អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា ទីផ្សារនាំអង្ករចេញរបស់កម្ពុជាក្នុងខែមីនា មានការកើនឡើងប្រសើរជាងពីរខែមុន ដែលអាចជាក្ដីរំពឹងនៃការនាំចេញអង្ករចេញរបស់កម្ពុជាស្ទុះងើបឡើងនៅខែបន្ដបន្ទាប់ទៀត។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមីនានេះថា វឌ្ឍនភាពការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល២ខែកន្លងមកនេះ ធ្លាក់ចុះជាង៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកថា ចំពោះដើមខែមីនានេះ បានផ្តល់សញ្ញាវិជ្ជមានប្រសើរជាងពីរខែមុន ហើយទីផ្សារចិននៅតែជាទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្ករកម្ពុជា។
លោក លន់ យ៉េង បញ្ជាក់ថា៖ «ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេលពីរសប្តាហ៍ក្នុងខែមីនា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលវាជាក្ដីរំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅខែបន្ដបន្ទាប់ទៀតអាចនឹងមានការស្ទុះងើបឡើងវិញ»។
លោក លន់ យ៉េង បន្ថែមថា កត្តានាំឱ្យអង្ករកម្ពុជានាំចេញបានប្រសើរជាងមុខ ក្នុងខែមីនានេះ គឺមកពីការដឹកជញ្ជូនមានតម្លៃថោកជាងមុនបន្តិច។
«កត្តាតម្លៃដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិច ដោយហេតុក្នុងខែនេះទូកុងតឺន័រសម្បូរឡើងវិញ ម្យ៉ាងទៀតពេលនេះគឺជារដូវប្រមូលផល ដូច្នេះនាំឱ្យសម្បូរស្រូវអង្ករផងដែរ»។
លោក លន់ យ៉េង បន្ថែមថា នៅថ្ងៃខាងមុខ ដើម្បីធានាដល់បរិមាណនាំចេញអង្ករកម្ពុជា លោកនឹងនៅតែផ្តោតសំខាន់លើរបៀបវេចខ្ចប់អង្ករដោយប្រើតង់ ឬបាវ ដើម្បីជំនួសឲ្យការប្រើប្រាស់ទូកុងតឺន័រ ដោយលោកថា បញ្ហាខ្វះខាតទូកុងតឺន័រអាចនឹងបន្ដកើតឡើង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញបន្ដទៀត។
យោងតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ផ្សាយនៅថ្ងៃទី១២ ខែមីនា បញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករ ៧៦,២២២ តោន ស្មើនឹងតម្លៃ ៦៤,៥៣ លានដុល្លារ ក្នុងអំឡុងពេលនេះធ្លាក់ចុះ ៤៤,១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ការនាំចេញអង្ករថយចុះនេះដោយសារកង្វះទូកុងតឺន័រ និង តម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តឡើងខ្ពស់រហូតដល់ជិត ៥០០ ភាគរយ នៃតម្លៃដឹកជញ្ជូនកាលពីឆ្នាំ ២០១៩៕