លោកសាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ ដែលត្រូវបានគេមើលឃើញតាមរយៈវីដេអូមួយថាបានប្រើអំពើហឹង្សាក្នុងគ្រួសាររបស់គាត់។
អតីតភរិយាលោក ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពីអតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។
តាមរយៈវីដេអូនោះលោក ឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ ហើយលោក ឌួង ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។
ឆ្លើយតបនឹងសំណួរពី Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះអំពីករណីហឹង្សានេះ លោក សាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយតាមទូរស័ព្ទដូច្នេះថា «រឿងនេះអាចនឹងមានការស៊ើបអង្កេតបន្ថែម ហើយរឿងនេះគេក៏កំពុងតែធ្វើការទៅតាមផ្នែករបស់គេ»។
លោក សាន សុខសីហា មិនបានបកស្រាយលំអិតអំពីការស៊ើបអង្កេតនេះទេ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងកិច្ចការនារីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកឌួង ឆាយ ដែលប្រើប្រាស់អំពើហិង្សាទៅលើលោកស្រីដេត ម៉ាលីណា ហើយក្រសួងក៏អំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សា ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត កុំនៅស្ងៀម និងលាក់ទុករឿងទាំងនេះ។
«សូមផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត ដែលនៅជិតលោកអ្នកបំផុត»។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះផងដែរ ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឌួង ឆាយ តាមសំណើរបស់នាយករដ្ឋមន្ត្រី លោកហ៊ុន សែន។
នៅក្នុងមតិយោបល់ចុងក្រោយរបស់គាត់នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ លោកឌួង ឆាយ បាននិយាយតាយរយៈហ្វេសប៊ុកថា «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»៕