អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើង​ថា ទីផ្សារ​នាំអង្ករ​ចេញ​របស់​កម្ពុជា​ក្នុង​ខែមីនា មានការកើនឡើងប្រសើរជាងពីរ​ខែមុន ដែលអាចជា​ក្ដី​រំពឹង​នៃការ​នាំ​ចេញ​អង្ករចេញ​របស់​កម្ពុជា​ស្ទុះ​ងើបឡើង​នៅ​ខែ​បន្ដបន្ទាប់​ទៀត​។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​១៩ ខែមីនា​នេះ​ថា វឌ្ឍនភាព​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​​ក្នុង​រយៈពេល​២ខែកន្លងមកនេះ ធ្លាក់ចុះជាង៤៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។ លោក​ថា ចំពោះដើមខែមីនានេះ បាន​ផ្តល់​សញ្ញា​​វិជ្ជមាន​ប្រសើរ​ជាង​ពី​រ​ខែមុន ហើយ​ទីផ្សារ​ចិន​នៅ​តែ​ជា​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា។

លោក លន់ យ៉េង បញ្ជាក់​ថា៖ «ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែមីនា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​វា​ជា​ក្ដី​រំពឹង​ថា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែ​បន្ដបន្ទាប់​ទៀត​អាច​នឹង​មានការ​ស្ទុះ​ងើបឡើង​វិញ​»។

លោក លន់ យ៉េង បន្ថែម​ថា កត្តានាំឱ្យអង្ករកម្ពុជានាំចេញបានប្រសើរជាងមុខ ក្នុងខែមីនានេះ គឺមកពីការដឹកជញ្ជូន​មានតម្លៃ​ថោកជាងមុនបន្តិច។

«កត្តាតម្លៃដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិច ដោយហេតុក្នុងខែនេះទូ​កុងតឺន័រសម្បូរឡើងវិញ ម្យ៉ាងទៀតពេលនេះគឺជារដូវប្រមូលផល ដូច្នេះនាំឱ្យសម្បូរស្រូវអង្ករផងដែរ»។

លោក លន់ យ៉េង បន្ថែម​ថា នៅ​ថ្ងៃខាងមុខ​ ដើម្បី​ធានា​ដល់​បរិមាណ​នាំ​ចេញ​អង្ករកម្ពុជា លោកនឹង​នៅ​​តែផ្តោតសំខាន់​​លើ​របៀប​​វេច​ខ្ចប់​អង្ករ​ដោយ​ប្រើ​តង់ ឬ​បាវ ដើម្បី​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ទូ​កុងតឺន័រ ​ដោយ​លោក​ថា បញ្ហា​ខ្វះខាត​ទូ​កុងតឺន័រ​​​អាច​នឹង​បន្ដ​កើតឡើង​ ដែល​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​បន្ដ​ទៀត​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ផ្សាយ​នៅ​ថ្ងៃទី១២ ខែមីនា បញ្ជាក់ថា កម្ពុជា​បាននាំ​ចេញ​អង្ករ ៧៦,២២២ ​តោន​ ស្មើនឹង​តម្លៃ ៦៤,៥៣ ​លានដុល្លារ​ ក្នុង​អំឡុង​​ពេលនេះ​ធ្លាក់ចុះ ៤៤,១៦ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ការនាំចេញ​អង្ករ​​ថយចុះ​នេះ​ដោយសារ​កង្វះ​ទូកុងតឺន័រ និង តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​បន្ត​ឡើង​ខ្ពស់​រហូតដល់​ជិត​ ៥០០ ​ភាគរយ​ នៃ​តម្លៃ​ដឹកជញ្ជូន​កាលពី​ឆ្នាំ​ ២០១៩​៕​