សិក្ខាកាមសារព័ត៌មានរបស់ Newsroom Cambodia បានសម្ភាសន៍យុវជនលើការយល់ឃើញរបស់ពួកគេក្នុងការចូលរួមធ្វើជាអ្នកនយោបាយជំនាន់ក្រោយ ហើយតើមូលហេតុអ្វីបានយុវជនគួរត្រៀមខ្លួន ប្រឡូកក្នុងវិស័យនយោបាយ?
ខាងក្រោមនេះជាការលើកឡើងរបស់ក្រុមយុវជន៖
លោក ឃី ពិសី អតីតនិស្សិតច្បាប់ និងនយោបាយលើកឡើងថា៖ «ការចូលរួមនយោបាយរបស់យុវជនគឺមានសារៈសំខាន់មែនទែន ហេតុអ្វីបានខ្ញុំថាមានសារៈសំខាន់ ព្រោះយុវជនជាសរសៃឈាមថ្មី ជាចរន្តថ្មីដែលប្រទេសនានានៅលើពិភពលោកយកចិត្តទុកដាក់ណាស់ សូម្បីតែស្រុកខ្មែរយើងមានដល់ថ្នាក់បង្កើតក្រសួងអប់រំ មានបង្កើតអង្គការយុវជនជាច្រើនដើម្បីគាំទ្រស្មារតីដល់យុវជនឲ្យគាត់ចេះគិតពិចារណាស៊ីជ្រៅ អញ្ចឹងការចូលរួមធ្វើនយោបាយរបស់យុវជនមិនអាចខ្វះបានទេនៅក្នុងសង្គមប្រជាធិបតេយ្យ នេះបើនិយាយពីសង្គមប្រជាធិបតេយ្យចំបាច់ត្រូវតែមានការចូលរួមពីយុវជនដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ»។
លោក ហ៊ន ពិសិទ្ធ អតីតនិស្សិតផ្នែកវិទ្យាសាស្រ្តនយោបាយ(ប្រទេសថៃ) និយាយថា៖ «ខ្ញុំគិតថាជារឿងមួយដ៏ល្អព្រោះអីយុវជនគាត់មានគោលគំនិតថ្មីនិងផ្នត់គំនិតថ្មី ហើយទស្សនៈវិស័យវែងឆ្ងាយ ការសិក្សាស្រាវជ្រាវតាមបែបទំនើបកម្ម ដឹងពីភាវូបនីយកម្ម ដឹងថាសកលលោកដើរដល់កម្រិតណា ខុសពីមនុស្សចាស់ៗប្រើទម្រង់ដឹកនាំតាមបែបបក្សពួក បែបទម្រង់ចាស់គ្មានទស្សនៈវិស័យវែងឆ្ងាញ ដឹកនាំបែបទស្សនៈវិស័យអាត្មានិយម»។
លោកក៏បានបន្ថែមថា៖ «យុវជនគួរតែត្រៀមខ្លួនប្រឡូកទៅក្នុងវិស័យនយោបាយជាការចំបាច់បំផុត ព្រោះយុវជនគាត់អាចមានពេលវេលាក្នុងការបញ្ចេញនៅស្នាដៃ សិក្សានៅអ្វីថ្មីៗ គោលគំនិតថ្មីពីខាងក្រៅមកដើម្បីយកមកស្ថាបនាសង្គមជាតិយើង គឺវាមានរយៈពេលវែងជាងអ្នកនយោបាយចាស់ៗដែលពួកគាត់ដល់អាយុចូលនិវត្តន៍ហើយ តែគាត់មិនព្រមចូលនិវត្តន៍ទេ អញ្ចឹងយុវជនគឺសំខាន់ណាស់ក្នុងការត្រៀមខ្លួនចូលប្រឡូកទៅក្នុងនយោបាយ»។
ចំណែកលោក លន់ សេនី អតីតនិស្សិតផ្នែកចិត្តសាស្រ្ត យល់ថា៖ «យុវជនត្រូវតែវិវត្តន៍ខ្លួនឲ្យខ្លាំងឲ្យក្លាយទៅជាយុវប្រជាធិបតេយ្យ ឬក៏ពលរដ្ឋសកម្ម មិនមែនមានន័យថាទាល់តែជាអ្នកនយោបាយទើបអាចដោះស្រាយបញ្ហានយោបាយនានាបាននោះទេ ពោលគឺយុវជននិងពលរដ្ឋគ្រប់រូបត្រូវតែតែងតាំងខ្លួនឯងនឹងតែម្តងជាអ្នកដឹកនាំ ឬអ្នកនយោបាយផ្ទាល់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យដូចយើងបានដឹងគ្រប់គ្នាហើយថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិ ដូចនេះពួកគាត់មានសិទ្ធិក្នុងការសម្រេចជោគវាសនាប្រទេសរបស់គាត់»។
កញ្ញា រ៉ា ជឺយ៉ាង និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ឡើងថា៖ «យុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិ ជាចង្កូតបន្ទាប់ពីពលរដ្ឋ អញ្ចឹងយុវជនត្រូវតែមានកាតព្វកិច្ច តួនាទីនៅក្នុងប្រទេសហ្នឹង។ យើងមើលឧទាហរណ៍យុវជននៅទីក្រុងហុងកុង នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងគាត់ចង់គ្រប់គ្រងទីក្រុងហុងកុង យុវជនទីក្រុងហុងកុងជំនះតស៊ូដោយមិនចង់ឲ្យប្រទេសរបស់គាត់ទៅជាប្រទេសកុម្មុយនិស្ត ផ្តាច់ការ ដូច្នេះពួកគាត់ព្យាយាមកាច់ចង្កូតថ្នាក់ដឹកនាំតាមដែលអាចធ្វើទៅរួច ទោះបីជាមានក្តីសង្ឃឹមតិចតួចក៏ដោយ»៕