ស្ថានភាពកូវីដ ១៩ បានបង្ខំឲ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនផ្អាកដំណើរការ ហើយសិស្សានុសិស្សទាំងអស់ត្រូវ បានផ្លាស់ប្ដូរមករៀនតាមរយៈប្រព័ន្ធអនឡាញវិញ។

អ្នកគ្រូកង សុជាតា មកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ​ បានផ្តល់សម្ភាសដល់ Newsroom Cambodia អំពីផលលំបាកនៃការបង្រៀនតាមរយៈអនឡាញ។

ក្នុងអត្ថបទខាងក្រោមនេះ​ ជាការសម្ភាស៍ជាមួយ

Q: តើការបង្រៀនតាមរយៈអនឡាញមានផលលំបាកអ្វីខ្លះ?

A: សម្រាប់ផលវិបាកនៃការបង្ហាត់បង្រៀនតាមអនឡាញវាច្បាស់ជាមាន ១០០ភាគរយហើយ វាមិនងាយស្រួលដូចជាការបង្ហាត់ផ្ទាល់រវាងគ្រូ និងសិស្សនៅក្នុងថ្នាក់ទេ។ បញ្ហាសំខាន់ទី១ សម្រាប់សិស្សមួយចំនួនគាត់ទៅស្រុកកំណើត ដូច្នេះបញ្ហាអ៊ិនធឺណេតដើរយឺត ពេលខ្លះការចូលពន្យល់មេរៀននៅក្នុង Zoom ពួកគាត់មិនបានស្ដាប់អីទេ។ រីឯសិស្សមួយចំនួនតូចមិនមែនជាបញ្ហាអ៊ិនធឺណេតអីនោះទេ ប៉ុន្តែគាត់យកលេសបញ្ហាអ៊ិនធឺណេត ព្រោះគាត់មិនចង់ស្ដាប់ការពន្យល់មេរៀន អ៊ីចឹងគាត់គ្រាន់តែកត់មេរៀនតាមវីឌីអូដែលបានថតទុក ហើយផ្ញើរឲ្យគាត់តែប៉ុណ្ណោះ។ កត្តាដែលជួបបញ្ហាខ្លាំងហ្នឹង គឺសម្រាប់សិស្សដែលគាត់មិនយកចិត្តទុកដាក់ ដូច្នេះគាត់យកបញ្ហាអនឡាញហ្នឹងធ្វើជាលេសដើម្បីមិនខំរៀន។

Q: តើសិស្សមានការយកចិត្តទុកដាក់ចំពោះមេរៀនយ៉ាងដូចម៉្ដេច?

A: សម្រាប់ការយកចិត្តទុកដាក់ចំពោះមេរៀនវិញ គឺចំពោះសិស្សដែលគាត់យកចិត្តទុកដាក់តាំងតែពីរៀននៅក្នុងថា្នក់ហ្នឹងទោះបីជាគាត់រៀនអនឡាញក៏គាត់នៅតែបន្តយកចិត្តទុកដាក់រៀនដែរដូចជាគាត់ចូលមករៀនអនឡាញទៀងទាត់ពេលវេលា គឺដូចពេលដែលគាត់ចូលរៀននៅក្នុងថ្នាក់អ៊ីចឹងហើយគាត់តាមដានការបង្រៀន ឆ្លើយសំណួររំលឹកមេរៀន គាត់អានមេរៀនបន្ថែមនៅក្នុងសៀវភៅពុម្ពជាពិសេសប្រសិនបើយើងមានវីឌីអូបង្ហាត់ពន្យល់មេរៀនចំណុចដែលយើងត្រូវរៀននៅថ្ងៃហ្នឹង គឺគាត់ព្យាយាមចូលរួមតាមដានវីឌីអូហ្នឹងហើយ បើគាត់មានចម្ងល់គាត់នឹងសួរបកមកយើងវិញ ហើយគាត់មានការកត់មេរៀនហ្នឹងទៀងទាត់ល្អ។ និយាយទៅ សម្រាប់តែសិស្សដែលគាត់យកចិត្តទុកដាក់ស្រាប់ អ៊ីចឹងគាត់នៅតែយកចិត្តទុកដាក់ដដែល។ រីឯសិស្សដែលគាត់មិនដែលយកចិត្តទុកដាក់ គឺគាត់គ្មានធ្វើអ្វីនោះទេ គាត់គ្រាន់តែកត់នូវអ្វីដែលបានផ្ញើរឲ្យគាត់តែប៉ុណ្ណោះ។

Q: ចំពោះអ្នកគ្រូផ្ទាល់ តើអ្នកគ្រូគិតថាសិស្សអាចចាប់មេរៀនបានប្រហែលជាប៉ុន្មានភាគរយ?

