សម្ដេចព្រះមហាសុមេធាធិបតីជួន ណាត (ជោតញ្ញាណោ) ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ
និងបានបន្សល់ទុកនូវមរតកជាប្រវត្តិសាស្ត្រជាច្រើនដល់កូនខ្មែរនាពេលបច្ចុប្បន្នជាពិសេស សៀវភៅវចនានុក្រមភាសាខ្មែរ សម្រាប់ជាក្បូនច្បាប់ក្នុងការសរសេរអក្សរខ្មែរ ឱ្យមានភាពត្រឹមត្រូវ។​

សម្ដេចព្រះមហាសុមេធាធិបតីជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចព្រះសង្ឃរាជទ្រង់បានសោយព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្ម៨៦ព្រះវស្សា នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ​Newsroom Cambodia បានសម្ភាសន៍លោកគ្រូ អ្នកគ្រូ យុវជន
និងពលរដ្ឋចំពោះការយល់ឃើញ និងការរំលឹកគុណចំពោះសម្តេចព្រះសង្ឃរាជជួន ណាត​
ក្នុងថ្ងៃគម្រប់ខួបទី១៣៨ឆ្នាំ។

ព្រះគ្រូព្រហ្មត្ថេរោ យិន វ៉ាយ

ព្រះគ្រូព្រហ្មត្ថេរោ យិន វ៉ាយ ជាសមណនិស្សិត និងព្រះសង្ឃមួយអង្គសកម្មក្នុងកិច្ចការសប្បុរសធម៌បានសម្តែងការយល់ឃើញថាស្នាព្រះហស្តចំពោះសម្តេចសង្ឈរាជជួន ណាត សម្រាប់ប្រទេសជាតិ និងសាសនារបស់យើងនេះ មានវិសាលភាពធំធេង ដែលមិនអាចកាត់ថ្លៃបានទាក់ទងទៅនឹងវិស័យអក្សរសាស្ត្រ​ វិស័យព្រះពុទ្ធសាសនា ដែលព្រះអង្គដើរតួយ៉ាងសំខាន់នៅក្នុងសម័យនោះ។

ព្រះអង្គបានបន្សល់ទុកនូវកេរ្តិ៍មរតកជាច្រើនសម្រាប់ខ្មែរគ្រប់រូបទាំងអស់ មិនថានៅក្នុងពុទ្ធសាសនមណ្ឌល
សូម្បីតែពុទ្ធបរិស័ទគ្រប់រូបក៏ធ្លាប់បានទទួលនូវស្នាព្រះហស្តរបស់សម្តេចសង្ឃរាជ។

ព្រះតេជគុណក៏បានបន្ថែមទៀតថា÷ «ក្នុងនាមខ្ញុំព្រះករុណាជាព្រះសង្ឈមួយអង្គ គប្បីរំលឹកដឹងនៃព្រះគុណ
ដែលជាគុណដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ​ ដែលព្រះអង្គបានបន្សល់ទុកស្នាព្រះហស្តយ៉ាងច្រើន
សម្រាប់ប្រជាពលរដ្ឋខែ្មរ និងព្រះសង្ឃ។ ព្រោះអក្សរសាស្ត្រមានសារសំខាន់ណាស់ អក្សរសាស្ត្រជាមេនៃគំនិត
ជាមេនៃចំណេះដឹង ជាមេនៃការឈ្វេងសិក្សាទាំងឡាយ គឺត្រូវការអក្សរសាស្ត្រ ដើម្បី​យកមកសិក្សាស្រាវជ្រាវ»។

ព្រះតេជគុណបន្តទៀតថា៖ «នៅពេលមានអក្សរសាស្ត្រ យើងអាចសរសេរ អាន ឈ្វេងយល់
ហើយយើងអាចមានគំនិតច្រើន អាចសិក្សាភាសាដទៃៗ និងទស្សនដែលជាទ្រឹស្តីល្អផ្សេងៗទៀតតាមរយៈអក្សរ»។

ព្រះអង្គបានលើកឡើងនូវបទពិសោធន៍ និងមេរៀនដែលបានរៀនសូត្រពីសម្តេចព្រះសង្ឃរាជថា ទី១
ព្រះអង្គបានបង្កើតនូវអក្សរសាស្ត្រដែលសម្រាប់អង្គផ្ទាល់ ក៏ដូចជាខ្មែរទូទៅ បានសិក្សារៀនសូត្រ បានអាន
បានសរសេរ។ ទី២ គឺទស្សននូវការចងក្រងដែលជាស្នាព្រះហស្តជាច្រើន ដូចជាទស្សនាវដ្តីកម្ពុជសុរិយា
និងគហិបដិបត្តិ។ ម្យ៉ាងវិញទៀត សម្តេចព្រះសង្ឃរាជក៏បានលើកយកទស្សនបង្រួបបង្រួមជាតិ
ការសាមគ្តីរវាងព្រះសង្ឃខ្មែរ និងឱ្យដើរតួនាទីជួយដល់ប្រជាពលរដ្ឋ។

