ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលមានអក្សរកាត់ថា «គកក» និងមានឈ្មោះជាអក្សរឡាតាំងថា Cambodia Reform Party របស់លោកអ៊ូ ចាន់រ័ត្ន ដែលមានទីស្នាក់ការកណ្តាលនៅខេត្តបាត់ដំបង់។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កាសម្រេចអនុញ្ញាតឲ្យលោក អ៊ូ ចាន់រ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា បង្កើតគណបក្សនយោបាយផ្អែកតាមបញ្ញត្តិមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយក្រសួងក៏បានស្នើឲ្យតំណាងស្ថាបនិកគណបក្សធ្វើការផ្លាស់ប្តូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដែលមាននៅក្នុងសញ្ញាសម្គាល់របស់បក្ស ដោយសារនេះដូចគ្នានឹងបាវចនារបស់អតីតគណបក្សប្រឆាំងដ៏ធំដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ ២០១៧។
លោកអ៊ូ ចាន់រ័ត្ន បានប្រាប់ Newsroom Cambodia ថាពួកគាត់បានរង់ចាំអស់រយៈជាង៣ឆ្នាំហើយដើម្បីឲ្យមានដំណោះស្រាយនយោបាយពីអន្តរជាតិ ឬពីថ្នាក់ដឹកនាំកំពូលៗ ប៉ុន្តែមិនឃើញទាន់មានដំណោះស្រាយណាមួយដែលអាចចេញទៅរួចនោះទេ។
លោកបានបន្ថែមទៀតថា លោកធ្លាប់បានតស៊ូមតិតាមបណ្តាញសារព័ត៌មាន និងធ្វើសេចក្តីថ្លែងការណ៍ ឬធ្វើកិច្ចការជាមួយអង្គទូតមួយចំនួនដើម្បីស្នើសុំស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ប៉ុន្តែមិនទាន់ឃើញមានលទ្ធផល ដូច្នេះលោកថាដើម្បីឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈបង្កើតគណបក្សនយោបាយថ្មីមួយនេះដោយសង្ឈឹមអាចបង្រួបង្រួមនិន្នាការគណបក្សប្រឆាំងឲ្យចូលរួមប្រកួតប្រជែងបែបលទ្ធិប្រជាធិបតេយ្យឡើងវិញបាន។
លោកបានអះអាងថា៖ «គណបក្សកាន់អំណាចខ្លួនឯងក៏ត្រូវតែមានកាតព្វកិច្ចភារៈកិច្ចក្នុងការស្តារលទ្ធិប្រជាធិបតេយ្យផងដែរ ជាពិសេសស្ថាប័នបោះឆ្នោត(គជប) ត្រូវតែជាទំនុកចិត្តដល់មហាជន និងត្រូវបើកឲ្យមានវប្បធម៌សន្ទនានយោបាយណាមួយរវាងខ្មែរ និងខ្មែរម្តងទៀត»។
កញ្ញាលី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បាននិយាយថាកម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺមានន័យថាមានបក្សច្រើននៃការប្រគួតប្រជែងគ្នាក្នុងការបោះឆ្នោត ប៉ុន្តែប្រសិនបើងាកមកមើលស្ថានភាពសព្វថ្ងៃទាក់ទងទៅនឹងអតីតគណបក្សសង្គ្រោះជាតិ ឃើញថាមានការបំបែកខ្លួនមួយចំនួនរបស់មន្ត្រីជាន់ខ្ពស់ដែលមកបង្កើតគណបក្សនយោបាយផ្សេងៗ។
កញ្ញាបន្ថែមទៀតថា ជាសិទ្ធិរបស់គណបក្សនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងសេរីភាពដែលមានទស្សនៈវិស័យផ្សេង និងយុទ្ធសាស្រ្តផ្សេងក្នុងការដឹកនាំប៉ុណ្ណោះ តែយើងឃើញថាហាក់បីដូចជាមិនទាន់ការគាំទ្រពីមេធំៗរបស់អតីតគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខានោះទេ។
«ការបង្កើតគណបក្សនយោបាយគឺបង្កើតដើម្បីប្រគួតប្រជែងគ្នាក្នុងការបោះឆ្នោត ហើយទទួលបានសម្លេងឆ្នោតទាំងអស់នោះទៅអង្គុយក្នុងសភាដើម្បីធ្វើកិច្ចការងារជូនប្រទេសជាតិ ក៏ដូចជាការដោះស្រាយបញ្ហាជូនពលរដ្ឋ ឬក៏ការបង្កើតច្បាប់គោលនយោបាយជាដើម»៕