អតីតភរិយាលោកឧកញ៉ាឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

លោកស្រី ដេត ម៉ាលីណា បាននិយាយលើផេកហ្វេសប៊ុកដូន្នេះថា៖ «រយៈពេល១៣ ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហិង្សា​នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើងមកគំរាមសម្លាប់ទៀតផង»។

លោកស្រី ដេត ម៉ាលីណា បាននិយាយថា ការដែលនាងសម្រេចចិត្តទម្លាយវីដេអូនៅពេលនេះក៏ព្រោះតែលោក ឌួង ឆាយ មិនបានគោរពតាមការព្រមព្រៀងតាមច្បាប់នៃលក្ខខណ្ឌក្នុងការលែងលះគ្នា ហើយបានចោទលោកថាព្យាយាមបំបែកនាងពីកូននាងទៀត។

«ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយៈកាមេរ៉ា វីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះ និង​យុត្តិធម៌»។

តាមរយៈវីដេអូនោះ​លោកឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

មួយថ្ងៃបន្ទាប់ពីការបង្ហោះវីដេអូនេះ លោក ឧកញ៉ាឌួង ឆាយ ក៏បានចេញមុខមកបកស្រាយបំភ្លឺជុំវិញរឿងនេះ តាមរយៈការ Live និយាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយព្រមទទួលស្គាល់ថាបានប្រើអំពើហិង្សាទៅលើអតីតភរិយារបស់លោកមែន ហើយលោកក៏យល់ព្រមទទួលកំហុសនេះដែរ។

លោកបាននិយាយទៀតថា មូលហេតុដែលនាំឱ្យលោកធ្វើរឿងមិនគប្បីទាំងនេះ ក៏ព្រោះតែអតីតភរិយារបស់លោកធ្លាប់រករឿងឈ្លោះប្រកែកគ្នា ដោយឱ្យលោកទៅគ្រៀវអវៈយវៈភេទព្រោះមិនទុកចិត្តប្ដីខ្លាចក្រែងមានស្រីញីនៅខាងក្រៅ ហើយបើលោកមិនធ្វើតាម គឺមានតែលែងលះគ្នា។

លោកបានបន្ថែមទៀតថា រឿងឈ្លោះប្រកែកគ្នានេះ គឺចាប់ផ្ដើមនៅអំឡុងខែមីនា បន្ទាប់ពីលោកស្រី ដេត ម៉ាលីណា បានផ្ដល់កំណើតឱ្យកូនស្រីពៅរួច ហើយលោកក៏បានចោទប្រកាន់អតីតភរិយារបស់លោកថាមានទំនាក់ទំនងស្នេហាជាមួយជនទី៣ ទើបធ្វើឱ្យជីវិតគ្រួសាររបស់លោកមានបញ្ហារកាំរកូស មិនចុះសម្រុងជាមួយគ្នារហូតឈានទៅដល់ការប្រើអំពើហិង្សា និងលែងលះគ្នា។

គួររំលឹកផងដែរថា លោកឧកញ៉ាឌួង ឆាយ បានបន្សល់ទុកចំណងដៃកូនប្រុស ស្រីចំនួន ៣នាក់ ជាមួយលោកស្រីដេត ម៉ាលីណា៕