ព្រះតេជគុណបានសង្កត់ធ្ងន់ថា៖ «បើមានការបែកបាក់សាមគ្គីគ្នា គឺធ្វើឲ្យប្រទេសជាតិនឹងប្រេះឆាហើយការសង្រ្គោះមិនគួរឱ្យខ្លាចនោះទេ តែអ្វីដែលគួរឱ្យខ្លាច គឺការបែកបាក់សាមគ្គី បើកាលណាបែកបាក់សាមគ្គី
គឺធ្វើឱ្យខ្មែរគ្រប់រូបនឹងរឹតតែលំបាកវេទនាទៅទៀត»។

ព្រះតេជគុណបញ្ជាក់ថា÷ «សម្តេចព្រះសង្ឃរាជ ជួន ណាត បានសម្តែងព្រះធម៌តាមរយៈខ្សែអាត់
ដែលករុណាបានស្តាប់ ចំណែកសៀវភៅ គឺបានបង្រៀនឱ្យមនុស្សទូទៅទាំងអស់ ឱ្យប្រកាន់ភ្ជាប់នៅក្នុងសីលធម៌
មិនថាប្រជាពលរដ្ឋ មិនថាព្រះរាជា មិនថាមន្ត្រី ឬព្រះសង្ឃនោះទេ គឺមិនអាចប្រាស់ចាកពីសីលធម៌បានដែរ
ពីព្រោះសីលធម៌ក្តោបន័យរួមផ្តោតទៅលើច្បាប់នៃការគ្រប់គ្រងប្រទេស ដូច្នេះប្រសិនបើពួកគាត់រស់នៅជាមួយសីលធម៌គឺឱ្យប្រទេសជាតិបានសុខ»។

លោកធន រតនៈ

លោកធន រតនៈ ជានិស្សិតឆ្នាំទី៤ ដើរតួនាទីសំខាន់ក្នុងកិច្ចការសង្គម បានបង្ហាញការយល់ឃើញថា
រូបលោកពិតជាមានកិត្តិយស និងមានមោទនភាពខ្លាំងចំពោះស្នាព្រះហស្ត ព្រោះបើយើងសង្កេតមើលអក្សរសាស្រ្តខ្មែរ វប្បធម៌ខ្មែរ បើគ្មានសម្តេចសង្ឃរាជជួន ណាត អាចនិយាយថា (ឬក៏ថា) គ្មានព្រះពុទ្ធសាសនាទេ។
ឧទា​ហរណ៍ដូចជាប្រទេសវៀតណាមក្នុងសម័យអាណានិគមដូចយើងដែរ ប៉ុន្តែគេមិនអាចបន្សល់​ទុកអក្សរសាស្ត្រជាតិគេបាន។ ប៉ុន្តែខ្មែរយើងអាចធ្វើបាននេះដោយសារព្រះគុណរបស់សម្តេចសង្ឃរាជ ឬបើយើងនិយាយឱ្យទូលំទូលាយក៏ជាគុណរបស់ព្រះពុទ្ធសាសនាដែរ។

លោកធន រតនៈ លើកឡើងថា៖ «បើគ្មានសម្តេចសង្ឃរាជជួន ណាត អក្សរសាស្ត្រខ្មែរ មរតកខ្មែរទាំងអស់ប្រហែលជាមិនអាចស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ននេះទេ»។

លោកធន រតនៈ បានពន្យល់បន្ថែមថា នៅលើបណ្តាញសង្គម គឺត្រូវកាត់បន្ថយការសរសេរអក្សរជាភាសាឡាតាំងត្រូវសរសេរភាសាជាតិ ហើយព្យាយាមសរសេរកុំឲ្យខុសអក្ខរាវិរុទ្ធ។ លើកពីនេះព្យាយាមចែករំលែក
និងផ្សព្វផ្សាយទៅតាមអ្វីដែលអាចធ្វើបានតាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗចំពោះភាពត្រឹមត្រូវនៃភាសាខ្មែរ។