A: សម្រាប់អ្នកគ្រូផ្ទាល់ ការចាប់បានមេរៀនរបស់សិស្ស គឺទៅតាមកម្រិតរបស់សិស្សដែរ។ សម្រាប់សិស្សហ្នឹងដែលជាសិស្សឧស្សាហ៍ ឬសិស្សពូកែ គឺវាមិនសូវជាលំបាកនោះទេ។ តែសម្រាប់សិស្សដែលមិនយកចិត្តទុកដាក់ស្រាប់អ៊ីចឹង ហើយគាត់មិនព្យាយាមបន្ថែមខ្លួនឯងទៀតនោះ គឺរៀងពិបាកដែរ។ ដូច្នេះការរៀនមេរៀននៅតាមអនឡាញនេះ គឺលំបាកណាស់ សម្រាប់សិស្សដែលយកចិត្តទុកដាក់ ឬចាប់ចូលជាសិស្សពូកែគាត់អាចទទួលបានចំណេះដឹងនេះប្រហែលត្រឹម៧០% អីដែរ ប៉ុន្តែសម្រាប់សិស្សដែលគាត់មធ្យមបានត្រឹម ៥០% តែសម្រាប់សិស្សដែលគាត់មិនស្វាត់ស្វែងរៀន និងមិនមានមនសិការក្នុងការសិក្សាខ្លួនឯង គឺគាត់ស្ទើរណាស់បានប្រហែលជា២០% អីទេ ព្រោះគាត់បានត្រឹមតែកត់មេរៀនឲ្យយើងនោះទេ។

Q: ជាចុងក្រោយ តើអ្នកគ្រូមានប្រសាសន៍អ្វីខ្លះសម្រាប់ផ្ដែផ្ដាំ?

A: សម្រាប់អ្នកគ្រូ អ្វីដែលចង់ផ្ដែផ្ដាំទៅកាន់សិស្សានុសិស្សនោះ គឺកុំឲ្យគាត់យកបរិបទកូវីដ ១៩​
មកធ្វើជាលេសសម្រាប់ការដែលគាត់មិនរៀន។ គាត់គិតថា គាត់រៀនមិនចេះដោយសារកូវីដ​ ការរៀនពីចម្ងាយតែប្រសិនបើគាត់តាំងចិត្តថានឹងចង់រៀន អ៊ីចឹងមិនថារៀនពីចម្ងាយ ឬក៏រៀនផ្ទាល់នោះទេ
គាត់នឹងទទួលបានចំណេះដឹងដូចគ្នា។ វាអាចមានការលំបាក វាមិនងាយស្រួលនោះទេ សំខាន់យើងរៀននៅឆ្ងាយមិនដូចរៀនផ្ទាល់ អ៊ីចឹងហើយត្រង់ចំណុចដែលគាត់មិនយល់ ឬមិនច្បាស់អីគឺ គាត់អាចស្រាវជ្រាវ មើលសៀវភៅពុម្ពអីបន្ថែម ហើយចំណុចណាដែលមិនច្បាស់គាត់អាចមកសួរគ្រូបន្ថែមបាន។ ប៉ុន្តែណាស់តែពួកគាត់មិនសួរ គាត់យកកត្តាកូវីដ ១៩ ធ្វើជាលេស រៀនពីចម្ងាយមិនចេះ ដូចនេះចង់ផ្ដាំផ្ញើរឲ្យគាត់កុំដូច្នេះ យើងត្រូវដឹងថា ទោះបីជាយើងរៀនពីចម្ងាយ ឬជួបផ្ទាល់អីឲ្យតាយើងចង់រៀន គឺយើងអាចរៀនបានតែទាំងអស់ហ្នឹង អ៊ីចឹងសូមកុំឲ្យគាត់គិតដូច្នេះ៕