ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារនេះប្រកាសថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងទទួលរងឥទ្ធិពលសម្ពាធខ្យល់វិលវល់ក្នុងអំឡុងមួយសប្តាហ៍នេះ ដែលបង្កជាភ្លៀង ផ្គរ និងរន្ទះ។
សេចក្តីជូនដំណឹងរបស់ក្រសួងធមធានទឹកចេញផ្សាយនៅថ្ងៃទី១៦ ខែមីនានេះបញ្ជាក់ថា នៅថ្ងៃទី១៧ ដល់១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលនៃខ្យល់ស្ងប់វិលវល់ (DIVERGENCE WIND) និងបណ្តុំសម្ពាធទាបជាច្រើន (LOW PERSSURE CELL)។ ចំណែកនៅថ្ងៃទី២០ ដល់២៣ នៅភាគឦសានប្រទេស នឹងទទួលឥទ្ធិពលមួយចំនួនទៀតពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតីនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖ «បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៨ oC សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ oC មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៩ oC សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ oC មានភ្លៀងផ្គរ រន្ទះពីផ្សែងក្រូចទៅច្រើន និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ oC សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ oC មានភ្លៀងផ្គរ រន្ទះពីខ្សោយទៅច្រើន»។
ក្រោមស្ថានភាពបែបនេះ ក្រសួងជូនដំណឹងដល់ប្រជាពលរដ្ឋមានការប្រុងប្រយត្នចាប់ពី ថ្ងៃទី១៧ ដល់ទី២៣ ខែ មីនា ឆ្នាំ ២០២១ ក្នុងគោលបំណងទប់ស្កាត់បញ្ហា និងធានាសុខសុវត្ថិភាពចំពោះការធ្វើដំណើរ៕