នេះគឺជាវិធីខ្លះៗ ឬជារឿងខ្លះៗដែលយើងអាចធ្វើបានហើយក៏ជារឿងមួយដែលយើងអាចជួយថែរក្សាមរតកទាំងអស់ហ្នឹងបាន ប្រសិនបើយើងមិនខ្វល់ខ្វាយ មិនចូលរួមថែរក្សាតាមវិធីនឹងទេ គឺនឹងបាត់បង់បន្តទៅទៀត។

លោកធន រតនៈ បញ្ជាក់ដូច្នេះថា៖ «ក្នុងនាមជាយុវជនអ្វីដែលគួរធ្វើគឺព្យាយាមរក្សានៅកេរ្តិ៍មរតក តាមរយៈការសរសេរតាមរយៈការជួយផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម»។

លោកធន រតនៈ កន្លងមកបានសិក្សារៀនសូត្រជាច្រើនចំពោះស្នាព្រះហស្តសម្តេចសង្ឃរាជ ដោយលោកបង្ហាញថា ទី១បានសិក្សាអក្សរសាស្ត្រខ្មែរ ដែលជាស្នាព្រះហស្តដ៏ធំបំផុត នោះគឺវចនានុក្រម ទី២ គឺការនិពន្ធបទភ្លេងជាតិអ្វីផ្សេងៗ ដែលបានស្តាប់ ទី៣ ពាក្យអប់រំ ពាក្យទូន្មានផ្សេងៗ ក៏បានធ្វើឱ្យលោកស្គាល់សម្តេចព្រះសង្ឃរាជជួន ណាត ផងដែរ។

អ្នកគ្រូ អមរាទេវី

អ្នកគ្រូអមរាទេវី ជាគ្រូបង្រៀនអភិធម៌ដល់បរិស័ទ និងព្រះសង្ឃ ហើយក៏ជាអ្នកឆ្លាសវៃនៅក្នុងព្រះពុទ្ធសាសនា។
បើទាក់ទងសម្តេចសង្ឃរាជ ជួន ណាត អ្នកគ្រូផ្ទាល់មើលឃើញថាព្រះអង្គបានបន្សល់ទុកស្នាព្រះហស្ត
និងកេរ្ត៏ដំណែលអក្សរសាស្រ្តសម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងប្រើប្រាស់មកដល់បច្ចុប្បន្ន។

អ្នកគ្រូអមរាទេវី បាននិយាយថា៖ «សម្តេចសង្ឃរាជជួន ណាត គឺបានបន្សល់ទុកស្នាព្រះហស្ត
និងកេរ្តិ៍ដំណែលអក្សរសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយ ដូច្នេះសូមចូលរួមថែរក្សា និងដឹងគុណសម្តេចសង្ឃរាជ
រួមជាមួយនឹងក្រុមជំនុំជម្រះព្រះត្រៃបិដកផង»។

កញ្ញាទត រក្សា

កញ្ញាទត រក្សា ជានិស្សិត​ និងគ្រូបង្រៀន បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញក្នុងថ្ងៃទី១១ ខែមីនាដែលជាថ្ងៃសម្តេចសង្ឃរាជទ្រង់ប្រសូតថា÷ «បើយើងស្រឡាញ់ ឬផ្តល់ការគោរពដឹងគុណចំពោះបុព្វបុរស
ជាពិសេសសម្តេចសង្ឃរាជ យើងត្រូវចូលរួមសិក្សាវចនានុក្រម និងសរសេរឲ្យបានត្រឹមត្រូវទាំងអស់គ្នា»។

ដោយកញ្ញាបានបន្ថែមទៀតថា ក្នុងនាមកញ្ញាផ្ទាល់ជាយុវជនខ្មែរ ហើយមានឈាមជាបុព្វបុរសខ្មែរដែរ
ត្រូវសិក្សាឈ្វេងយល់អំពីវចនានុក្រម និងប្រឹងប្រែងពង្រឹងសំណេរ ឬការសរសេរឲ្យបានត្រឹមត្រូវ
និងព្យាយាមផ្សព្វផ្សាយទៅដល់បងប្អូនផ្សេងៗទៀត។ ម្យ៉ាងទៀតក្នុងនាមជាគ្រូបង្រៀនមួយរូប កញ្ញានឹងប្រឹងបណ្តុះនិងបង្ហាត់បង្រៀនឱ្យកូនខ្មែរយល់ដឹងអំពីគុណតម្លៃនៃការប្រើប្រាស់អក្សរជាតិ និងវចនានុក្រមខ្មែរ៕