូច្នេះវាមិនអាចសម្រេចបាននូវគោលដៅនៃការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ»។

អ្នកស្រីបានបញ្ជាក់​បន្ថែម​ថា ការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់​ត្រូវ​ធានា​នូ​វប្រព័ន្ធ​ច្បាប់​យុត្តិធម៌​មួយដែលការអនុវត្តច្បាប់នោះគឺមិនបានសំដៅទៅលើបុគ្គលណាមួយ ក្នុង​ចេតនា​សងសឹកនោះទេ ហើយថា ការអនុវត្តច្បាប់​ត្រូវតែស្មើភាពគ្នា ហើយត្រូ​វតែ​ឈ​រ​លើ​គតិ​យុត្តច្បាស់លាស់។

សេចក្ដីព្រាងច្បាប់ដែលមាន ៦ ជំពូកស្មើនឹង ១៨ មាត្រា បានចែង​ពី​ការដាក់​ទណ្ឌកម្ម​រដ្ឋបាល និងព្រហ្មទណ្ឌលើ បុគ្គលដែលមិនអនុវត្តតាមវិធានការ​សុខាភិបាល​វិធាន​ការ​រដ្ឋបាល ឬវិធានការផ្សេងទៀតដែលដាក់ចេញតាមច្បាប់នេះ៕