លោកសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោកស្រីថាក់ ឡានី
អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ
ពាក់ព័ន្ធនឹងការចោទសលោកហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការស្លាប់លោកបណ្ឌិតកែម ឡី
កាលពីថ្ងៃទី១០ កក្កដា ២០១៦។

យោងតាមព្រះរាជក្រឹត្យ ការលើកលែងទោសនេះបានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់លោក
ហ៊ុន សែន ដែលមានយោងតាមមាត្រា១ ត្រាស់បង្គាប់លើកលែងទោសឲ្យអ្នកស្រីថាក់ ឡានី ភេទស្រីកើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៥ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។

ចាប់តាំងពីមានករណីសំណុំរឿងចាប់ខ្លួនអ្នកស្រីកាលពីឆ្នាំ២០១៨ រហូតដល់មានការលើកលែងទោសឲ្យនេះ អ្នកស្រីបាននិរទេសខ្លួនរហូតមក៕