នៅទីបំផុតការប្រារព្ធកម្មវិធីល្ខោនខោលលើកទី២ក្នុងខេត្តស្វាយរៀងនៅចុងខែមីនានេះត្រូវបានសម្រេចពន្យាពេលហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ ១៩ជាសហគមន៍។
យោងតាមសេចក្ដីប្រកាសដែលបានបង្ហោះតាមផេកហ្វេសប៊ុកផ្លូវការរបស់យុវជនល្ខោនខោលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ការផ្អាកនេះគឺដោយសារស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃការីករាលដាលកូវីដ១៩ជាសហគមន៍ និងដើម្បីបង្ការការរីករាលដាលបន្ត និងកាត់បន្ថយការឆ្លងជាសកលដោយប្រការណាមួយ។
លោកខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលបាននិយាយថា រាត្រីល្ខោនខោលលើកទី២នេះ ប្រារព្ធឡើងដើម្បីចូលរួមផ្សព្វផ្សាយ និងអភិរក្សនូវទម្រង់ល្ខោនខោល ល្ខោនឬរបាំផ្សេងៗទៀតឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដាខេត្ត។
ការរៀបចំនេះជាលើកទី១ ដែលក្រុមយុវជនល្ខោនខោលបានរៀបចំឡើងកន្លងទៅក្នុងឆ្នាំ២០២០ បានទាក់ទាញអ្នកទស្សនាប្រមាណ ២០០០នាក់៕