ក្រសួងសុខាភិបាលកម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​​ថា គិតត្រឹមម៉ោង​៧:០០នាទីព្រឹក នៃថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ករណីអ្នកឆ្លងវីរុសកូវីដ​១៩ថ្មី មានចំនួន ៧៣នាក់ និង​មាន​ករណី​អ្នកជាសះស្បើយ ចំនួន​១៧នាក់។

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​២២ ខែមីនា​នេះ​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ គឺជាអ្នកធ្វើដំណើរចូល​មក​កម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ និង៧១នាក់​ផ្សេងទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែល​ក្នុង​នោះមា​ន​ជន​ជាតិ​​ចិន ៤នាក់ និងខ្មែរ ៦៧នាក់។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​បន្ថែម​ថា​ ស្រ្តីជនជាតិឥណ្ឌូនេស៊ី បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និងបានសា្នក់ខេត្តព្រះសីហនុ។ លទ្ធផល​ធ្វើ​តេស្ដសំណាក​របស់​ស្ត្រីទាំង​២នាក់នេះ គឺ វិជ្ជមានវីរុសកូវីដ-១៩។ សម្រាប់កន្លែងសម្រាកព្យាបាល ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេលក្រោយ។

ចំណែក​​អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៣២នាក់ ក្រសួង​បញ្ជាក់ថា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ៧នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៥នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​៣នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកជ័យជំនះ​ខេត្តកណ្ដាល​១នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប និង​២១នាក់​ផ្សេងទៀត ក្រសួង​នឹង​ជូន​ដំណឹង​បន្ត​នៅ​ពេល​ដែល​បាន​កន្លែង​សម្រាក​ព្យាបាល។

គិតត្រឹមថ្ងៃទី២២​ ខែមីនា កម្ពុជា​មានអ្នកកើតជំងឺ​កូវីដ​១៩ សរុបចំនួន ១,៧៥៣នាក់ អ្នក​ជា​សះ​ស្បើ​យចំនួន​៩៦៧នាក់ និងអ្នកស្លាប់​៣នាក់៕​