ក្រសួងធនធានទឹក និងឧតុនិយម នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា នឹង​ទទួល​រងឥទ្ធិពល​សម្ពាធ​ខ្យល់​វិលវល់​ក្នុង​អំឡុង​មួយសប្តាហ៍​នេះ​ ដែល​បង្ក​ជា​ភ្លៀង ផ្គរ និង​រន្ទះ។​

សេចក្តីជូនដំណឹងរបស់ក្រសួង​ធមធាន​ទឹក​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ​​បញ្ជាក់ថា នៅថ្ងៃទី១៧ ដល់​១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលនៃខ្យល់ស្ងប់វិលវល់ (DIVERGENCE WIND) និងបណ្តុំសម្ពាធទាបជាច្រើន (LOW PERSSURE CELL)។ ចំណែកនៅ​ថ្ងៃទី២០ ដល់​២៣ នៅភាគឦសានប្រទេស នឹង​ទទួល​ឥទ្ធិពលមួយ​ចំនួន​ទៀត​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក និ​ងភាគនិរតីនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖ «បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៨ oC​ សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ oC មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៩​​ oC សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ oC មានភ្លៀងផ្គរ រន្ទះពីផ្សែងក្រូចទៅច្រើន និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧​​ oC សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ oC មានភ្លៀងផ្គរ រន្ទះ​ពី​ខ្សោយ​ទៅច្រើន»។

ក្រោមស្ថានភាពបែបនេះ ក្រសួង​ជូន​ដំណឹ​ង​ដល់​ប្រជាពលរដ្ឋមានការប្រុងប្រយត្នចាប់ពី ថ្ងៃទី១៧ ដល់ទី២៣ ខែ មីនា ឆ្នាំ ២០២១  ក្នុងគោលបំណងទប់ស្កាត់បញ្ហា និងធានា​សុខ​សុវត្ថិភា​ព​ចំពោះការធ្វើដំណើរ៕​